ក្រុមចោរ​ប្រដាប់អាវុធ​៤​នាក់​ចូល​ប្លន់​ផ្ទះ​ដេប៉ូ​លក់​ឈើ​មួយកន្លែង​នៅ​ភូមិ​ស្រែ ស្ពៃ ឃុំ​គង​ជ័យ​

30-May-2016 | ដោយ មែន កំសត់



​ខេត្ត​ត្បូងឃ្មុំ ៖ ក្រុមចោរ​ប្រដាប់អាវុធ​៤​នាក់ ក្នុងនោះ​មាន​អាវុធ​វែង​១​ដើម និង​ខ្លី​៣​ដើម បានធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ​ដេប៉ូ​លក់​ឈើ​មួយកន្លែង​នៅ​ភូមិ​ស្រែ ស្ពៃ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូង​ឃុំ កាលពី​វេលា​ម៉ោង​ប្រហែល​៨​យប់ ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦ ដោយ​ប្រមូល​យកលុយ​ដុល្លារ​ប្រមាណ​៣​ម៉ឺន​ដុល្លារ លុយ​ខ្មែរ​៤០​លាន​រៀល និង​គ្រឿងអលង្ការ ព្រមទាំង​ទ្រព្យសម្បត្តិ​អស់​ជាច្រើន ។​

​ប្រភពពី​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា ម្ចាស់​ដេប៉ូ​ឈើ​រងគ្រោះ​ឈ្មោះ ស្រ៊ី សុផល ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ស៊ុយ វាន់​នី រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។​
​បើតាម​សំដី​កូនប្រុស​ម្ចាស់ផ្ទះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា ក្រុមចោរ​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​អាវុធ​វែង​១​ដើម និង​ខ្លី​៣​ដើម បាន​ចូលមក​ធ្វើ​សកម្មភាព​ប្លន់ ដោយ​ចាប់​ម្ចាស់ផ្ទះ​ប្រុសៗ​៤​នាក់​ចង​និង​ខ្សែលួស ចំណែក​ស្រីៗ​២​នាក់​មិនបាន​ចង​ទេ ហើយ​បាន​ប្រើ​កន្ត្រៃ​កាត់​យក​គ្រឿងអលង្ការ ព្រមទាំង​ប្រើ​ញញួរ​ធំ​វាយ​បំបែក​ទូរ​ដែក​រួច​ប្រមូលយក​មាស ប្រាក់ និង​ទ្រព្យសម្បត្តិ​មានតម្លៃ​យក​ទាំងអស់ រួច​គេចខ្លួនបាត់​តែម្តង ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត និង​លោក​វរសេនីយ៍ឯក ប្រាក់ ប៊ុន​ណុន ស្នងការរង ទទួលបន្ទុក​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី​៣០​ឧសភា​នេះ បាន​ដឹកនាំ​កម្លាំង​ចុះទៅពិនិត្យ និង​ស្វែងរក​ភស្តុតាង​ដែល​បាន​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​ដើម្បី​កំណត់ មុខសញ្ញា និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់ ។​

​សូមបញ្ជាក់ថា ទាំង​ប៉ូលិស និង​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ កំពុងតែ​ដុតដៃដុតជើង កំណត់​មុខសញ្ញា ដើម្បី​ឈានទៅ​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕

ចំនួនអ្នកទស្សនា

    20559407

  • ថ្ងៃនេះ1801
  • ម្សិលមិញ14181
  • សប្តាហ៍នេះ1801
  • ខែនេះ116951
  • ឆ្នាំនេះ116951
  • សរុប20559407