ខេត្តរតនគិរី ៖ បុរសម្នាក់ទៅបិទកុងតាក់ភ្លើងបូមទឹកមិនប្រយ័ត្ន ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗតែម្ដង ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា នៅចំណុចស្ថានីយប្រេងឈ្មោះលីណា ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ សាច់ញាតិជនរងគ្រោះប្រាប់ឲ្យដឹងថា ខណៈពេលកំពុងអង្គុយមើលប្រដាល់តាមទូរទស្សន៍ជុំគ្នានោះ ជនរងគ្រោះបានងើបដើរទៅកន្លែងអណ្តូងបូមទឹកដែលមានចម្ងាយប្រហែល១០ ម៉ែត្រពីកន្លែងមើលទូរទស្សន៍ ដោយលូកដៃទៅបិទកុងតាក់ គឺភ្លើងបានឆក់ស្លាប់ភ្លាមៗតែម្តង។
ទោះបីមានការជួយសង្គ្រោះពីសាច់ញាតិហៅក្រុមគ្រូពេទ្យមកធ្វើការ ពិនិត្យភ្លាមៗក៏មិនអាចជួយសង្គ្រោះជនរងគ្រោះបានដែរ។ សាច់ញាតិជនរងគ្រោះខាងលើបន្តឲ្យដឹងទៀតថាជនសង្គ្រោះជាមនុស្ស សុភាពរាបសា ឧស្សាហ៍ធ្វើការងារ ហើយត្រូវជាក្មួយម្ចាស់ស្ថានីយប្រេងទៀតផង ដោយរស់នៅជាមួយពួកគាត់ប្រមាណជាង១០ឆ្នាំមកហើយ។ លោក សួន សាវុធ មេប៉ុស្តិ៍នគរបាលសង្កាត់កាចាញប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អុល សាវុធ អាយុ២៩ឆ្នាំ មុខរបរចាក់សាំងនៅស្ថានីយប្រេងខាងលើ ហើយជនរងគ្រោះនេះត្រូវជាក្មួយម្ចាស់ស្ថានីយប្រេងលីណា នេះតែម្តង។ សពជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅធ្វើបុណ្យនៅស្រុកស្វាយអ ន្ទរ ខេត្តព្រៃវែង ដោយសេចក្តីទុក្ខក្រៀមក្រំ៕