កណ្ដាល៖ក្មេងស្រី អាយុ១៣ឆ្នាំម្នាក់ ដែលមានជម្ងឺសរសៃប្រសាទ បានលង់ទឹកស្លាប់ ក្រោយពីឪពុកម្តាយទៅធ្វើការបាត់អស់ ទុកជនរងគ្រោះនៅម្នាក់ឯង ។ ហេតុការណ៍ ប្រទះឃើញ សាកសពជនរងគ្រោះកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច រណ្តៅដីបឹងរាហ៊ូក្រោយវត្តបឹងជន្លេន ខាងក្រោយភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។
តាមប្រភពពី កន្លែងកើតហេតុបានឲ្យដឹងថាក្មេងស្រីរងគ្រោះមានឈ្មោះ ខេន សុខជា អាយុ១៣ ឆ្នាំ មានជម្ងឺសសៃប្រាសាទ ស្នាក់នៅឡឥដ្ឋ ពន្លឺព្រះអាទិត្យ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ជាមួយឪពុកឈ្មោះខុម ខេន អាយុ៤២ឆ្នាំ ម្តាយឈ្មោះ ឃុន ស៊ុនលី អាយុ៣៧ឆ្នាំ ។
បើតាមការ ឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី០២ ខែមិថុនា នេះ ឪពុកម្តាយជនរងគ្រោះ បានចេញពីផ្ទះទៅធ្វើ ឥដ្ឋ ដោយទុកជនរងគ្រោះ នៅដេកលើផ្ទះម្នាក់ឯង ដូចសព្វដង លុះដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែល ឪពុកម្តាយ ចេញពីធ្វើការ នាំគ្នាមកផ្ទះហូបបាយ ពេលនោះបាត់ជនរងគ្រោះ ទើបឆោឡោនាំគ្នាដើររកកូនស្រី ទៅដល់ចំណុចបឹងរាហ៊ូ ពឹងពាក់បងប្អូនប្រជាពលរដ្ឋ ជួយរក ប្រទះឃើញស្បែកជើងមួយគូរពណ៌លឿង និងចានជ័រ នៅមាត់ស្រះទឹក ស្គាល់ពិតជា របស់ជនរងគ្រោះ សង្ស័យបាននាំគ្នា ចុះទឹករាវប្រទះឃើញ ជនរងគ្រោះ លង់ទឹកស្លាប់បាត់ទៅហើយ រួចស្រង់សាកសព យកទៅតំកល់ទុក នៅវត្តភូមិក្អម ភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្ដាល និងរាយការណ៍ ប្រាប់សមត្ថកិច្ច ពិនិត្យរួចរៀបចំធ្វើបុណ្យតាមប្រពៃណី៕