ឃាត់ខ្លួន​ជនល្មើស​ម្ចាស់​ត្រាក់ទ័រ​លួច​ឈូសឆាយ​ព្រៃ​លិច​ទឹក នៅ​តំបន់​២ និង​តំបន់​៣

02-June-2016 | ដោយ មែន កំសត់


​ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​មាន​ត្រាក់ទ័រ​លួច​ឈូសឆាយ​ព្រៃ​លិច​ទឹក នៅ​តំបន់​២ និង​តំបន់​៣ ក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី   អស់​ជាច្រើន​ហិកតា រយៈកាល​កន្លងមក ត្រូវបាន​មន្ត្រីសង្កាត់​ជលផល ជល​គី​រី​បាន​អះអាងថា ពិតជា​មានការ​ដាក់​ត្រាក់ទ័រ​លួច ឈូសឆាយ​ដីព្រៃ​លិច​ទឹក នៅ​តំបន់​នោះ​មែន រហូត​មាន​បង្កើត​គណៈកម្មការ​វាយតំ​ម្លៃ ពី​ការខូចខាត និង​វិធានការ​បង្ក្រាប ឃាត់ខ្លួន​បាន ត្រាក់ទ័រ​២​គ្រឿង និង​មនុស្ស​២​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​មេក្លោង បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​ហើយ ដែល​ពេលនេះ​មនុស្ស​២​នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ និង​មនុស្ស​ម្នាក់ទៀត កំពុង​រត់គេចខ្លួន ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ត្រាក់ទ័រ​ខាងលើ ។​

​ជួប​ជាមួយ អ្នកយកព័ត៌មាន នៅ​ព្រឹក ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ លោក សុង សារឿន នាយ​សង្កាត់រដ្ឋបាល ជលផល ជល​គី​រី បាន​ឲ្យ​ដឹងថា កន្លងមក​បទល្មើស​ឈូសឆាយ ដីព្រៃ​លិច​ទឹក ក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ពិតជា​មាន​មែន ដោយ​កើត​នៅ ក្នុងភូមិ​ពាម​ឆ្កោក មាន​៣​ចំណុច ទី​១​កប់​ចេស ទី​២​ខ្វែង​ឆ្លុះ ទី​៣ វាល​ស្រងែ ។ ចំណែក​ភូមិ​ក្បាល​កន្លង ២​ចំណុច ទី​១ ស្រូ​ង​ស្រ​ទ័យ ទី​២ បាត់​កាំភ្លើង ។​

​លោក​បាន​បញ្ចា​ក់ថា បទល្មើស​ទាំងនេះ​បានកើត​ឡើង នៅមុន​ចូលឆ្នាំ​ខ្មែរ​គឺ​ក្នុង​ខែមេសា តែ​ក្រោយ​ការបង្ក្រាប បាន​ស្ងប់ស្ងាត់​មួយរយៈ ក្រោយមក​ក៏​កើតមាន​ទៀត ទើប​សមត្ថកិច្ច​ចម្រុះ បាន​ឯកភាព បង្កើត​គណៈកម្មការ​មួយ​វាយតម្លៃ ការខូចខាត និង​ស្វែងរក​ចាប់​ជនដៃដល់ យកមក​ផ្តន្ទាទោស​តាមច្បាប់ ។ ជា​លទ្ធផល​ជំហាន​ទី​១ នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ គណៈកម្មការ​ចម្រុះ មាន​ប្រធាន អនុប្រធាន និង​សមាជិក ១៣​នាក់ បាន​ចុះបង្ក្រាប និង​ឃាត់​បាន​ត្រាក់ទ័រ ២​គ្រឿង ដែល​អ្នក បើកបរ​រត់គេចខ្លួន​បាត់ ក្នុងនោះ​ត្រាក់ ទ័​១​គ្រឿង យើង​មិន​ស្គាល់​ម្ចាស់ និង​មួយគ្រឿង​ទៀត ជា​របស់ ឈ្មោះ ទិ​ត្យ អឿន ដោយបាន​យកមក​រក្សាទុក នៅ​រដ្ឋបាល​ជលផល និង​បាន​កសាង​សំណុំរឿង បញ្ជូន ឈ្មោះ​នេះ ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

​ក្រោយមកទៀត ជំហាន​ទី​២ នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដដែល បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព វាស់វែង បោះបង្គោល​ចែក​ព្រំដី​គ្នា ក្នុងនោះ​មាន​ម្នាក់​ជា​មេក្លោង ដុត​ព្រៃ​ហើយ​វាស់​លក់​ឲ្យ​គេ មានឈ្មោះ សូត្រ សេត អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​គ្រី​ជើង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី និង​ម្នាក់ទៀត ជា​អ្នកទិញ ឈ្មោះ ជឿន ធី អាយុ​៣៤ ឆ្នាំ ជា​អ្នក​ចាំ​ទិញ ទាំងពីរ​នាក់ នៅ​ភូមិ ឃុំ​ជាមួយគ្នា និង​ត្រូវបាន​តុលាការ​ឃុំខ្លួន​ហើយ​។ ពាក់ព័ន្ធ​នឹង​ទំហំ​ផ្ទៃដី ព្រៃ​លិច​ទឹក ក្នុង​តំបន់​ពី និង​តំបន់​៣ ក្នុងភូមិ​សាស្ត្រ ឃុំ​ពាម​ឆ្កោក និង​វិធានការ​ចំពោះមុខ របស់​មន្ត្រីជលផល​វិញ ត្រូវបាន​លោកនាយ​សង្កាត់រដ្ឋបាល ជល​គី​រី បញ្ចាក់​ប្រាប់ថា សរុប​ភ្លើង​ឆេះ​ព្រៃ ក្នុង​តំបន់​២ និង​៣ ខាងលើ​មាន​ចំនួន ១៤៧​ហិកតា ២៨​អា ។ ចំណែក​ដីព្រៃ​លិច​ទឹក​ដែល​រង​ការខូចខាត​ដោយ​ការ​ឆូ​ស​ឆាយ ដោយ​ត្រាក់ទ័រ វិញ​មាន​ចំនួន ៦៣​ហិកតា ៦៥​អា ។​
​លោក​សុង សារឿន បានបញ្ជាក់​ទៀត ថា បន្ទាប់ពី​មានការ​បង្ក្រាប យ៉ាង​ក្តៅគគុក​រួចមក បទល្មើស​ឈូស ឆាយដី​ព្រៃ​លិច​ទឹក នៅ​តំបន់​នោះ​បច្ចុប្បន្ន មាន​សភាព​ស្ងប់ស្ងាត់​វិញ​ហើយ  ។ រីឯ​វិធានការ​ចំពោះមុខ យើង​បាន​ប្រជុំ ជាមួយ​គណៈ​បញ្ជារ​ការឯកភាព​ស្រុក ពិសេស​មេឃុំ​ដែល​ពាក់ព័ន្ធ​ដោយ​ប្រើប្រាស់​កម្លាំង​ប្រជា​ការពារ និង​សហគមន៍​នេសាទ ដើម្បី​រួមគ្នា​ការពារ​ព្រៃ​លិច​ទឹក​ដែល​នៅ​សេសសល់ និង​ក្រៅពីនោះ បានធ្វើ​ការបោះ​ស្លាក​ការពារ ហាម​កាប់ និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ផងដែរ​។ គួរ​រំ​ឮ​កថា បទល្មើស​លួច​ដុត​ព្រៃ​លិច​ទឹក បន្ទាប់​លួច​ឈូសឆាយ យក​ធើ្វ​ជា​កម្មសិទ្ធិ បានកើត​ឡើងជា​ហូរហែរ នៅ​ស្រុក​មួយចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង មានស្រុក បរិបូរ​ណ៌ ស្រុក​កំពង់លែង និង​ចុងក្រោយ​កើតឡើង​នៅ​ស្រុក​ជល​គី​រី  ប៉ុន្តែ​ការបង្ក្រាប របស់​មន្ត្រី​ជំនាញ ហាក់​បាន​ដើរ​យឺត​មួយ​ជំ​ហ៊ាន ពីក្រោយ​បទល្មើស មានន័យថា បទល្មើស​កើត​ហើយ ទើប​ទៅ​បង្ក្រាប បើសិន​បាន​បង្ក្រាប​ពេល​ចាប់ផ្តើម​ពីដំបូង​គឺ​ពិតជា​ល្អ  មាន​តម្លាភាព​ទុបស្កាត់បាន​ទាន់ពេល ។​
​ទោះបី​បែបនេះ​ក្តី ប្រជាពលរដ្ឋ ក៏បាន​ចូលរួម​សាទរ​ដែរ តែ​ពួកគាត់​បានលើកឡើង​ថា បើ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ការពារ ព្រៃ​លិច​ទឹក​ដែល​ត្រូវ​ភ្លើង​ឆេះ និង​ការពារ ដីព្រៃ​លិច​ទឹក ដែល​រង​ការខូចខាត​ដោយ​ការ​ឈូសឆាយ ទាំងនោះ​អោយបាន​គង់វង្ស​មកវិញ គឺ​ត្រឹមតែ​២-៣​ឆ្នាំ​ព្រៃ​លិច​ទឹក​ទាំងនោះ​នឹង​ដុះ​មក​វិ​ជាពុំខាន ។ ម្យ៉ាងវិញទៀត​ដីព្រៃ​លិច​ទឹក​ទាំងនោះ​សុទ្ធ តែ​ស្ថិតនៅក្នុង​ដែន​ការពារ ជា​តំបន់​២​និង​តំបន់​៣ ដែល​មិនត្រូវ​កាប់បំផ្លាញ​ឡើយ​៕

ចំនួនអ្នកទស្សនា

    20558357

  • ថ្ងៃនេះ751
  • ម្សិលមិញ14181
  • សប្តាហ៍នេះ751
  • ខែនេះ115901
  • ឆ្នាំនេះ115901
  • សរុប20558357