ភ្នំពេញ៖នារីម្នាក់បើករថយន្តមួយគ្រឿងម៉ាក ហាយប្រ៊ីដហើយរវល់តែនិយាយទូរស័ព្ទក៏បានជ្រុលចង្កូតទៅបុកនិងបង្គោលស្លាកសញ្ញាចរាចរណ៍បាក់អស់មួយដើម រួចព្យាយាមបើករថយន្តគេចខ្លួនទាំងបែកកង់បានប្រមាណ៣០០ម៉ែត្រក៏ត្រូវសមត្ថកិច្ចឃាត់បាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៤៥នាទីរំលងអធ្រាតឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខរូបសំណាកក្តាន់២ តាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ បើតាមប្រភពព័ត៌មានពីនារីដែលជាអ្នកបើករថយន្តបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុរូបនាងបានបើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5756 បើកតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សីក្នុង ទិសដៅពីកើតទៅលិច ខណះបើករថយន្តធ្វើដំណើរតាមដងផ្លូវស្រាប់តែមានអ្នកខលមករកនាងហើយភ្លាមនោះនាង ក៏បានលើកទូរស័ព្ទនិយាយខណៈពេលដែលកំពុងបើកបរ ស្របពេលដែលនាងកំពុងតែនិយាយទូរស័ព្ទមិនបានមើលផ្លូវក៏បានរេចង្កូតរថយន្តទៅបុកស្លាកសញ្ញាចរាចរណ៍បាក់អស់ចំនួនមួយដើម ហើយភ្លាមៗនោះរថយន្តមិនបានឈប់នោះទេថែមទាំងព្យាយាមបើករថយន្តគេចពីសមត្ថកិច្ចថែមទៀត។
សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីបង្កហេតុនារីបើករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនទាំងរថយន្តបែកកង់មុខខាងឆ្វេង ប៉ុន្តែបានប្រមាណជា៣០០ម៉ែត្រក៏ត្រូវបានកម្លាំងល្បាតដេញឃាត់បានផងដែរនិងយកមកធ្វើការអប់រំ។ ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕