ខេត្តឧត្តរមានជ័យ ៖ ហេតុការណ៍ដ៏អកុសលមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ប្រហែល៨ព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ដោយបុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួននៅ ក្នុងផ្ទះរបស់ខ្លួនឯងបន្ទាប់ពីបានវាយប្រពន្ធនិងកូនរួច ។
ប្រភពពីអ្នកជិតខាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជីម ចិត្ត អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះ ជា មុំ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិស្លានមាស ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ប្រភពពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៣០ឧសភាមុនកើតហេតុ១ថ្ងៃ មិនដឹងជាយ៉ាងម៉េចទេស្រាប់តែប្តីរបស់គាត់បានសុំវ៉ៃគាត់និងកូន ។ ដោយសារតែប្តីរបស់គាត់ជាមនុស្សមានសតិមិនសូវគ្រប់ យូរៗម្តងមានអាការៈខុសប្រក្រតី ហើយតាំងពីដើមមកប្តីរបស់គាត់មិនដែលវ៉ៃគាត់ទេ ម្យ៉ាងដោយគិតថាប្តីរបស់គាត់មិនវ៉ៃគាត់ទេព្រោះគ្មានរឿងអ្វីផង នោះ រូបគាត់ជាប្រពន្ធក៏សុខចិត្តអង្គុយស្ងៀមឲ្យប្តីវ៉ៃ ស្រាប់តែប្តីរបស់គាត់វ៉ៃគាត់មែន គឺវ៉ៃឡើងបែកក្បាល ។ បន្ទាប់ពីវ៉ៃរួចហើយប្តីរបស់គាត់ក៏សុំទោសគាត់ និងសុំលាងរបួសឲ្យ តែគាត់ប្រកែកមិនព្រមឲ្យលាងឲ្យទេ ហើយក៏ដើរទៅផ្ទះម្តាយដែលនៅជិតនោះឲ្យគាត់ជួយលាងរបួសឲ្យ ។ បន្ទាប់ពីម្តាយលាងរបួសឲ្យហើយ ពេលយប់បន្តិចគាត់ក៏នាំកូនតូចៗត្រឡប់មកផ្ទះវិញស្រាប់តែឃើញ ផ្ទះដាក់គន្លឹះពីខាងក្នុង គាត់ក៏នាំកូនដេកនៅខាងក្រោមផ្ទះទៅ ។
ស្ត្រីជាប្រពន្ធបន្តទៀតថា លុះព្រឹកឡើតមិនឃើញទ្វារផ្ទះបើកសោះ រហូតដល់ម៉ោងកើតហេតុស្រាប់តែឮស្នូរកាំភ្លើងច្នៃផ្ទុះ១គ្រាប់ ចេញពីក្នុងផ្ទះ ពេលនោះគាត់ក៏រត់ឡើងទៅមើលតាមចន្លោះទ្វារស្រាប់តែឃើញប្តីរបស់ គាត់កំពុងប្រកាច់ក្នុងថ្លុកឈាម ក៏ស្រែកហៅអ្នកជិតខាងឲ្យមកជួយ តែហួសពេលទៅហើយប្តីរបស់គាត់បានស្លាប់បាត់ទៅហើយ ។
ស្ត្រីជាប្រពន្ធជនរងគ្រោះបញ្ជាក់ថា ប្តីរបស់គាត់បានសរសេរពាក្យសុំទោសនៅលើក្តាររនាបផ្ទះដែលមាន ខ្លឹមសារទាំងស្រុងថា «ខ្ងុំ សុំទោសផង ខ្ញុំជាអ្នកខុស ជាមនុស្សមិនល្អ ខ្ញុំសមតែស្លាប់ សូមជួយអហោសិកម្មឲ្យខ្ញុំផង ឈប់មានកម្មពារនឹងគ្នាទៀតទៅ ចង់លាកូនក៏លាមិនបានដែរ កូនសម្លាញ់ ប៉ាលាហើយ ប៉ាខុសហើយកូនឲ្យប៉ាសុំទោសផង» ៕