ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានស្កាត់ជួបលោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ខណៈលោកដឹកនាំមន្ត្រីក្រោមឱវាទអមដោយអភិបាលក្រុងប៉ោយប៉ែត ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋនៅភូមិ និងសង្កាត់ប៉ោយប៉ែត ដើម្បីទាមទាររកយុត្តិធម៌ចោទថាមានគេលួចលក់ដី និងផ្ទះទៅឲ្យអ្នកដទៃ ព្រោះតែគាត់មិនបានបង់ប្រាក់តាមការកំណត់ឲ្យធនាគារមួយនៅក្រុង ប៉ោយប៉ែត។
ស្ត្រីខាងលើឈ្មោះ ធុច សុផាត អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិនិងសង្កាត់ប៉ោយប៉ែត។ ជួបជាមួយលោកអភិបាលខេត្តក្រុង ស្ត្រីខាងលើរៀបរាប់ថាកាលពីអំឡុងដើមឆ្នាំ2013គ្រួសារគាត់បាន ខ្ចីប្រាក់ពីធនាគារហត្ថាកសិករ នៅក្រុងប៉ោយប៉ែតនូវទឹកប្រាក់ចំនួន ២៥០០ដុល្លា។ ស្ត្រីខាងលើបន្តប្រាប់អាជ្ញាធរថា ដោយសារឆ្នាំនោះមានបញ្ហាគ្រោះទឹកជំនន់គាត់ និងប្តីជួបការខ្វះខាតក៏បាននាំគ្នាទៅធ្វើការលើទឹកដីថៃ ប៉ុន្តែបានផ្ញើប្រាក់មកឲ្យកូនបង់ខាងធនាគារជាបន្តបន្ទាប់ ចាប់តាំងពីខែទី០១គឺខែកុម្ភៈដល់ខែ០៩ ឆ្នាំ២០១៣។
ស្ត្រីខាងលើបន្តថា ដោយសារក្នុងខែតុលាឆ្នាំដដែលប្តីគាត់ត្រូវសមត្ថកិច្ចថៃចាប់ ដាក់គុកហើយគាត់ក៏នៅឯប្រទេសថៃ គ្មានប្រាក់ផ្ញើឲ្យកូនបង់ធនាគារស្រាប់តែអ្នកធានាគាត់យកប្រាក់ ដែលមានប្តីឈ្មោះ សាន ឧត្តម អាយុ៥១ឆ្នាំ ប្រពន្ធឈ្មោះ អន វណ្ណា អាយុ៥០ឆ្នាំ លួចលក់ដី និងផ្តិតមេដៃជំនួសគាត់ទៅឲ្យអ្នកដទៃធ្វើឲ្យគ្រួសាររបស់គាត់ដែល មានកូនក្នុងបន្ទុករហូត៦នាក់ ជួបនៅការខ្វះខាតគ្មានទីជម្រកសុំដីគេរស់នៅយ៉ាងវេទនា។ ស្ត្រីខាងលើបានលើកដៃសំពះអាជ្ញាធរសុំឲ្យជួយរកយុត្តិធម៌ហើយថា ករណីហ្នឹងគាត់ក៏បានដាក់បណ្តឹងទៅតុលាការរួចទៅហើយដែរ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ប៉ុន្តែមិនទាន់បានទទួលលទ្ធផលនៅឡើយទេ។ មិនតែប៉ុណ្ណោះគាត់ថាដីរបស់គាត់ទំហំ៣.៧ម៉ែត្រ គុណនឹង៩ម៉ែត្រ ផ្ទះថ្មក្រោមឈើលើមួយខ្នងត្រូវបានគេលក់តគ្នាពីមួយទៅមួយទៀត ដោយគ្រួសាររបស់គាត់មិនបានដឹងឡើយ។
ជុំវិញករណីចោទប្រកាន់ខាងលើឈ្មោះ សាន ឧត្តម មានទីលំនៅក្នុងភូមិកើតហេតុប្រាប់ថា ដំបូងគ្រួសារស្ត្រីខាងលើបានខ្ចីប្រាក់ពីធនាគារហត្ថាកសិករ សាខាក្រុងប៉ោយប៉ែត ដោយគ្រួសាររបស់គាត់ជាអ្នកធានា។ បុរសរូបនេះបន្តថាគ្រួសារខ្ចីប្រាក់ធនាគារនេះមិនបានបំពេញ កាតព្វកិច្ចបង់ប្រាក់ទៀងទាត់ដល់ធនាគារទេ មានខែខ្លះគ្មានប្រាក់បង់ ខាងធនាគារគេមកជួបគាត់ដោយសួរគាត់ថា តើក្នុងនាមជាអ្នកធានាសុខចិត្តលក់ផ្ទះឬដីខ្លួនឯងបង់ជំនួសគេឬ ក៏លក់ដី និងផ្ទះគេ(អ្នកខ្ចីប្រាក់)បង់ធនាគារ ? ជាការឆ្លើយតបជាមួយខាងបុគ្គលិកធនាគារគាត់ប្រាប់ថាការធានាគេ គ្រួសារគាត់មិនបាន១០០រៀលអ្វីទេ បន្ទាប់មកខាងធនាគារគេក៏ទៅជួបជាមួយអាជ្ញាធរសុំបិទប្រកាស់លក់ ផ្ទះ និងដីរបស់ស្ត្រីខាងលើជាបន្តបន្ទាប់២ទៅ៣ដង។
បុរសដដែលបន្តថា គ្រួសារគាត់មិនបានលួចលក់ដីនិងផ្ទះស្ត្រីខាងលើទេ ហើយថាផ្ទះ និងដីរបស់ស្ត្រីខាងលើខាងធនាគារហត្ថកសិករគេដាក់លក់ឡៃឡុងទៅ ឲ្យគ្រួសារមួយឈ្មោះ សៅ សំណាង ភេទប្រុស ជាអាជីវករលក់មាសនៅផ្សារថ្មីប៉ោយប៉ែតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត បន្ទាប់មកគ្រួសារអាជីវករលក់មាសនោះលក់បន្តទៅឲ្យគ្រួសាមួយទៀតដែល មានប្តីឈ្មោះ ម៉ាន់ ម៉ឺន អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ សុខ ជូ អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ក្នុងតម្លៃ ៧.០០០ដុល្លា។ យ៉ាងណាក៏ដោយករណីខាងលើពេលជួបសម្ភាសជាមួយគ្រួសារទិញផ្ទះ និងដីចុងក្រោយនេះប្រាប់ថាភាគីពាក់ព័ន្ធរួមមានអ្នកធានា និងអ្នកទិញទី១ ព្រមទាំងគាត់ត្រូវបានតុលាការកោះហៅជាបន្តបន្ទាប់ចំនួន2ដងរួចហើយ ។
គ្រួសារដដែលនេះ(ម៉ាន់ ម៉ឺន និង សុខ ជូ)បន្តថាបានពិគ្រោះគ្នាថាបើស្ត្រីម្ចាស់ដីព្រមសងប្រាក់ ២១៥០ដុល្លា មានន័យថាប្រាក់ជំពាក់ធនាគារ ១៨៥០ដុល្លា និងប្រាក់ឈ្មោះ សៅ សំណាងជាអាជីវករលក់មាសបង់ធនាគារជំនួស២ខែស្មើនឹង ៣០០ដុល្លា ។ សរុបទៅឲ្យអ្នកទិញទី១វិញគាត់(គ្រួសារទិញទី២) សុខចិត្តប្រគល់ដីនិងផ្ទះទៅឲ្យគ្រួសារម្ចាស់ដើមវិញ មិនគិតពីការខាងបង់ឡើយ។ ករណីខាងលើត្រូវបានលោក ហេង បូផាន់ នាយកសាខាធនាគារហត្ថាកសិករ ប្រចាំក្រុងប៉ោយប៉ែតប្រាប់កោះសន្តិភាពថាលោកទើបមកកាន់ការងារ២ ឆ្នាំប៉ុណ្ណោះ មិនបានដឹងរឿងរ៉ាវហ្នឹងទេត្រូវទាក់ទងអ្នកគ្រប់គ្រងចាស់សិន។
លោកនាយកសាខារូបនេះបន្តថាជាគោលការបើកូនបំណុលមិនបានបំពេញកត ព្វកិច្ចសងប្រាក់១ខែឬ២ខែខាងធនាគារមិនយកទ្រព្យសម្បត្តិទៅលក់ ឡៃឡុងរបស់គេទេ ប៉ុន្តែមិនដឹងថាគ្រួសារខាងលើធ្វើឯកសារលាយលក្ខណ៍អក្សរជាមួយអ្នក ធានាយ៉ាងណានោះដែរ ទើបកើតរឿងបែបនេះឡើង។ បញ្ហាខាងលើត្រូវបានលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យលើកឡើងប្រាប់ស្ត្រីរងគ្រោះថាបើវាស្ថិតលើ ដៃតុលាការហើយអាជ្ញារធរពិបាកបន្តិចប៉ុន្តែលោកថានិងរិះរកវិធី ដើម្បីជួយដល់គ្រួសារនេះដើម្បីឲ្យទទួលបានភាពយុត្តិធម៌៕