ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកខេត្តបន្ទាប់ពីរថយន្តដឹកឈើគ្រឿងសង្ហារឹមមួយគ្រឿងបុក ពីក្រោយពេញទំហឹង ហើយអូសជាង១០០ម៉ែត្រ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរបង្កឱ្យមានមនុស្សរបួសធ្ងន់ធ្ងរនេះ បានកើតឡើងនៅវេលាម៉ោង២១យប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្បែរគល់ស្ពានសេកុងប្រហែលជាងមួយរយម៉ែត្រ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គីក្រុង-ខេត្តស្ទឹងត្រែង។
ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជីវ ជឿន ភេទប្រុស អាយុ៣៨ឆ្នាំ(មុខរបរដឹកឈើ)មានស្រុកកំណើតនៅខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះបានដឹកឈើចំនួន៥សន្លឹក មកដល់កន្លែងកើតហេតុបានឈប់បង់លុយឱ្យសមត្ថកិច្ចតាមដងផ្លូវ លុះចេញបានបន្តិចក៏ស្រាប់តែមានរថយន្តសមត្ថមួយគ្រឿងទៀត ប្រដេញតាមឲ្យឈប់ដើម្បីបង់លុយ គ្រានោះដែរមានរថយន្តសាំយ៉ុងពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ស៊ូ មកពីក្រោយទិសដៅស្របគ្នាពីលិចមកកើតបានបុកពេញទំហឹងធ្វើឱ្យម៉ូតូ ខ្ទាតទៅម្ខាង ចំណែកមនុស្សបានជាប់ក្រោមរថយន្តអូសប្រហែលជាង១០០ម៉ែត្រទើបឈប់។
ហេតុការនេះបានធ្វើឱ្យបុរសរងគ្រោះរបើកស្បែកក្បាលចេញលលាដ៍ ធ្លុះធ្លាយផ្ទៃមុខ បាក់ថ្គាម ព្រមទាំងរលាត់ដើមទ្រូង ស្ទើរមើលមិនយល់ទៅហើយ។ ប្រភពព័ត៌មានឲ្យដឹងថា ក្បែរទីតាំងកើតហេតុគឺជាកន្លែងប្រមូលផ្តុំដោយសមត្ថកិច្ច រួមទាំងអ្នកកាន់ប័ណ្ណព័ត៌មានផងដែរ ដែលធ្វើឱ្យទីតាំងនោះក្លាយជាកុងត្រូលជជុះ ចាំស្ទាក់យកលុយពីបទល្មើស តាមម៉ូតូ តាមរថយន្ត បានបង្កភាពអនាធិបតេយ្យ ទើបបង្កឱ្យមានគ្រោះថ្នាក់ចរាចរបែបនេះកើតឡើង។ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរនេះ ខាងលើនេះប្រភពបន្តថាគេបានឃើញសមត្ថកិច្ចមួយចំនួនស្ថិតនៅក្នុង ហេតុការណ៍នោះតែមិនបានអន្តរាគមន៍លើរថយន្តបង្កហេតុ និងជួយជនរងគ្រោះនោះដែរតែគ្រាន់ឈរអោបដៃ ដើរមើលហើយជិះរថយន្តចេញយ៉ាងរំភើយ ដោយផ្តល់ឱកាសឲ្យរថយន្តបង្កដែលបង់លុយហើយនោះយករថយន្តមួយគ្រឿង ទៀតមកសាងឈើសង្ហារឹម និងបើករថយន្តបង្កនោះទៅយ៉ាងរលូនថែមទៀត។
អ្នកដំណើរឃើញហេតុការណ៍ខាងលើនិយាយថាពាក់ព័ន្ធបុគ្គលជាសមត្ថកិច្ច ចោលម្សៀតយកភារកិច្ចបម្រើប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីប្រយោជន៍ សង្គម និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពបែបនេះ ។ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងគួរតែបោសសម្អាត នៅមន្ត្រីអសកម្មបែបនេះខ្លះទៅដើម្បីឲ្យការគ្រប់គ្រងផ្នែករដ្ឋបាល មានភាពល្អប្រសើរ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានអ្នកឃើញហេតុការជួយដឹកទៅ កាន់មន្ទីពេទ្យបង្អែកខេត្ត ដើម្បីធ្វើការសង្គ្រោះបន្ទាន់ តែស្ថានការរបួសប្រែប្រួលយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ។ ចំណែកសមត្ថកិច្ចដែលឈរជើងនៅទីនោះក៏មិនបានចាត់វិធានការទៅលើរថយន្ត នោះដែរព្រមទាំងបណ្តាយឱ្យរថយន្តបង្ករនោះបើកចេញទៅបាត់ដោយមិន បានវាស់វែង និងរកចំណុចខុសធ្វើការសន្និដ្ឋានឡើយ៕