កណ្ដាល៖ សត្វព្រៃប្រភេទ អណ្តើក និងពស់ ជាង៧០០គីឡូក្រាម បានត្រូវមន្ដ្រីគយប្រចាំច្រកទ្វារជ្រៃធំ បើកប្រតិបត្តិបង្ក្រាប កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចព្រែកបាក់ណាម ស្ថិតក្នុងភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំខេត្តកណ្តាល ។
លោក មួងដារ៉ាប្រធានការិយាល័យគយនិងរដ្ឋាករជ្រៃធំបានឱ្យដឹងថានៅវេលា ម៉ោងជាង១រំលងអធ្រាតុឈានចូលថ្ងៃទី៤ខែមិថុនាបន្ទាប់ពីដឹងថា មានក្រុមឈ្មួញធ្វើសកម្មភាពនាំសត្វព្រៃចេញទៅលក់នៅប្រទេសវៀតណាម លោកបានដឹកនាំកម្លាំង ទៅពួនស្ទាក់នៅចំណុចព្រែកបាក់ណាម ពេលសមត្ថកិច្ចទៅដល់ ក្រុមឈ្មួញបានទម្លាក់សត្វព្រៃចោល ហើយជិះទូករត់គេចខ្លួនបាត់តែម្តង ។
លោក មួង ដារ៉ា បានឱ្យដឹងទៀតថា សត្វព្រៃដែលរឹបអូសបានពីឈ្មួញមានទម្ងន់សរុប ៧៩៣គីឡូក្រាម ក្នុងនោះមាន អណ្តើកចំនួន៣៦៤គីឡូ ពស់ថ្លាន់ចំនួន ១៦គីឡូក្រាម និងពស់សង់សឿ ចំនួន៤១៣គីឡូក្រាម ។ក្រោយពិនិត្យនិងកសាងសំណុំរឿងចប់សព្វគ្រប់ ស្នាក់ការគយជ្រៃធំ បានសម្រេចប្រគល់សត្វព្រៃទាំងនោះ ឱ្យទៅអង្គការអភិរក្សសត្វព្រៃ ដើម្បីយកទៅរក្សាទុក និងបន្តចាត់ការទៅដល់ជនល្មើសដែលបានប្រព្រឹត្ត ៕