ខេត្តកោះកុង៖រថយន្តដឹកឆាកតន្ត្រីមកប្រគុំនៅខេត្តកោះកុងមួយគ្រឿង បានក្រឡាប់កាលពីវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ ថ្ងៃទី៥មិថុនាឆ្នាំ២០១៦ នេះនៅចំណុចអន្ទង់អាំងលើដងផ្លូវជាតិលេខ48តភ្ជាប់ពីផ្លូវជាតិលេខ4មកកាន់ទីរួមខេត្តកោះកុងស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបុទុមសាគរ បណ្តាលអោយបុរស2នាក់បានស្លាប់និងបុរស៣នាក់ទៀតរងរបួសធ្ងន់ធ្ងរ។លោកសុខ ផនអធិការប៉ូលិសស្រុកបុទុមសាគរប្រាប់ថា រថយន្តដែលក្រឡាប់គឺម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទកង់៥មានគ្នាជិះ៩នាក់ ដឹកឆាកតន្ត្រីពីភ្នំពេញឆ្ពោះមកកាន់ទីរួមខេត្តកោះកុងដើម្បីប្រគុំតន្ត្រីក្រុមហ៊ុនស្រាបៀរហ្គែនស៍ប៊ើក ក្នុងនោះអ្នកជិះក្នុងរថយន្តជាមួយគ្នា4នាក់ទៀតរួចផុតពីគ្រោះថ្នាក់មិនមានរងរបួសអ្វីធ្ងន់ធ្ងរទេ។
បើតាមតំណាងសាខាដេប៉ូចែកចាយស្រាបៀរហ្គែនស៍ប៊ើកប្រចាំខេត្កោះកុង បានឲ្យដឹងថារថយន្តនេះដឹកឆាកតន្ត្រី មកកាន់ខេត្តកោះកុងដើម្បីរៀបចំតម្លើងឆាកប្រគុំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀរហ្គែនស៍ប៊ើកដែលគ្រោងប្រគុំឡើងនៅថ្ងៃទី៧មិថុនាឆ្នាំ២០១៦ ខាងមុខនេះ៕