បុរស ប្រមឹក​ម្នាក់​ផឹកស្រា​ស្រវឹង​ប្រចណ្ឌ វាយ​ប្រពន្ធ​កូន​ដុត​ផ្ទះ​ខ្លួនឯង​ចោល​បាន​អស់ចិត្ត​

04-June-2016 | ដោយ មែន កំសត់



​ខេត្ត​ប៉ៃលិន ៖ បុរស​ជាម​នុស្ស​ប្រមឹក​ម្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​ធ្វើការ​ចាប់ខ្លួន បន្ទាប់​ផឹកស្រា​.​ស​ស្រវឹង​ជោកជាំ កើត​ភ្លើង​ប្រចណ្ឌ​ទៅរក​រឿង​វាយ​ប្រពន្ធ​កូន រហូត​ឈានដល់​ដុត​ផ្ទះ​ខ្លួនឯង​ចោល បណ្តាលឱ្យ​ឆេះ​ខ្ទេច​អស់​គ្មាន​សល់​ទ្រព្យសម្បតិ្ត​អ្វី ប៊ិះ​នឹង​ឆេះ​ផ្ទះ​អ្នកជិតខាង​ទៀត ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់​ថ្ងៃទី​០៣ មិថុនា ២០១៦ ស្ថិតនៅ​ចំណុច​សែង​ឈ្លូស ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​

​ចាត់ទុកថា​សំណាង​មួយ​ដែរ ព្រោះ​ខណៈ​ភ្លើង​កំពុងតែ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នោះ ត្រូវ​កូនៗ​នាំគ្នា​រត់ចេញ​ទាន់ពេលវេលា កុំ​អី​ក្លាយទៅជា​ចំណី​ភ្លើង ជាក់​ជាមិនខាន ។​​បុរស​ប្រមឹក​ដែល​ដុត​ផ្ទះ​ខ្លួនឯង ឈ្មោះ​លី ទី អាយុ​៥២​ឆ្នាំ ជា​កម្មករ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​ថ្មី ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ធ្លាប់មាន​ប្រពន្ធ​មុន​តែ​ស្លាប់ មានកូន​២​នាក់ ប្រុស​១-​ស្រី​១ ។ ចំណែក​ប្រពន្ធ​ក្រោយនេះ ឈ្មោះ​ចិន ចាន់​សុខុម ហៅ​ច្រឹប អាយុ​៤៦​ឆ្នាំ ជា​កម្មករ​ដែរ មាន​ប្តី​ពីមុន តែ​លែងលះគ្នា មានកូន​ស្រី​ចំនួន​២​នាក់ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​រំលេច ឃុំ​រំលេច ស្រុក​បាកាន ខេត្ត​ធិ៍​សាត់​ដូចគ្នា ។​
​បច្ចុប្បន្ន សុំ​ដី​គេ​ស្នាក់នៅ​ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ កម្លាំង​បាន​ចុះទៅ​ចាប់ខ្លួន នាំមក​ប៉ុស្តិ៍​អូរ​តា​វ៉ៅ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការនគរបាល​ក្រុងប៉ៃលិន ។

​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់ថា គាត់​ស្គាល់គ្នា​ជាមួយ​បុរស​ជា​ប្តី​ខាងលើ ហើយ​យកគ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​២​ឆ្នាំ​ហើយ តែ​មិន​មានកូន​ទៀត​នោះទេ ។ ហើយ​បាន​សុំ​ដី​ថៅកែ​សង់ផ្ទះ​ប្រក់​ស្បូវ​ស្នាក់នៅ​ជា​បណ្តោះអាសន្ន (​ទទឹង​៣​ម៉ែត្រ និង​បណ្តោយ​៤​ម៉ែត្រ​)​។ គាត់​បន្តថា ក្រោយពី​រួមរស់​នៅ​ជាមួយគ្នា ប្តី​គាត់​មិន​គិត​ខិតខំ​ប្រឹងប្រែង​ធ្វើការ​រកស៊ី​ចិញ្ចឹម​គ្រួសារ​ទេ ដោយ​មួយថ្ងៃៗ​គិតតែ​ដើរ​ផឹកស៊ី តាំងពីព្រឹក រហូតដល់​ល្ងាច ចូល​ផ្ទះ​វិញ​រករឿង​ជេរ​បញ្ចោរ​ដេញ​វាយ​ប្រពន្ធ​-​កូន រត់​ចូល​ផ្ទះ​គេ​ប្រសាច ។​

​គាត់​បន្តថា នៅ​យប់​ថ្ងៃកើតហេតុ ខណៈ​ឃើញ​ប្តី​ស្រវឹង គាត់​ក៏​ដើរ​ចេញពីផ្ទះ ទៅ​ពួន​សំងំ​អង្គុយ​មើល​ទូរទស្សន៍​ក្នុងផ្ទះ​អ្នកជិតខាង ស្រាប់តែ​ប្តី​គាត់ បាន​ទាញ​អង្ករ​ដែល​សល់​បន្តិចបន្តួច​ទុក​ដាំបាយហូប និង​សំលៀកបំពាក់​យកទៅ​ដុតចោល​នៅក្បែរនោះ ហើយ​បាន​អ្នកជិតខាង​ជួយ​ពន្លត់​ទាន់ពេល ។​
​ស្រាប់តែ​ក្រោយមក ប្តី​គាត់​បាន​យក​ភ្លើង​ទៅ​ដុត​ផ្ទះ បណ្តាលឱ្យ​ឆេះ​ទ្រលោម​ផ្អើល​អ្នកភូមិរ​ត់ទៅ​ជួយ​ពន្លត់ តែដោយសារ​ទឹក​នៅ​ឆ្ងាយ​ពន្លត់​មិនទាន់ ក៏​ឆេះ​អស់រលីង​តែម្តង ។ សំណាងល្អ អត់​មាន​ខ្យល់​បក់បោក​មកពី​ទិស​ខាងលិច កុំ​អី​ឆាបឆេះ​ផ្ទះ​អ្នកជិតខាង​អស់​ជាច្រើន​ផងដែរ ៕

ចំនួនអ្នកទស្សនា

    20559287

  • ថ្ងៃនេះ1681
  • ម្សិលមិញ14181
  • សប្តាហ៍នេះ1681
  • ខែនេះ116831
  • ឆ្នាំនេះ116831
  • សរុប20559287