រាជធានីភ្នំពេញ ៖ ស្ត្រីកោសជប់-ម៉ាស្សា២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាម ពាក្យបណ្ដឹងរបស់ជនរងគ្រោះដោយចោទប្រកាន់ថាបានលួចលុយអស់៧០០ ដុល្លារ ។ ការឃាត់ខ្លួនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីដែលជាជនសង្ស័យខាងលើ ម្នាក់ឈ្មោះ អ៊ុំ កន្និកា អាយុ២២ឆ្នាំ មានស្រុកកំណើតនៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ចំណែកម្មាក់ទៀតឈ្មោះ ណាន រុស្សា អាយុ២២ឆ្នាំ រស់នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ។ ទាំងពីរនាក់នោះស្នាក់នៅក្នុងទីតាំងកោសជប់-ម៉ាស្សា ដែលមានទីតាំងនៅភូមិកើតហេតុខាងលើ ។ ដោយឡែកបុរសរងគ្រោះឈ្មោះ ហ៊ែន ទ្រី អា៤២ឆ្នាំ ជនជាតិនីហ្ស៊េរីយ៉ា ស្នាក់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ បុរសជន ជាតិស្បែកខ្មៅម្នាក់នោះបានផឹកស្រាស្រវឹង ហើយបានចូលទៅម៉ាស្សានៅក្នុងហាងមួយអត់យីហោ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង លុះពេលម៉ាស្សារួចចេញមកវិញទើបដឹងថាបាត់លុយអស់ចំនួន៧០០ដុល្លារ ក៏បានទៅប្ដឹងប៉ូលិសឲ្យជួយអន្តរាគមន៍ ។ ខណៈនោះប៉ូលិសប៉ុស្ដិ៍ចោមចៅបានចុះទៅរកទីតាំងកោសជប់ម៉ាស្សានោះ ទាំងយប់ភ្លាមៗដែរ ប៉ុន្តែរកមិនឃើញទេ ដោយសារបុរសរងគ្រោះនេះស្រវឹងខ្លាំងមិនចាំកន្លែង រហូតដល់វេលាព្រឹកថ្ងៃទី១ ខែឧសភា ទើបរកឃើញកន្លែងកោសជប់-ម៉ាស្សានោះហើយមកនាំប៉ូលិសទៅធ្វើការ ចាប់ខ្លួនស្ត្រីសង្ស័យខាងលើនោះដើម្បីសាកសួរ ៕