លោក សុខ ទូច​៖ បើ​មានការ​បង្ហូរឈាម​រវាង​អ្នកគាំទ្រ និង​អ្នកប្រឆាំង រឿង​ផ្ទាល់ខ្លួន​លោក កឹម សុខា នោះ CNRP ជា​អ្នកទទួលខុសត្រូវ

02-June-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ លោក​បណ្ឌិត សុខ ទូច បាន​ជំរុញ​ឲ្យ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ហ៊ាន​បញ្ចេញ​ភាពក្លាហាន​របស់ខ្លួន ចូល​ដោះស្រាយ​បញ្ហា​តាមផ្លូវ​តុលាការ ចៀសវាង​ការកៀងគរ​ប្រជាពលរដ្ឋ​ធ្វើ​យុទ្ធនាការ​ផ្សេងៗ​នាំ​ឲ្យ​មាន​អំពើហិង្សា និង​ខាត​ពេលវេលា​បង្កបង្កើន របស់​ប្រជាពលរដ្ឋ​។ លោក សុខ ទូច ថា បើ​មានការ​បង្ហូរឈាម​រវាង​អ្នកគាំទ្រ និង​អ្នកប្រឆាំង​លើ​សំណុំរឿង​ផ្ទាល់ខ្លួន លោក កឹម សុខា នោះ គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ជា​អ្នកទទួលខុសត្រូវ​។​

​បើទោះបី​ព្រះ​ភិ​រុណ​បាន​បង្អុរ​ចុះ​ជាច្រើន​មេ​នាំ​ឲ្យ​អ​កាស​ធាតុ ថមថយ​កម្តៅ​ប្រែជា​ត្រជាក់​ទៅហើយ​ក្តី តែ​កម្តៅ​នយោបាយ​ហាក់​ហក់​ឡើង​ទៅវិញ ការឡើង​កម្តៅ​នេះ​ក្រោយពេល​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​ព្រម​ចូល​ឆ្លើយបំភ្លឺ​នៅ​តុលាការ​លើ​សំណុំរឿង​សញ្ចារកម្ម តាម​បណ្តឹង​របស់​កញ្ញា ខុម ច័ន្ទ​តារា​ទី ហៅ​ស្រីមុំ​។ កញ្ញា​ស្រី មុំ បាន​សារភាព​ប្រាប់​តុលាការ​ថា ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ស៊ី ជម្រៅ​ជាមួយ​លោក កឹម សុខា ហើយ​បានសម្រេច​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ប្រមាណ ៣០​ម៉ឺន​ដុល្លារ ពី​លោក កឹម សុខា ដោយ​ចោទប្រកាន់ថា មិនបាន​គោរព​ពាក្យសន្យា និង​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​កញ្ញា​។​

​បន្ទាប់ពី​ការកោះហៅ​ចំនួន​ពីរលើក​មិន​ព្រម​ចូលខ្លួន នៅ​ថ្ងៃ​២៦ ខែឧសភា កន្លងទៅនេះ កងកម្លាំង​សមត្ថកិច្ច បាន​ស្វែង​តាមរក​ចាប់ខ្លួន​លោក កឹម សុខា ទាំង​នៅតាម​ផ្លូវ រហូតដល់​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ជាហេតុ​ធ្វើ​ឲ្យ​លោក កឹម សុខា មិនអាច​ចេញទៅ​ណា​បានឡើយ ហើយ​កំពុង​សម្ងំ​លាក់ខ្លួន​ពួន​អាត្មា​នៅ​ទីស្នាក់ការ ក្រោម​កិច្ចការពារ​ពី​អ្នកគាំទ្រ​។​
​ការ​តាម​ចាប់ខ្លួន​ពី​កងកម្លាំង​សមត្ថកិច្ច ត្រូវបាន​ធ្វើឡើង​ដោយ​ចោទប្រកាន់​លោក កឹម សុខា ថា រំលោភ​មាត្រា ៥៣៨ នៃ​ច្បាប់ព្រហ្មទណ្ឌ​របស់​កម្ពុ​ជា​។ មាត្រា ៥៣៨ បាន​ចែងថា «​រាល់​បុគ្គល​ណា​ដែល​ត្រូវបាន​កោះហៅ ឱ្យ​ចូលមក​ឆ្លើយ ជា​សាក្សី​នៅមុខ​អយ្យការ ឬ ចៅក្រម​ស៊ើបសួរ ឬ មុខ​តុលាការ​ព្រហ្មទណ្ឌ ហើយ​មិន​ព្រម​ចូលខ្លួន តាម​ដីកា​កោះហៅ​នោះ ដោយ​គ្មាន​មូលហេតុ​សមស្រប​ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ​១​លាន​រៀល​»​។​

​កម្តៅ​នយោបាយ​ត្រូវបាន​គេ​មើលឃើញថា ហក់​ឡើង បន្ទាប់ពី​រដ្ឋសភា បានសម្រេច​ឲ្យ​តុលា​ការបន្ត​នីតិវិធី​លើ លោក កឹម សុខា ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ អាង​លើ​សំឡេង​អ្នកគាំទ្រ​របស់ខ្លួន ប្រឆាំង​ការអនុវត្ត​ច្បាប់​របស់​តុលាការ នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ថា អាច​ឈានទៅរក​អំពើហិង្សា​។​
​លោក សុខ ទូច បាន​លើកឡើងថា រឿងអាស្រូវ​ផ្លូវភេទ​វា​អាចជា​រឿង​ធម្មតា បើ​កើត​លើ​បុគ្គល​សាមញ្ញ​ធម្មតា តែ​សម្រាប់​លោក កឹម សុខា ដែលជា​បុគ្គល​សាធារណៈ​មួយរូប​មិនមែនជា​រឿង​សាមញ្ញ​នោះឡើយ​។ អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​រូបនេះ បាន​បន្តថា រឿងអាស្រូវ​ផ្លូវភេទ ដូច​លោក កឹម សុខា បុគ្គល​នយោបាយ​នៅលើ​ពិភពលោក​ជាច្រើន ធ្លាប់បាន​ជួបប្រទះ​រឿង​បែបនេះ ដូចជា​ប្រធានាធិបតី​អាមេរិក លោក​ប៊ី​ល គ្លី​ន​តុ​ន តែ​លោក​មិនបាន​យក​បក្ស​ទៅ​ជាប់​ពាក់ព័ន្ធ​នោះឡើយ ហើយ​រឿង​ត្រូវបាន​បញ្ចប់ និង​ស្ងប់ស្ងាត់​ទៅវិញ ក្រោយពេល​លោក គ្លី​ន​តុ​ន ចេញមុខ​ដោះស្រាយ​។​
​ផ្តើមចេញពី​គំរូ​នេះ លោក សុខ ទូច បាន​លើកទឹកចិត្ត​ឲ្យ លោក កឹម សុខា ចេញមុខ​បំភ្លឺ​នៅ​តុលាការ និង ហ៊ាន​ទទួលខុសត្រូវ បើសិនជា​រឿង​ពិត​ដូច​ការ​បែកធ្លាយ​មែន​នោះ​។ លោក សុខ ទូច ថា ការសារភាព​របស់លោក កឹម សុខា មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាប្រិយភាព​ពេក​នោះទេ ព្រោះ​អាស្រូវ​បែបនេះ ក្នុងសង្គម​ខ្មែរ​កើតមាន​ច្រើន​។​

​លោក សុខ ទូច នៅតែ​លើកទឹកចិត្ត​ឲ្យ​គណបក្សនយោបាយ​នៅ​កម្ពុជា ប្រើ​ភាពចាស់ទុំ​របស់ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ កុំ​ព្យា យាម​អូសទាញ​ប្រជាពលរដ្ឋ​ទៅ​ពាក់ព័ន្ធ​ក្នុង​រឿង​របស់ខ្លួន​។ លោក សុខ ទូច បាន​បញ្ជាក់ថា ប្រសិនបើ​រឿង​របស់លោក កឹម សុខា ឈានទៅ ដល់​អំពើហិង្សា​នោះ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​អ្នក​ប្រកាស​កៀងគរ​ប្រជាពលរដ្ឋ​មក​ធ្វើការ​តវ៉ា គឺជា​អ្នកទទួលខុសត្រូវ​។​

​លោក សុខ ទូច បាន​មើលឃើញថា បញ្ហានយោបាយ​នៅ​កម្ពុជា ដែល​បានប្រែក្លាយ​ពី​ភាព​ល្ហែម​តាមរយៈ​វប្បធម៌​សន្ទនា មកជា​ភាពជូរចត់​ដូច​បច្ចុប្បន្ននេះ គឺ​ផ្តើម​មកពី​អ្នកនយោបាយ​មិនចេះ​ប្រើ​យន្តការ​រដ្ឋសភា ដើម្បី​រិះគន់​ស្ថាបនា​គ្នា​។ ផ្ទុយ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ តែង​យក​យន្តការ​តាម​ទីសាធារណៈ​ទាំង​នៅក្នុង​ប្រទេស និង ក្រៅប្រទេស វាយប្រហារ​លើ​បក្ស​កាន់អំណាច ដូចជា​ថា រដ្ឋាភិបាល​ផ្តាច់ការ​ជាដើម ជាហេតុ​នាំ​ឲ្យ​ស្ថានការណ៍​នយោបាយ​វិវឌ្ឍន៍​កាន់តែ​អាក្រក់​៕

ចំនួនអ្នកទស្សនា

    20558577

  • ថ្ងៃនេះ971
  • ម្សិលមិញ14181
  • សប្តាហ៍នេះ971
  • ខែនេះ116121
  • ឆ្នាំនេះ116121
  • សរុប20558577