រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ដោយសារចរន្តអគ្គីសនី ដែលឆ្លងតាមស្នួហាលខោអាវ ឆក់ក្នុងខណៈពេលដែលគាត់ ទាញស្នួនោះចេញពីមុខបន្ទប់ទឹក កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ នៅក្រោយផ្ទះរបស់គាត់ស្ថិតក្នុងភូមិអក្សរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ខុន សារិន អាយុ៦៤ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅទាញស្នួហាលខោអាវ ដែលធ្វើអំពីដែកចេញពីផ្លូវចូលបន្ទប់ទឹក ហើយដោយសារតែស្នួនោះមានខ្សែភ្លើងដាច់រលាត់ ទើលើនោះ បណ្ដាលឲ្យឆ្លងចរន្ត ឆក់ដួលគងជើងលើដែកស្នួ ស្លាប់ភ្លាមៗតែម្ដង។ ប្រភពដដែលបានបន្តថា ភ្លាមៗនោះមិនមាននរណាម្នាក់បានដឹងទេ លុះក្រោយពេលកើតហេតុ កូនស្រីរបស់គាត់ម្នាក់បានដើរទៅក្រោយផ្ទះ បានឃើញម្ដាយដេកដួល ក៏បានចាប់លើក ហើយត្រូវបានចរន្តអគ្គិសនីឆក់ដែរប៉ុន្តែ មិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ឡើយ ។ ពេលនេះសាកសពត្រូវបានសមត្ថកិច្ចចុះទៅ ធ្វើការពិនិត្យរួចរាល់ និងបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ដោយមិនមានការប្ដឹងផ្ដល់អ្វីឡើយ៕