ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពីបទ​លួច​កុំព្យូទ័រ​

07-June-2016 | ដោយ មែន កំសត់


​ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ធ្វើការ​ឃាត់ខ្លួន​ពីបទ លួច​យក​កុំព្យូទ័រ​របស់គេ​យកទៅលក់ ។ ហេតុការណ៍​ឃាត​ខ្លួន​នេះ ធ្វើឡើង​នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​ចំណុច​ផ្លូវ​ដើម​ពុទ្រា ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ហើយ​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ​ដើម្បី​សាកសួរ​។ លោក​វរសេនីយ៍ ឯក ម៉ែន​ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​ផ្នែក ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ ហ៊​ង រ៉ាវី ប្រុស​អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

​លោក ម៉ែន ភិរម្យ បានបញ្ជាក់​ទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​យក​កុំព្យូទ័រ​ម៉ាក ASUS ពណ៌​ខ្មៅ​ទុក​លើ​តុ​ក្នុងផ្ទះ ហើយ​បាន​ដើរទៅ​ក្រោយ​បាត់​១០​នាទី​ក្រោយពី​ត្រឡប់មកវិញ​ស្រាប់តែ​បាត់ កុំព្យូទ័រ​នៅលើ​តុ​ដែល​ខ្លួន​ទុក ពេលនោះ​ជនរងគ្រោះ​បាន​ចេញមក​មុខ​ដើរមក​សួរ​អ្នករត់ម៉ូតូឌុប​នៅ​ជិត នោះ ម៉ូតូឌុប​បាន​និយាយថា​មុននេះ​បន្តិច​បានឃើញ​មនុស្ស​ដើរចូល​ក្នុងផ្ទះ​ហើយ បាន​កាន់​កុំព្យូទ័រ​ដើរចេញ​ដំ​ដៅ​ទៅ​កាស៊ីណូ​ផ្កាយ​៥ ពេលនោះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​តាម​ដល់​កាស៊ីណូ​ផ្កាយ​៥ ត្រង់​ហាង​លក់​ទូរស័ព្ទ​ពេលនោះ​ស្រាប់​ឃើញ​ជនសង្ស័យ​ឈរ​កាន់​កុំព្យូទ័រ ខ្លួន ក្នុង​គោលបំណង​លក់​ឲ្យ​ម្ចាស់​ហាង ពេលនោះ​ជនរងគ្រោះ​បាន​ស្រែកថា​ចោរៗ ធ្វើ​ឲ្យ​មានការ​ឆោឡោឡើង ស្របពេលនោះ​មាន​ប្រជាពលរដ្ឋ បាននាំគ្នា​ចាប់​ជនសង្ស័យ​វាយ​ឡើង​ទ្រមខ្លួន ហើយ​ចាប់​យកទៅ​ឲ្យ​កងរាជអាវុធហត្ថ​តែម្តង​។​

​លោក ម៉ែន ភិរម្យ បានបញ្ជាក់​ទៀតថា​ជន​សង្ស័យ​មានឈ្មោះ ឯម ផល្លា រស់នៅក្នុង​បន្ទប់​ជួល ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។ នៅមុខ​អាវុធហត្ថ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួច​កុំព្យូទ័រ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​ដោយសារតែ ខ្លួន​អត់លុយ​ចាយ​ខ្លាំង​។ ដោយបាន​ចម្លើយ​សាក្សី​ពី​ជនរងគ្រោះ​ហើយ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

ចំនួនអ្នកទស្សនា

    20561527

  • ថ្ងៃនេះ3921
  • ម្សិលមិញ14181
  • សប្តាហ៍នេះ3921
  • ខែនេះ119071
  • ឆ្នាំនេះ119071
  • សរុប20561527