យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ស្ត្រី​មេម៉ាយ​កូន​១

02-June-2016 | ដោយ មែន កំសត់


​ខេត្តតាកែវ ៖ យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ត្រាំកក់​តាម​ចាប់ខ្លួន ដល់ផ្ទះ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ស្ត្រី​មេម៉ាយ​កូន​១​រហូត បានសម្រេច​ហើយ​ថែមទាំង​ដោះយក​គ្រឿងអលង្ការ និង​ប្រមូល​យកលុយ​អស់​មួយចំនួនទៀត ។ ហេតុការណ៍​ចាប់រំលោភ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៤៥​នាទី​យប់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​លោក សុខ ជា អធិការរង​នគរបាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ ប៉ិច​ស្រស់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ ភ​.​ស​.​វ អាយុ​៣៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​១ ។​

​លោក​អធិការរង​ស្រុក បន្តទៀតថា ជនសង្ស័យ​និង​ស្ត្រី​រងគ្រោះ​រស់នៅ​ភូមិ​ជាមួយគ្នា នៅ​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ដេក​នៅលើផ្ទះ​២​នាក់​កូន ពេលនោះ​ជនសង្ស័យ​បាន​ឡើង​ធ្វើការ​ចាប់រំលោភ​រហូត​បានសម្រេច ពេល​រំលោភ​រួច​ជនសង្ស័យ​បាន​ដោះយក​ខ្សែ​.​ក​ប្លា​ទីន​១​ខ្សែ​ទម្ងន់​២​ជី ចិញ្ចៀន​ប្លា​ទីន​១​វង់​ទម្ងន់​១​ជី និង​យកលុយ​ចំនួន​៥០​ម៉ឺន​រៀល​រត់​គេចខ្លួនបាត់ ។ លុះ​ព្រឹក​ឡើង​ស្ត្រី​រងគ្រោះ​បានមក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ភ្លាមៗ​នោះ​សមត្ថកិច្ច​នគរបាល​ក៏​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ដល់ផ្ទះ​កាលពី វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦ រួច​បាន​ឲ្យ​ជនសង្ស័យ​នាំទៅ​យកលុយ ខ្សែ​.​ក ចិញ្ចៀន ដែល​ជនសង្ស័យ​យកទៅ​លាក់​ក្នុង​រន្ធក្តាម​ក្នុង​វាលស្រែ​ខាងត្បូង​ភូមិ​យក មក​ប្រគល់​ឲ្យ​ស្ត្រី​រងគ្រោះ​វិញ ។​
​នៅ​ចំពោះមុខ​សម​ត្កិ​ច្ច ជនសង្ស័យ ប៉ិច ស្រស់ បាន​និយាយ​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ចាប់រំលោភ និង​យកលុយ ចិញ្ចៀន ខ្សែ​.​ក​ពី​ស្ត្រី​រងគ្រោះ​ពិតប្រាកដ​មែន ។​

​លោក ហ៊ុន ហែម នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត បាន​ឲ្យ​ដឹងថា នៅពេលនេះ​យើង​បាន​កសាង​សំណុំរឿង​គ្រប់គ្រាន់​អស់ហើយ នៅ​រសៀល​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦​នេះ យើង​នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ។​
​ប្រភពពី​អ្នកដឹង​ហេតុការណ៍​នេះ​បាននាំគ្នា​និយាយ​លែបខាយ​ថា ប្រហែលជា​ជនសង្ស័យ​គិតថា​ស្ត្រី​មេម៉ាយ​កូន​១​រូបនោះ​មិន​ប្តឹង​ទេ​មើលទៅ បានជា​ធ្វើ​សកម្មភាព​រួច​នៅផ្ទះ​ធ្វើ​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​សោះ អ៊ីចឹង ។ ទាល់តែ​សមត្ថកិច្ច​នគរបាល​ទៅដល់​ចាប់​ដាក់​ខ្នោះ តាំង​ឯង​ធ្វើ​មុខស្ងួត ។ រំលោភ​គេ​ហើយ ដោះយក​គ្រឿងអលង្ការ និង​យកលុយ​គេ​ទៀត បើ​គេ​មិន​ប្តឹង​ទើប​វា​ចម្លែក ៕

ចំនួនអ្នកទស្សនា

    20559687

  • ថ្ងៃនេះ2081
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2081
  • ខែនេះ117231
  • ឆ្នាំនេះ117231
  • សរុប20559687