ខេត្តក្រចេះ ៖ ជនសង្ស័យជាខ្មែរឥស្លាមម្នាក់ដែលរងការចោទថា បានប្រើហិង្សាមកលើប្រពន្ធរហូតដល់ស្លាប់ ក្រោយពីនាំទៅព្យាបាលមានរយៈពេលជាច្រើនថ្ងៃមកនោះ ។ នៅ ព្រឹកថ្ងៃទី០២ ខែមិថុនា ត្រូវតុលាការខេត្តសម្រេចធ្វើការឃុំខ្លួននៅពន្ធនាគារខេត្ត បើទោះបីជាជននេះមិនព្រមសារភាពទោសកំហុសយ៉ាងណាក៏ដោយ ដោយអះអាងពីគ្រូពេទ្យថា ការស្លាប់របស់ស្រី្ត ជាប្រពន្ធគឺបណ្តាលមកពីជំងឺពុកឆ្អឹង។
ជនសង្ស័យដៃដល់ជាប្តីដែលរងការចោទថា បានវាយសម្លាប់ប្រពន្ធនោះឈ្មោះ សា កក អាយុ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅឃុំពង្រ ស្រុកឆ្លូង ត្រូវបាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែមិថុនា ទៅតាមបណ្តឹងរបស់ក្រុមគ្រួសារស្ត្រីជាប្រពន្ធ ដែលបានប្តឹងមកតុលាការ។ ជននេះក៏ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្ត លោក រស់ សាម៉ាឌី សម្រេចការដាក់ឃុំបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។នគរបាលព្រហ្មទណ្ឌឲ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ មីន ស៊ីម៉ាស អាយុ៤២ឆ្នាំ ជាស្ត្រីមេម៉ាយកូនពីរ និងបានមកយកជនសង្ស័យជាប្តីក្រោយក្នុងអំឡុងរយៈពេលប៉ុន្មាន ឆ្នាំមុននេះ។
ស្ត្រីរងគ្រោះបានស្លាប់កាលពីថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីកើតមានអាការៈធ្ងន់ធ្ងរ និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យវៀតណាម។ បើតាមការឲ្យដឹងពីសាច់ញាតិរបស់ស្ត្រីរងគ្រោះបានអះអាងថា ស្ត្រីរងគ្រោះបានរងការប្រើហិង្សាពីបុរសជាប្តីកាលពីថ្ងៃទី១៣ ខែឧសភា បណ្តាលឲ្យរងរបួសធ្ងន់។ ក្រោយពីបង្កហិង្សារួចជនសង្ស័យជាប្តីដៃដល់បាននាំស្ត្រីរង គ្រោះជាប្រពន្ធ ទៅព្យាបាលជំងឺនៅផ្ទះម្តាយនាងនៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ។ តែក្រោយពីព្យាបាលនៅនៅផ្ទះមានរយៈពេលជាច្រើនថ្ងៃអាការៈស្ត្រីរង គ្រោះរឹតតែមានភាពធ្ងន់ធ្ងរ ហើយបានបញ្ជូនទៅសង្គ្រោះនៅពេទ្យ ប្រទេសវៀតណាម តែក៏ត្រូវបានស្លាប់។
យ៉ាងណាក៏ដោយ ជនសង្ស័យដៃដល់ជាប្តីត្រូវនគរបាលឃាត់ខ្លួនក្រោយពីក្រុមគ្រួ សារមកដាក់ពាក្យបណ្តឹងនៅតុលាការ ក្រោយពីមានការស្លាប់របស់ស្ត្រីរងគ្រោះក្រោយពី រៀបចំពិធីបុណ្យសពរួចរាល់។ បើទោះបីជាមានការចាប់ឃាត់ទៅតាមពាក្យបណ្តឹងបែបណាក៏ដោយ ក៏ជនសង្ស័យ ដៃដល់ជាប្តីដែលរងការចោទថាបានប្រើហិង្សាវាយប្រពន្ធរហូតដល់ ស្លាប់រូបនេះ មិនបានទទួលស្គាល់កំហុសនោះទេ។ ដោយអះអាងប្រាប់នគរបាលថា ការស្លាប់របស់ស្ត្រីជាប្រពន្ធ ដោយសារតែជំងឺពុកឆ្អឹងធ្ងន់ធ្ងរ ដែលបានកើតរយៈពេលជាច្រើនឆ្នាំមកហើយ ៕