ខេត្តមណ្ឌលគិរី ៖ សកម្មភាពដឹកជញ្ជូនឈើប្រណីត នៅតែមានសកម្មភាពដូចទឹកបាក់ទំនប់នាភាគឦសានប្រទេស ទោះមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យបិទគ្រប់ច្រករត់ពន្ឋឈើគ្រប់កន្លែងក៏ដោយ តែអាជ្ញាធរពាក់ព័ន្ឋជាពិសេសមន្ត្រីជំនាញ ក្នុងមូលដ្ឋានដែលសម្បូរព្រៃឈើ មិនបានយកចិត្តទុកដាក់អនុវត្តន៍និងគោរព បទបញ្ជារបស់ថ្នាក់ដឹកនាំឡើយ គឺស្ថាប័នខ្លះគ្រាន់តែ អនុវត្តន៏បានមួយដង្ហើមចង្រឹត ក៏ស្ងាត់ដូចចោរលួចសេះ សង្ស័យមន្ត្រីទាំងនោះទទួលបានលាភសក្ការៈ។
ជាក់ស្តែងសកម្មភាពរកស៊ីឈើប្រណិតនឹងឈើលេខមួយ រួមនិងប្រភេទឈើចម្រុះជាច្រើន ត្រូវបានក្រុមឈ្មួញធ្វើការដឹកជញ្ជូនដោយគ្មានលស់មួយថ្ងៃ ។ សេចក្តីរាយការណ៏បានឲ្យដឹងថា ឈើប្រណីតដូចជាធ្នង់ បេង និងនាងនួន ក្រុមឈ្មួញបានដឹកយកទៅលក់ឲ្យថៅកែនៅខេត្តរតនគិរី ឬថៅកែយួនដែលចូលមកទិញឈើប្រណីតទាំងនោះដល់ស្រុកកោះញែកតែម្តង ទើបជួលឲ្យរថយន្តតាក់ស៊ីដឹកបន្តទៅព្រំដែនអូយ៉ាដាវ ក្នុងខេត្តរតនគិរី។
ប្រភពបន្តថា ឈ្មួញដែលកំពុងមានសកម្មភាពខ្លាំងជាងគេ នឹងមានឥទ្ឋិពលលើសមត្ថកិច្ចស្ទើរគ្រប់ស្ថាប័ន នោះមានឈ្មោះ ពៅ ដែលជាប់ការពាក់ព័ន្ឋជាមួយអាវុធហត្ថស្រុកកោះញែក តែម្តង ។ ឈ្មួញឈ្មោះ ពៅ បាននិយាយកាលពីថ្ងៃទី២៩ ឧសភា ២០១៦ នៅចំណុចជិតកន្លែងលាក់ឈើមួយកន្លែងក្នុងភូមិឆក់ដែក ឃុំស្រែសង្គម ស្រុកកោះញែក ថា រូបគេមិនខ្លាចសមត្ថកិច្ចចាប់ឈើរបស់ខ្លួនឡើយ ទោះបីគេ(ឈ្មោះ ពៅ) បានប្រើដៃជើងរបស់ខ្លួនឲ្យលើកឈើដាក់រថយន្តកណ្តាលថ្ងៃក៏ដោយ ព្រោះខ្លួនបានបង់លុយប្រចាំខែដល់គ្រប់ស្ថាប័នសមត្ថកិច្ចទាំងអស់ ទាំងសមត្ថកិច្ចខេត្តមណ្ឌលគិរី និងសមត្ថកិច្ចខេត្តរតនគិរី ។ មិនត្រឹមតែមិនខ្លាចសមត្ថកិច្ចនោះទេ ឈ្មួញរកស៊ីឈើដុះស្លែឈ្មោះ ពៅ ថែមទាំងបានពោលពាក្យ ប្រមាថដល់ស្ថាប័នសារព័ត៌មានថា បើហ៊ានរឹងទទឹងជាមួយខ្លួនគេគេនឹងបើកឡានបំបុកដោយមិនខ្លាចឡើយ ។ ហើយឈ្មួញថ្លើមពាសមេឃម្នាក់នេះ ក៏បាននិយាយបញ្ជាក់ទាំងកំហឹងថា ដូចដឹងស្រាប់ហើយថា នៅខេត្តរតនគិរីមានមួយករណីហើយ (ប្រហែលជាករណីវាយអ្នកកាសែតកាលពីប៉ុន្មានខែមុន) គេមិនចង់មានរឿងម្តងទៀតទេ។
ការលើកឡើងរបស់ឈ្មួញរកស៊ីឈើខាងលើ អាចបញ្ជាក់ពីអំណាចនិងឥទ្ឋិពលដ៏អស្ចារ្យរបស់គេ ថា អ្នកណាក៏មិនអាចប៉ះពាល់គេបានដែរ ទោះសមត្ថកិច្ចក៏ដោយ ព្រោះសមត្ថកិច្ចត្រូវថ្នាំសណ្តំអស់ហើយ ម្យ៉ាងគេជាប់ខ្សែស្រឡាយជាមួយកម្លាំងប្រដាប់អាវុធទៀត ត្បិតថ្ងៃដែរឈ្មួញឈ្មោះពៅខាងលើ ទៅនិយាយប្រមាថដល់សមត្ថកិច្ច និងអ្នកកាសែត គេឃើញឈ្មោះ ពៅ នេះបានបើករថយន្តសេរីបាឡែន ពណ៌ស របស់កូនលោក រស់ បញ្ញា មេបញ្ជាការអាវុធហត្ថស្រុកកោះញែក និងក៏មានវត្តមានរបស់កូនលោកមេបញ្ជាការ នៅក្នុងរថយន្តនោះផងដែរ។ ចំណែករថយន្តបាឡែនដែលឈ្មួញឈ្មោះ ពៅ ជិះមកសំឡុតអ្នកកាសែដែលកំពុងថតសកម្មភាពលើកឈើរបស់គេនោះ គឺមិនមានបំពាក់ស្លាកលេខទេ តែមានបិទស្កុតពណ៌សនៅកញ្ចក់ក្រោយ។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួនរស់នៅស្រុកកោះញែកបានឲ្យដឹងថា ក្នុងស្រុកនេះអ្នករកស៊ីឈើមិនមានជនសាមញ្ញាហ៊ានរកស៊ីទេ អ្នករកស៊ីឈើសុទ្ឋតែជា មន្ត្រីមានមុខមាត់ និងមានអំណាចបុណ្យស័ក្តិក្នុងមូលដ្ឋាន ទើបរកស៊ីបាន ។ បើប្រជាជនហ៊ានចេញមុខរកស៊ីច្បាស់ជា ត្រូវគេចាប់បង្ក្រាបភ្លាមៗ មិនចាំស្អែកឡើយ ដើម្បីបានស្នាដៃជូនថ្នាក់លើមើលលេងកម្សាន្ត ។
ក្រុមអ្នកតាមដានបទល្មើសព្រៃឈើ បានស្នើរដល់អង្គភាពជំនាញមេត្តា ចុះពិនិត្យនឹងដុះក្អែលមន្ត្រីខិលខូចទាំងនោះចេញម្តងទៅ ដើម្បីកុំឲ្យខូចឈ្មោះដល់មន្ត្រីល្អៗដទៃទៀតដែលខិតខំបំពេញការងារ ។ ជាពិសេសសូមអាជ្ញាធរស្រុកកោះញែក ត្រូវចាត់វិធានការបន្ទាន់ចំពោះឈ្មួញឈើឈ្មោះ ពៅ ដែលកំពុងប្រើសិទ្ឋអំណាច ពាក់ស្បែកខ្លាដើរគំរាមសមត្ថកិច្ចមិនឲ្យពាក់ព័ន្ឋ លូកដៃបង្ក្រាបរបររកស៊ីឈើរបស់ខ្លួនបែបនេះ ដែលជាសកម្មភាពផ្ទុយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ចំណែកមន្ត្រីដែលពាក់ព័ន្ឋជាមួយឈ្មួញរកស៊ីឈើឈ្មោះ ពៅ ក៏ល្មមដល់ពេលបញ្ឈប់សកម្មភាពរបស់ខ្លួនផងដែរ ត្បិតប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងស្រុកកោះញែក ជាពិសេសសូម្បីក្រុមអ្នកសារព័ត៌មាននានា ក៏បានដឹងនឹងស្គាល់ឈ្មោះអស់លោកច្បាស់ដែរ គ្រាន់តែមិនចង់បញ្ចេញ ទុកពេលឲ្យឈប់ធ្វើសកម្មភាពខុសច្បាប់ទាំងនោះទៀត៕