ក្រុម​អ្នករត់​តាក់ស៊ី​ដាក់​ពាក្យសុំ​ធ្វើបាតុកម្ម​ប្រឆាំង​ទង្វើ​របស់​គយ​ពី​ប៉ោយប៉ែ​តទៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ

04-June-2016 | ដោយ មែន កំសត់


 
​បន្ទាយមានជ័យ ៖​សមាជិក​បណ្ដាញ​អ្នករត់​តាក់ស៊ី​សន្តិភាព​នៅ​ក្រុង​ប៉ោយប៉ែត​ចំនួន​៤​នាក់ តំណាង​ឲ្យ​អ្នករត់​តាក់ស៊ី​ជាង​៥០​នាក់ នៅ​រសៀល​ថ្ងៃទី​២​មិថុនា​ម្សិលមិញ បានដាក់​លិខិត​ស្នើសុំ​ទៅ​សាលាខេត្ត​បន្ទាយមានជ័យ អនុញ្ញាត​ច្បាប់​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​តវ៉ា​នឹង​មន្ត្រី​គយ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាមផ្លូវ​ជាតិ​លេខ ៥ ពី​ក្រុង​ប៉ោយប៉ែត ទៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ​។

​អ្នករត់ តាក់ស៊ី​អះអាងថា មន្ត្រី​គយ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ គាបសង្កត់​ប្រជាពលរដ្ឋ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​ដឹកជញ្ជូន​របស់​ពួកគាត់​រៀងរាល់ថ្ងៃ​។​

 ប្រធាន​ក្រុម​អ្នករត់​តាក់ស៊ី​បណ្ដាញ​សន្តិភាព​ក្រុង​ប៉ោយប៉ែត លោក គង់ វិសាល ឲ្យ​ដឹង​នៅ​ថ្ងៃទី​២ មិថុនា​ថា មូលហេតុ​ដែល​ពួកគេ​ស្នើសុំ​ធ្វើបាតុកម្ម​នេះ ដោយសារ​កន្លងមក មន្ត្រី​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ដាក់​ប៉ុស្តិ៍​ត្រួត​អនាធិបតេយ្យ​តាមផ្លូវ​ជាតិ​លេខ​៥ ពី​ក្រុង​ប៉ោយប៉ែត ទៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ​។ លោក​អះអាងថា មន្ត្រី​គយ​បង្ខំ​ពួកគេ​ឲ្យ​បង់ប្រាក់​ម្នាក់​ប្រមាណ​១៥០​ដុល្លារ សហរដ្ឋអាមេរិក​រៀង​រាល់​ខែ ហើយ​ប្រសិនបើ​រថយន្ត​ណា​មិនបាន​បង់ប្រាក់​ទេ គឺ​មន្ត្រី​គយ​នឹង​ឃាត់​រថយន្ត​ទុក​មិន​ឲ្យ​ដឹកទំនិញ​ឡើយ​។​

​លោក គង់ វិសាល​បាន​និយាយថា​៖ ខ្ញុំ​សូម​អំពាវនាវ និង​ទាមទារ​សិទ្ធិសេរីភាព​ក្នុងការ​ដឹកជញ្ជូន​ឲ្យ​មាន​ភាពយុត្តិធម៌ ដោយ​កុំ​ឲ្យ​មន្ត្រី​គយ​និយាយថា ពួក​ខ្ញុំ​ដឹក​អីវ៉ាន់​គេចពន្ធ ព្រោះ​អីវ៉ាន់​ដែល​ខ្ញុំ​ដឹក​កន្លង​មកជា​ទំនិញ​ស្របច្បាប់​ទេ​។​

 ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ លោក ឆែ សុធា ពុំមាន​ប្រតិកម្ម​អ្វី​ឡើយ​ទេ នៅ​រសៀល​ថ្ងៃទី​២ មិថុនា ដោយ​លោក​មានប្រសាសន៍​យ៉ាងខ្លី​ថា ជាប់រវល់​ការងារ​មមាញឹក​ច្រើន​។​

 ទោះបីជា​យ៉ាងនេះ​ក្ដី នាយក​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ លោក ឈឿង ក្រៃ​យ៉ុង មានប្រសាសន៍ថា លោក​ត្រៀម​កោះហៅ​បណ្ដាញ​អ្នករត់​តាក់ស៊ី​សន្តិភាព និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ប្រជុំពិភាក្សា​ដោះស្រាយ​លើ​ការងារ​នេះ​ក្នុងពេល​ឆាប់ៗ​៖ «​ព្រោះ​ទើបបាន​គោលការណ៍​ឯកភាព​ពី​អភិបាលខេត្ត​។ ឥឡូវ​ខ្ញុំ​កំពុង​ទាក់ទង​ពួក​បណ្ដាញ​តាក់ស៊ី​ចូលរួម​ដោះស្រាយ​»​។​

 មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក ភួ​ន ឈិន មានប្រសាសន៍ថា ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី បើទោះជា​អាជ្ញាធរ​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ក្ដី គឺ​ពលរដ្ឋ​គ្រប់រូប​អាចធ្វើ​ទៅបាន គ្រាន់តែ​ជូនដំណឹង​ជាមុន​ទៅ​អាជ្ញាធរខេត្ត​-​រាជធានី ដោយ​បញ្ជាក់​ពី​គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​នោះ​។​

​លោក​ថា បាតុកម្ម​ដោយ​សន្តិវិធី​នេះ គឺមាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​និង​មានចែង​ក្នុង​ច្បាប់ ស្ដីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ទៀត​។ អ៊ីចឹង ប្រសិនជា​ប្រជាពលរដ្ឋ​ទូទៅ​គាត់​មាន​បញ្ហា​ដែល​ត្រូវការ​ទាមទារ​ឲ្យ អាជ្ញាធរ​ដោះស្រាយ​ជូន​ពួកគាត់ ហើយ​គាត់​ជ្រើស​រើសយក​វិធីសាស្ត្រ​បាតុកម្ម​នេះ គឺ​គាត់​អាចធ្វើ​ទៅបាន​។​

 ទោះជា​យ៉ាងណា​ប្រធាន​ក្រុម​បណ្ដាញ​អ្នករត់​តាក់ស៊ី​សន្តិភាព ឲ្យ​ដឹងថា មន្ត្រី​សាលាខេត្ត​មិនបាន​អនុញ្ញាត​ច្បាប់​ឲ្យ​ពួកគាត់​ធ្វើបាតុកម្ម​នោះ ទេ ក៏ប៉ុន្តែ​បាន​ប្រថាប់ត្រា និង​ទទួល​លិខិតស្នើ​សុំ​នេះ​។ នៅក្នុង​លិខិត​ស្នើសុំ​បញ្ជាក់ថា គម្រោង​ធ្វើបាតុកម្ម​នេះ​មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦ និង​មាន​រថយន្ត​ប្រមាណ ៥០​គ្រឿង តវ៉ា​តាម​ដងផ្លូវ​ចំនួន ៣​ចំណុច គឺ​នៅ​ប៉ុស្តិ៍​គយ​ត្រួត​ទំនិញ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ប៉ុស្តិ៍​គយ​សាលា​ក្រហម ស្រុក​អូរជ្រៅ និង​ប៉ុស្តិ៍​គយ​ចល័ត​ក្បែរ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​៕

ចំនួនអ្នកទស្សនា

    20559777

  • ថ្ងៃនេះ2171
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2171
  • ខែនេះ117321
  • ឆ្នាំនេះ117321
  • សរុប20559777