រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រម្នាក់បានរស់នៅជាមួយប្រុសស្នេហ៍របស់នាងដូច ប្តីប្រពន្ធ ពេលសួរនាំរឿងចូលស្តីដណ្ដឹងរៀបការ និងប្រាប់ថា នាងផ្ទៃពោះ៣ខែហើយស្រាប់តែប្រុសព្រានអប្រិយបានរត់គេចខ្លួនបាត់ ធ្វើឲ្យនាងមានការខកចិត្តយ៉ាងខ្លាំងក៏មកប្តឹងសមត្ថកិច្ចប៉ូលិស ប៉ុស្តិ៍ចោមចៅកាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ឲ្យជួយអន្តរាគមន៍និងជួយស្វែងរកប្រុសព្រានម្នាក់នេះមក ទទួលខុសត្រូវផង ។
ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នាង ស្រី នី មានអាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរមួយកន្លែង ចំណែកប្រុសព្រានអប្រិយដែលបោកប្រាស់ខ្លួនប្រាណនាងរហូតមានផ្ទៃពោះ៣ ខែឈ្មោះ ធូន រ៉ា អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិសំពៅ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ស្ត្រីរងគ្រោះបានបន្តថា កាលពីឆ្នាំ២០១៥ ប្រហែលជា៧ខែមុន ដោយសារស្នាក់នៅផ្ទះជួលជិតគ្នា ប្រុសព្រានអប្រិយរូបនោះបានលួងលោម និងតាមសុំស្នេហ៍នាងរហូតនាងបាក់ចិត្ត ព្រមទាំងបានសន្យាថានឹងចូលស្តីដណ្ដឹងនាងយកធ្វើជាប្រពន្ធបន្ទាប់ ពីចូលឆ្នាំខ្មែររួចទៀតផង ។ ដោយសារតែសំដីផ្អែមល្ហែម លួងលោម នាងក៏បាក់ចិត្តជឿស្លុងរហូតព្រមប្រគល់ខ្លួនប្រគល់ប្រាណ ព្រមទាំងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៀតផង តែទីបំផុតក្រោយពេលចូលឆ្នាំខ្មែរហើយ នាងក៏បានសួរនាំរឿងចូលស្តីដណ្ដឹងរៀបការ ព្រមទាំងប្រាប់ពីរឿងនាងមានផ្ទៃពោះ៣ខែទៅហើយ ស្រាប់តែប្រុសព្រានអប្រិយរូបនោះគេចខ្លួនបាត់តែម្តង ។ ដោយគ្មានមធ្យោបាយទើបពេលនេះនាងមកសុំឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ជួយនាងផង ៕