បុរស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​៣​គ្រាប់​រងរបួស​ធ្ងន់​

05-June-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​២​នាក់​បាញ់​៣​គ្រាប់​បណ្តាល​ឲ្យ​រងរបួស លើ​ជង្គង់​ជើង​ខាងឆ្វេង​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះកុសុមៈ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១៩ និង​១០​នាទី​យប់ ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​បុរស​រងរបួស​ឈ្មោះ សុខ ចិន អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​ដេប៉ូ​ឈើ ស្នាក់​នៅតាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់ ។ ចំណែក​ជនបង្ក​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​ស្កុប​ពី ពណ៌​ស មួយគ្រឿង មិន​ចាំ​ស្លាក​លេខ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​អ្នករបួស​បានមក​អង្គុយ​យក​ខ្យល់អាកាស​នៅ​ផ្លូវ​រថភ្លើង ដោយមាន​គ្នា​៣​នាក់ ខណៈពេល​កំពុងតែ​អង្គុយលេង​ស្រាប់​តែមាន​ខ្មាន់កាំភ្លើង​២​នាក់​ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​ជិះ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុងស្ថានភាព​ស្រវឹង លុះ​មកដល់​ចំណុច​ខាងលើ​ឃើញ​មាន​គំនរ​កូនឈើ​នៅ​រាយប៉ាយ​រញ៉េរញ៉ៃ​ពេញ​តាម ផ្លូវ ធ្វើ​ឲ្យ​គាត់​ខឹង បាន​ជេរ​គេ​ជេរ​ឯង​ដែល​អង្គុយលេង​នៅ​ផ្លូវ​រថភ្លើង ស្របពេលនោះ​ជនរងគ្រោះ​ដែល​អង្គុយលេង​នៅតាម​ផ្លូវ​បាន​តមាត់​ជាមួយ ក្រុម​ខ្មាន់កាំភ្លើង​ខាងលើ ដោយ​ជេរ​គ្នា​ទៅវិញទៅមក ធ្វើ​ឲ្យ​ខ្មាញ់​កាំភ្លើង​ខឹង បាន​ដក​កាំភ្លើង​បាញ់​សំដៅ​ជនរងគ្រោះ​ចំនួន​៣​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​១​គ្រាប់​ចំ​លើ​ជង្គង់​ខាងឆ្វេង រងរបួស​ធ្ងន់ធ្ងរ​ដោយ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង ។ ក្រោយពី​បាញ់​ហើយ​ខ្មាន់កាំភ្លើង​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិសខាងកើត បាត់ស្រមោល​តែម្តង ។​
​ក្រោយពេល​កើតហេតុ​អ្នករងរបួស​ត្រូវបាន​បងប្អូន​ដឹក​តាម​ម៉ូតូ​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះកុសុមៈ​ធ្វើការ​ព្យាបាល​៕

ចំនួនអ្នកទស្សនា

    20560717

  • ថ្ងៃនេះ3111
  • ម្សិលមិញ14181
  • សប្តាហ៍នេះ3111
  • ខែនេះ118261
  • ឆ្នាំនេះ118261
  • សរុប20560717