មេ​តុងទីន​បោក​លុយ ជាង​៤០​ម៉ឺន​ដុល្លា​រត់​បាត់

07-June-2016 | ដោយ មែន កំសត់

 
​រាជធានី​ភ្នំពេញ ៖ ក្រុមអ្នកលេង​តុងទីន​ចំនួន​៣០​នាក់​ក្នុងចំណោម​គ្នា​៣០០​នាក់ ដែល​មេ​តុងទីន​បោក​យកលុយ​ជាង​៤០​ម៉ឺន​ដុល្លា កាលពី​៦​ខែ​មុន​នោះ នៅ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ ។ ហើយ​ពួកគាត់​បាន​បន្ត​លើកគ្នា ទៅកាន់​សាលាសង្កាត់​ចោមចៅ ដើម្បី​សុំ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​បន្តទៀត កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ ។​

​សមាជិក​តុងទីន​បាន​និយាយថា ពួកគាត់​ភាគច្រើន​គឺជា​អាជីវករ លក់ដូរ​នៅក្នុង​ផ្សារ​ឯករាជ្យ​២ ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​លេង​តុងទីន​ម្នាក់ៗ​ម​ចាប់ពី​៥​ក្បាល​ឡើងទៅ ដែល​ក្នុង​១​ក្បាលៗ ចាប់ពី​១​ម៉ឺន​រៀល ដល់​២០០​ដុល្លារ​ហើយ​សរុប ទាំងអស់​ជាង​៤០​ម៉ឺន​ដុល្លារ​ឯណោះ និង​ត្រូវបាន​មេ​ប្រមូលយក រត់ចោល​បាត់ស្រមោល​។ ប្រភព​ដដែល​បន្តថា មេ​តុងទីន​នោះ​ឈ្មោះ ទឹម ស្រី​នាង អាយុ​ប្រហែល​៤២​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម បាន​វេច​បង្វិច​ទៅ​ចោល​ពួកគាត់​រយៈពេល​៦​ខែ​មកហើយ និង​បាន​យកលុយ​ទៅ​ឲ្យ​ក្រុមគ្រួសារ​ធ្វើ​ផ្ទះ​វីឡា​យ៉ាង​ស្កឹមស្កៃ នៅក្នុង​ភូមិ​ត្រពាំង​ធ្នង់​នោះ​។​

​បន្ទាប់ពី​មេ​តុងទីន​រត់ចោល ពួកគាត់​បាននាំគ្នា ទៅប្ដឹង​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ ចំនួន​៣​លើក​មកហើយ ប៉ុន្តែ​ដោះ​មិន​ចេញ​មិនតែប៉ុណ្ណោះ នៅ​រាល់ពេល​ដោះស្រាយ​នោះ ឪពុក​មេ​តុងទីន​ម្នាក់​នោះ ក៏បាន​ទៅ​ជួប​អាជ្ញាធរ​ជំនួស​កូនស្រី របស់ខ្លួន​ដែរ​ប៉ុន្តែ​គាត់​បាន បដិសេធថា​អត់​ដឹងថា​កូន​គាត់​ទៅណា​ទេ និង​បានប្រកាស​កាត់កាល់​កូនស្រី​ម្នាក់​នោះ​ចោល​នៅ​នឹង​មុខ​អាជ្ញាធរ​ថែម ទៀតផង​។ ប្រភព​ខាងលើ​បាន​បន្តថា មេ​តុងទីន​ម្នាក់​នោះ​មាន​តូប​លក់ដូរ​នៅក្នុង​ផ្សា​រដែរ ពួកគាត់​បាន​លើកគ្នា ទៅកាន់​សាលាសង្កាត់​នាពេលនេះ គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ទៀត តើ​ត្រូវ​រឹបអូស​តូប​លក់ដូរ លក់​យកលុយ​ចែ​ល​ចាយ​គ្នា​ឬ​បែបណា ប៉ុន្តែ​ពេលទៅដល់​អាជ្ញាធរ​នៅតែ​មិនអាច​ដោះស្រាយ​ចេញ​ដដែល​៕

ចំនួនអ្នកទស្សនា

    20561347

  • ថ្ងៃនេះ3741
  • ម្សិលមិញ14181
  • សប្តាហ៍នេះ3741
  • ខែនេះ118891
  • ឆ្នាំនេះ118891
  • សរុប20561347