ពោធិ៍សាត់៖ បុរសម្នាក់ បានលង់ទឹកស្ទឹងពោធិ៍សាត់ស្លាប់ ខណៈចុះងូតទឹកស្ទឹងពោធិ៍សាត់ ដោយហែលទាំងកម្រោល កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចចុងកោះសំពៅមាស ស្ថិតក្នុងភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហួរ អាយុប្រហែល ៥០ឆ្នាំ ជាអាជីវករលក់ដូរ រស់នៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ប្រភពបានបន្តថា ជនរងគ្រោះជានិច្ចជាកាលធ្លាប់មានវិបត្តិក្នុងគ្រួសារ ហើយតែងតែផឹកស៊ីស្រវឹងជោគជាំ ជារៀងរៀងរាល់ថ្ងៃ។
នាថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស៊ីស្រវឹងដូចសព្វមួយដង ហើយបានទាស់មាត់ទាស់សម្តីជាមួយគ្រួសារ រួចក៏ដើរទៅងូតទឹកស្ទឹងពោធិ៍សាត់ ដោយហែលទាំងកម្រោលរហូតដល់ដាច់ខ្យល់ស្លាប់ ក្នុងស្ទឹងតែម្តង។
បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារ ស្រង់យកទៅធ្វើបុណ្យតាមប្រពៃណី៕