ខេត្តបន្ទាយមានជ័យ ៖ បុគ្គលិកក្រុមហ៊ុន ឌីតាអ៊ិនវេសមេន (Dta in vestment) ផ្នែកផ្តល់ប្រាក់កម្ចី និងទទួលបញ្ចាំ រួមជាមួយ អ្នកយកព័ត៌មាន ឲ្យកាសែត និងគេហទំព័រ សំឡេងជាយដែន សរុប២នាក់ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ បានទៅកាន់ប៉ុស្តិ៍រដ្ឋបាល នគរបាលសង្កាត់ប៉ោយប៉ែត ដើម្បីដាក់ពាក្យបណ្តឹង មនុស្សមួយក្រុម ពីបទបង្កហិង្សា ក្នុងករណីគ្រោះថ្នាក់ចរាចរមួយ ។
បុគ្គលិកក្រុមហ៊ុន ឌីតា ឈ្មោះ ចន ភីរម្យ ភេទប្រុស អាយុ២៧ឆ្នាំ បម្រើការងារ នៅក្រុងប៉ោយប៉ែត ។ ចំណែកអ្នកព័ត៌មាន ឲ្យការសែត និងគេហទំព័រ សំឡេងជាយដែន ឈ្មោះ វ័ន្ត ផល្លា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ជាអ្នកយកព័ត៌មាន ប្រចាំខេត្តបន្ទាយមានជ័យ ។ ជុំវិញករណីដាក់ពាក្យបណ្តឹងនេះ បុគ្គលិកក្រុមហ៊ុនខាងលើ រៀបរាប់ថា កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ លោកបានជិះម៉ូតូ ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង ១C-៣២៩៣ តាមបណ្តោយផ្លូវបេតុង ពីកើតទៅលិច ស្ថិតក្នុងភូមិក្បាលស្ពាន០២ សង្កាត់ប៉ោយប៉ែត ដោយចៃដន្យ ពេលកំពុងជិះម៉ូតូ ស្រាប់តែមានក្មេងប្រុសម្នាក់ អាយុប្រហែល៤ឆ្នាំ រត់ចេញពីមុខផ្ទះមួយ មកបុកម៉ូតូ។
បុគ្គលិកក្រុមហ៊ុនរូបនោះបន្តថា ក្នុងហេតុការណ៍ខាងលើ បែរជាមានមនុស្សមួយក្រុម បាននាំគ្នាព្រួតវាយទាត់ធាក់លោក ដោយមិនស្តាប់ហេតុផល បើទោះជាគាត់ខំលើកដៃសំពះ ពួកគេក៏ដោយ ។ ចំណែកអ្នកយកព័ត៌មាន ខាងលើនិយាយថា ពេលលោកជិះម៉ូតូ ដល់កន្លែងកើតហេតុ ឃើញមនុស្សមួយក្រុមព្រួតវាយ បុគ្គលិកក្រុមហ៊ុនគិតថា ទើសភ្នែកពេក ក៏ទាញទូរស័ព្ទថត ស្រាប់តែត្រូវជនមួយក្រុមនោះ ជេរប្រមាថ និងគំរាមរកវាយដែរ ។ មិនតែប៉ុណ្ណោះ ជនសង្ស័យមួយក្រុមនោះ ថែមទាំងរុញច្រាន ប្រុងឆក់យកប័ណ្ណសម្គាល់ខ្លួន របស់លោកថែមទៀតផង ។ បុរសទាំង២និយាយថា ដោយសារកើតទុក្ខមិនសុខចិត្ត និងទង្វើហួសហេតុនេះ ទើបនាំគ្នាទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាល ដើម្បីទាមទាររកយុត្តិធម៌ ។
ករណីចោទប្រកាន់ខាងលើ ក្រុមជនសង្ស័យ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ព្រោះបានចុះដល់កន្លែងកើតហេតុ គ្មានអ្នកបំភ្លឺ ។ ឪពុកក្មេងរងគ្រោះ មិនអាចទាក់ទងសុំការបំភ្លឺបានដែរ ដោយសមត្ថកិច្ចប្រាប់ថា ក្រោយកើតហេតុ បានទៅដាក់ពាក្យបណ្តឹង ពីករណីគ្រោះថ្នាក់ចរាចរនេះដែរ ហើយលេខទូរស័ព្ទ ០៩២ ៩០៨ ១៧៧ ដែលសមត្ថកិច្ចបញ្ជាក់ថា ជាលេខរបស់ឈ្មោះ ស៊ីម វិបុល ត្រូវជាឪពុកក្មេងប្រុសរងគ្រោះនោះ កោះសន្តិភាព ទាក់ទងសុំការបំភ្លឺដែរ តែត្រូវអ្នកទទួលបដិសេធន៍ថា ខ្លួនមិនមែនឈ្មោះ ស៊ីម វិបុល ឪពុកក្មេងរងគ្រោះនោះទេ ។
ពាក់ព័ន្ធបណ្តឹងរបស់បុគ្គលិកក្រុមហ៊ុនឌីតាអ៊ិនវេសមេន និងអ្នកយកព័ត៌មាន ខាងលើ សមត្ថកិច្ចនិយាយថា នឹងធ្វើការហៅភាគីពាក់ព័ន្ធ សាកសួរសិន ។ គួរបញ្ជាក់ថា ករណីខាងលើគេសង្ស័យថា ក្រុមជនបង្កអាចជាសាច់ញាតិ របស់ក្មេងរងគ្រោះ ព្រោះថាបើជាអ្នកដទៃអាចនឹងមិនធ្វើបែបនេះឡើយ ព្រោះបុគ្គលិកក្រុមហ៊ុនខាងលើ និយាយថា ក្រោយកើតហេតុ ខ្លួនក៏មិនបានរត់ ទៅណានោះដែរ ៕