ខេត្តក្រចេះ ៖ ក្មេងទំនើង៥នាក់ក្នុងចំណោមជាង២០នាក់ដែលកម្លាំងអាវុធហត្ថក្រុង ឃាត់ខ្លួនយកមកអប់រំ ខណៈពួកគេប្រដាប់ដោយដាវ កាំបិត និងព្រនង់បម្រុងបង្កការវាយតប់គ្នា នៅពេលនេះពូកគេបានកែប្រែអត្តចរិតហើយ ក្រោយពីបានដោះលែង និងការតាមឃ្លាំមើល ។
លោក ផាន សុភក្កវាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ បានឲ្យដឹងនៅថ្ងៃទី៣០ឧសភានេះថា ក្រោយពីមានការឃាត់ខ្លួនអប់រំ ធ្វើកិច្ចសន្យានៅមុខសមត្ថកិច្ច ដោយតម្រូវឲ្យមានការក្រាបសំពះដល់បាតជើងរឪពុកម្តាយ ពួកគេទាំង៥នាក់បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ។ រយៈពេលជាង១សប្តាហ៍មកនេះ គឺពួកគេបានកែអត្តចរិកឡើងវិញ ក្រោយពីមានការតាមឃ្លាំមើលរបស់សមត្ថកិច្ច ។
មន្ត្រីអាវុធហត្ថក្រុងក្រចេះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថបានធ្វើការបង្ក្រាបក្មេងទំនើងបានចំនួន៥នាក់ ក្នុងចំណោមជាង២០នាក់ ខណៈដែលពួកគេទាំងនោះកំពុងតែប្រមូលផ្តុំគ្នាប្រដាប់ដោយដាវ កាំបិត និងព្រនង់ បម្រុងវាយតប់គ្នា ។
មន្ត្រីអាវុធហត្ថក្រុងក្រចេះបានឲ្យដឹងទៀតថា ក្មេងទំនើងទាំង៥នាក់នេះសុទ្ឋសឹងជាសិស្សមានទីលំនៅក្នុងក្រុង ក្រចេះ ។
ក្រោយពីមានការឃាត់ខ្លួនមកអប់រំរួចមក សមត្ថកិច្ចក៏តម្រូវឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យានៅនិងមុខ សមត្ថកិច្ច ជាងនេះទៅទៀតតម្រូវឲ្យយុវជនទាំង៥នាក់ត្រូវក្រាបសំពះបាតជើងឱ ពុកម្តាយរៀងៗខ្លួន ដើម្បីជាការសុំទោសពួកគាត់នូវរាល់កំហុសឆ្គងរបស់ពួកគេ ដែលបានធ្វើឡើងខុសពីច្បាប់របស់សង្គម ។
សមត្ថកិច្ចអះអាងថា ក្រុមយុវជនទាំង៥នាក់ក្រោយការដោះលែងក៏ស្ថិតក្រោមការតាមដានរបស់ អាជ្ញាធរ និងបានពិនិត្យឃើញថា ពួកគេបានកែអត្តចរិកចូលរៀនតាមធ្មតា ហើយក៏មិនដែលបង្កភាពចលាចលអ្វីទៀតនោះទេ ៕