ទីបញ្ជាការ​សឹក​រង​ខេត្តបន្ទាយមានជ័យ ក្លាយជា​ទីតាំង​ទទួល​បញ្ចាំ​រថយន្ត​

06-June-2016 | ដោយ មែន កំសត់


​ខេត្តបន្ទាយមានជ័យ ៖ យោងតាម​ការបំភ្លឺ​ពី​ស្ត្រី​ឈ្មោះ ជុំ ដាលីន អាយុ​៣១​ឆ្នាំ មាន​ផ្ទៃពោះ​៥​ខែ រស់នៅ​ភូមិ​រំចេក​៤ ឃុំ​រតនៈ  ខេត្តបាត់ដំបង បាន​រៀបរាប់​ឲ្យ​ដឹងថា គាត់​ជា​ជនរងគ្រោះ មាន​ប្តី​ឈ្មោះ ប៉ា​ញ រដ្ឋា អាយុ​៣១​ឆ្នាំ មានមុខរ​បរជា​អ្នករត់​តាក់ស៊ី បាត់ដំបង​-​បន្ទាយមានជ័យ បាន​យក​រថយន្ត​ម៉ាក LEXUS RX 300 ពណ៌​ស ស៊េរី​ឆ្នាំ​១៩៩៩  ពាក់​ស្លាក​លេខ​ភ្នំពេញ 2P1150 មួយគ្រឿង ទៅ​ដាក់បញ្ចាំ​ជាមួយ​ស្ត្រី​មេ​កុងស៊ី​ម្នាក់ នៅក្នុង​ខេត្តបន្ទាយមានជ័យ ក្នុងតម្លៃ​ទឹកប្រាក់​ចំនួន​១.៥០០​ដុល្លារ ដោយ​គ្មាន​ឯកសារ និង​កិច្ចសន្យា​អ្វី​បន្តិច​សោះឡើយ បន្ទាប់មក​ប្តី​គាត់​យកលុយ​ទៅលេង​ល្បែង​កាស៊ីណូ​មួយកន្លែង​នៅ​ក្រុង​ប៉ោយ ប៉ែត ចាញ់​អស់​លុយ​គ្មាន​សល់ ហើយ​ក៏បាន​ទូរស័ព្ទ​ឲ្យ​រូបគាត់​ជា​ប្រពន្ធ​មក​លួស​យក​រថយន្ត​ពី​ម្ចាស់ កុងស៊ី រួច​បិទ​ទូរស័ព្ទ​គេចខ្លួន​មិន​ចូល​ផ្ទះ​តែម្តង​។​

​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២ មិថុនា ២០១៦ ខណៈពេលដែល​ស្ត្រី​រងគ្រោះ​ឈ្មោះ ជុំ ដាលីន អាយុ​៣១​ឆ្នាំ បាន​ជិះ​រថយន្តឈ្នួល​ពី​ខេត្តបាត់ដំបង​មក​ទី​រួម​ខេត្តបន្ទាយមានជ័យ តាម​ការ​ណាត់​របស់​ស្ត្រី​ជា​មេកុង​ស៊ី​ឈ្មោះ វ៉ាន់ វណ្ណា​រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ និង​ប្តី​ឈ្មោះ ភា ជា​នាយទាហាន​ម្នាក់ មាន​ឋានៈ​ជា​ប្រធានការិយាល័យ ក​២ នៃ​ទីបញ្ជាការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ជុំ ដាលីន បាន​បន្តថា ខណៈពេលដែល​រូបគាត់​បានទទួល​ទូរស័ព្ទ​ពី​ស្ត្រី​ជា​មេ​កុងស៊ី កាលពី​ព្រឹក​ថ្ងៃទី​២ មិថុនា ភ្លាមនោះ រូបគាត់​ក៏បាន​ធ្វើដំណើរ​មកជា​មួយ​នឹង​ម្តាយ​មកជួប ដើម្បី​លួស​យក​រថយន្ត​ទៅវិញ ក៏ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ពួកគាត់​មានការ​ភ័យខ្លាច​នោះ គឺ​ស្ត្រី​ជា​មេ​កុងស៊ី​រូបនោះ​បាន​ណាត់​ផ្លាស់ប្តូរ​ទីកន្លែង​រហូតដល់ ទៅ​៣​ដង​ឯណោះ ។ លើក​ទី​១ ប្រាប់ថា ឲ្យ​មកជួប​នៅ​ប៉ោយប៉ែត លើក​ទី​២ ឲ្យ​ទៅ​ជួប​នៅ​ផ្សារ​ចំការ​.​គ ក្រុង​សិរីសោភ័ណ និង​ណាត់​លើក​ទី​៣ ឲ្យ​ពួកគាត់​ទៅ​ជួប​នៅក្នុង​បន្ទាយ​ទាហាន​សឹក​រង​ខេត្តបន្ទាយមានជ័យ​តែ ម្តង ដើម្បី​ជួបចរចា​គ្នា​លួស​យក​រថយន្ត​នោះមក​វិញ ។​

​ស្ត្រី​រងគ្រោះ​បានបញ្ជាក់​ឲ្យ​ដឹង​យ៉ាងច្បាស់​ថា នៅពេលដែល​បាន​ជួបនឹង​ស្ត្រី​មេកុង​ស៊ី​ឈ្មោះ វ៉ាន់ វណ្ណា​រី និង​ប្តី​ឈ្មោះ ភា ធ្វើជា​នាយទាហាន​នៅក្នុង​បន្ទាយ​សឹក​រង​ខេត្ត​នោះ ពួកគេ​បាន​និយាយ​មកកាន់​គាត់​ថា រថយន្ត​ខាងលើនេះ ត្រូវបាន​អ្នករត់​តាក់ស៊ី​យកមក​បញ្ចាំ​ក្នុងតម្លៃ​១.៥០០​ដុល្លារ ដោយ​ពុំមាន​បានធ្វើ​កិច្ចសន្យា​អ្វី​ឡើយ គឺ​គ្រាន់​តែមាន​បុរស​ជា​អ្នករត់​តាក់ស៊ី​២​នាក់​ផ្សេងទៀត ដែល​ធ្លាប់​យក​រថយន្ត​មក​បញ្ចាំ​ជាមួយ​ជា​អ្នកធានា​តែប៉ុណ្ណោះ ។​

​ស្ត្រី​រងគ្រោះ​បន្ថែម​ឲ្យ​ដឹង​ទៀតថា ដំបូង​ឡើង​ខណៈដែល​រូបគាត់​បានឃើញ​រថយន្ត​របស់ខ្លួន​វិញ​នោះ គឺ​គាត់​មានបំណង​ចង់​ប្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ផង ដែរ ដោយ​ឃើញ​ទង្វើ​របស់​ស្ត្រី​មេ​កុងស៊ី​ដែលមាន​ប្តី​ជា​នាយទាហាន​ម្នាក់​នោះ បាន​ប្រព្រឹត្តិ​ផ្ទុយទៅនឹង​ផ្លូវច្បាប់​បែបនេះ ក៏ប៉ុន្តែ​ពួកគាត់​មិន​ហ៊ាន ដោយសារតែ​ខ្លាច​អំណាច បុណ្យ​ស័​ក្កិ​របស់លោក​នាយទាហាន​រូបនោះ ដែល​បាន​យក​រថយន្ត​របស់គាត់​ទៅ​រក្សាទុក​នៅក្នុង​បន្ទាយ​ទាហាន​សឹក​រង ខេត្តបន្ទាយមានជ័យ​នេះ​តែម្តង ។ ហើយ​បន្ទាប់មក​ពួកគាត់​បាន​ព្រមព្រៀងគ្នា​ពិនិត្យ​ឯកសារ​រថយន្ត​ធ្វើ កិច្ចសន្យា​ប្រគល់​ទទួល​រួច ក៏បាន​ប្រគល់​លុយ​ឲ្យ​ស្ត្រី​ជា​មេ​កុងស៊ី និង​លោកនាយ​ទាហាន​នោះ​ចំនួន​១.៥០០​ដុល្លារ ទើប​ពួកគេ​ឲ្យ​យក​រថយន្ត​ចេញពី​បន្ទាយ​ទាហាន​សឹក​រង​ខេត្តបន្ទាយមានជ័យ​នោះ ផងដែរ​។​
​លោក​វរសេនីយ៍ឯក អ៊ិន សារិន មេបញ្ជាការរង​ស្តីទី​សឹក​រង​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៣ មិថុនា ឲ្យ​ដឹងថា បញ្ហា​ទាំងអស់​ខាងលើ​លោក​អត់​បានដឹង​ទេ ពេលនេះ​លោក​ជាប់រវល់​ប្រជុំ​ថ្នាក់​ភូមិភាគ ចាំ​ប្រជុំ​រួច លោក​ទូរស័ព្ទ​សួរ​នាំទៅ​លោកនាយ​ទាហាន​ជា​កូនចៅ​របស់លោក​ឈ្មោះ ភា នោះ រួច​លោក​នឹង​ចាត់ចែង​តាម​នីតិវិធី​វិន័យ​របស់​កងកម្លាំង​តែម្តង​។​

ចំនួនអ្នកទស្សនា

    20560047

  • ថ្ងៃនេះ2441
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2441
  • ខែនេះ117591
  • ឆ្នាំនេះ117591
  • សរុប20560047