ភ្នំពេញ៖ម្ចាស់រថយន្ដសាំយ៉ុង មួយគ្រឿងទំនងជាស្រវឹងបើកក្នុងល្បឿនលឿនបុករនាំងដែកពុះចែក ទ្រូងផ្លូវបាក់អស់មួយផ្ទាំងនិងរថយន្ដខូចខាតទៅមុខលែងរួចចំណែក ម្ចាស់រថយន្ដចុះរត់គេចខ្លួនបាត់អោយកុំប៉ូលីសមកទាន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៦ នៅចំណុចខាងទីស្ដីការគណរដ្ឋមន្ត្រីតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។
ប្រភព ព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកសាំយ៉ុងពណ៍សពាក់ស្លាកលេខ ភ្នំពេញ2Y 5054 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចក្នុង ល្បឿនលឿនពេលមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករនាំងដែកពុះចែក ទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយបាក់អស់មួយផ្ទាំងចំណែករថយន្ដរង ការខូចខាតទៅមុខលែងរួច។
ក្រោយពេលបង្កហេតុម្ចាស់រថយន្ដបាន បើកទ្វាររថយន្ដចុះគេចខ្លួនបាត់ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ ។ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានឃើញមាន ស្រាបៀរនៅក្នុងរថយន្ដ៧ទៅ៨កំប៉ុងនៅក្នុងរថយន្ដ ហើយបានសហការជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដ បង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំ ម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕