ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បងប្អូន​បង្កើត ក្រោយ​វាយ​បុរស​ម្នាក់​ឲ្យ​របួស​

30-May-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ សហ​ការណ៍​ជាមួយ​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ បងប្អូន​បង្កើត​នឹង​គ្នា ដែល​ម្នាក់​ជាជាង​ជួសជុល​ទូរស័ព្ទ និង​ម្នាក់​គឺជា​អ្នករត់​ម៉ូត​ឌុប ដែល​បានធ្វើ​សកម្មភាព​ព្រួត​វាយ​ទៅលើ​បុរស​ម្នាក់​ដែលជា​ម៉ូយ យក​ស្ពី​ក​ឃ័​រ​ទៅ​ជួសជុល ហើយ​មានទំនាស់​គ្នា កើតឡើង​កាលពី​១​សប្ដាហ៍​មុន បណ្ដាល​ឲ្យ​ជនរងគ្រោះ រងរបួស​យ៉ាងធ្ងន់ធ្ងរ រហូតដល់​ដេកពេទ្យ ។​
​ក្រោយពី​ការចាប់ខ្លួន នគរបាល​រកឃើញថា ជនសង្ស័យ​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ​។ ការចាប់ខ្លួន​នោះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ម្នាក់​ឈ្មោះ ស៊ឹម ស៊ីថា អាយុ​២៦​ឆ្នាំ ត្រូវជា​ប្អូន​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ និង​ម្នាក់ទៀត​ឈ្មោះ ស៊ឹម សេង​លី អាយុ​៣២​ឆ្នាំ ត្រូវជា​បង មុខរប​រត់​ម៉ូតូឌុប មាន​ប្រពន្ធ​កូន​២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ ជាមួយគ្នា​នោះដែរ​។​
​ដោយឡែក​ជនរងគ្រោះ​មានឈ្មោះ អ៊ុយ សា​រុំ អាយុ​៤២​ឆ្នាំ មុខរប​ជា​សន្តិសុខ មាន​ទីលំនៅ​ក្នុងភូមិ​អំពិល ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង និង​ស្នាក់នៅ​ជិត​កន្លែងកើតហេតុ រងរបួស​បែកក្បាល និង​ខ្លួនប្រាណ​យ៉ាងធ្ងន់ធ្ងរ ដែល​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់បាន​ធូរស្រាល​នៅឡើយ​។ មន្ត្រី​ប៉ូ​នគរបាល​ម្នាក់​បាន​និយាយថា អំពើហិង្សា​រហូត​បង្ក​ឲ្យ​មាន​អ្នករងរបួស​នោះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ខាងលើ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង​នោះ ដែល​នៅមុន​ពេល​កើតហេតុ​មួយ​សប្ដ​ហ៍​មុនពេល​មានទំនាស់​នោះ ជនរងគ្រោះ​បាន​បាន​យក​ទូរស័ព្ទ និង​ស្ពី​ក​ឃ័​រ​ទៅ​ឲ្យ​ជនសង្ស័យ​ឈ្មោះ ស៊ឹម ស៊ីថា ធ្វើការ​ជួសជុល​ឲ្យ ប៉ុន្តែ​ប្រើ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​បាន​ខូច​ទៅវិញ​។ រហូតដល់​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ទៅ​សួរនាំ​បង្ក​ឲ្យ​មានទំនាស់​គ្នា​កើតឡើង និង​ឈានដល់​ការ​វាយតប់​គ្នា ដោយ​ជនសង្ស័យ​រួម​នឹង​បងប្រុស​របស់ខ្លួន​ឈ្មោះ ស៊ឹម សេង​លី បាន​ប្រើ​ដំបង​ដែក​បំពង់​ទីប វាយ​សំពង​ជនរងគ្រោះ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ។​

​បន្ទាប់មក​បាន​រត់គេច​ខ្លួន ចំណែក​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ រហូតដល់​ពេលនេះ​ទើប​នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​បាន​។ ក្រោយពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំងនោះ​រួមទាំង​វត្ថុតាង ដែលជា​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ដែល​ដកហូត​បាន​ត្រូវ ត្រូវ​សមត្ថកិច្ច នាំទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​ចោមចៅ ហើយ​ជន​នោះបាន​សារភាពថា ពួកគេ​ពិតជា​បាន​វាយ​ជនរងគ្រោះ​ប្រាកដ​មែន ។ ដោយនៅ​ក្នុងពេលនោះ ជនរងគ្រោះ​ខាងលើ​បាន​ទៅរក​រឿង​គេ​ខ្លួន​ដល់ផ្ទះ និង​បាន​យក​ពូថៅ​ទៅ​កាប់​ទ្វារផ្ទះ​ពួកគេ​ទៀត ទើប​អត់ទ្រាំ​មិនបាន​ក៏បាន​នាំគ្នា​តដៃ​វិញ​ដើម្បី​ការពារ​ខ្លួន​តែ ប៉ុណ្ណោះ​។ ពេលនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ចាត់ការ តាមផ្លូវ​ច្បាប់ ហើយ​ជនសង្ស័យ​ទាំងនោះ ក្រៅពី​ទោស​បង្ក​របួសស្នាម ក៏​នៅ​មានទោស​មួយទៀត​គឺ​ប្រើប្រាស់​គ្រឿងញៀន​៕

ចំនួនអ្នកទស្សនា

    20557177

  • ថ្ងៃនេះ13761
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92841
  • ខែនេះ114721
  • ឆ្នាំនេះ114721
  • សរុប20557177