ភ្នំពេញ ៖ បុរសម្នាក់ដែលបានបៀមឈើចាក់ធ្មេញរហូតដេកលក់ហើយលេបចូលក្នុងពោះ បណ្តាលឱ្យឈើចាក់ធ្មេញចាក់ធ្លាយពោះវៀន រហូតហូរទឹកអាស៊ីតរលាកពេញស្រោមពោះហើយមានអាការៈចុកពោះយ៉ាងខ្លាំង ត្រូវបានក្រុមគ្រួសារនាំមកមន្ទីរពេទ្យជោរៃព្យាបាល។
នៅវេលាម៉ោង ២ រសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះលោកស្រីវេជ្ជបណ្ឌិត ឯកទេសតវះកាត់ទូទៅ ង្វៀន ធិ ម៉ាយឡិញ និងលោកវេជ្ជបណ្ឌិត ជិន ហ្វឿក ឡុក ឯកទេសផ្នែកដាក់ថ្នាំសណ្តំ ព្រមទាំងក្រុមបេសកម្ម មកពីមន្ទីរពេទ្យ ចឺរី វៀតណាម បានធ្វើការវះកាត់ឆ្លុះ (Laparoscopic surgery) ចាប់យកឈើចាក់ធ្មេញ ដែលអ្នកជម្ងឺបានលេបចូលទៅក្នុងពោះ ចាក់ធ្លាយពោះវៀន ធ្វើឱ្យទឹកអាស៊ីតរំលាយអាហារក្នុងពោះវៀនហូរចេញ រលាកពេញស្រោមពោះ ។
អ្នកជម្ងឺមានអាការៈចុក និងហើមពោះ ក្តៅរងារញាក់ ពិបាកទ្រាំ បានមកកាន់មន្ទីរពេទ្យ ហើយសង្គ្រោះទាន់ពេលវេលា ។ ក្នុងករណីនេះ បើគ្រូពទ្យពុំធ្វើការវះកាត់ទាន់ពេលវេលាទេ អ្នកជម្ងឺនឹងស្លាប់ក្នុងអាការៈ Peritonitis Septic Shock ។
ទោះជាយ៉ាងណា មន្ទីរពេទ្យមិនបានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះទេ។
លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់ប្រិយមិត្តមេត្តាប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ឈើចាក់ធ្មេញ រហូតដល់គេងលង់លក់ បណ្តាលឱ្យលេបចូលទៅក្នុងពោះ ដោយមិនដឹងខ្លួន ។មន្ទីរពេទ្យជោរៃ បានជួបករណីនេះជាលើកទីពីរហើយ ៕