រថយន្ត​ថៃ​ដឹក​ពលករ​ខ្មែរ​បើក​រត់គេច​ពី​តម្រួត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ស្លាប់​៦​នាក់​របួសធ្ងន់​ស្រាល​ជាង​២០​នាក់​

09-June-2016 | ដោយ មែន កំសត់


 
​មាន​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ព្រំដែន កម្ពុជា​ថៃ​បាន​ឲ្យ​ដឹងថា​រថយន្ត​ថៃ​បាន​ដឹក​ពលករ​ខ្មែរ​ជាច្រើន​នាក់​ចេញពី ចំណុចរ​ផ្សារ​រ៉ុង​ក្លឿ​ក្នុង​ទឹកដី​ថៃ​ជាប់​ព្រំដែន​កម្ពុជា​សំដៅ​ទៅរក ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។ ក្នុងពេល​កំពុងធ្វើដំណើ​រ​អ្នកបើកបរ​បាន​ព្យាយាម បន្ថែម​ល្បឿន​គេច​ពី​តម្រួត​ថៃ​ដែល​ដេញតាម​ពីក្រោយ​រួច​ក៍​ជ្រុល​ទៅបុក បង្គោល​ភ្លើង​ពេញទំហឹង​បណ្តាល​ឲ្យ​ពលករ​ខ្មែរ​ស្លាប់​៦​នាក់​របួសធ្ងន់ ស្រាល​ជាង​២០​នាក់​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅតាម ដងផ្លូវ​ជាតិ​សុ​វណ្ណា​សន ស្ថិត​ក្នុងភូមិ​២ ឃុំ​ផាក់​ខាក់ ស្រុក​វ៉ា​ត់​ថា​ណាក់​ខន​ខេត្ត​ស្រះកែវ​កាលពី​វេលា​រំលងអធ្រាត្រ​ចូល​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ​២០១៦​។​

​ប្រភពពី​ព្រំដែន​កម្ពុជា​ថៃ​ដដែល​បាន ឲ្យ​ដឹង​ទៀតថា​ក្រោយពី​រថយន្ត​ជួប​គ្រោះថ្នាក់​មាន​ពលករ​ម្នាក់​ក្នុងចំណោម ពលករ​រងរបួស​នឹង​ស្លាប់​មានឈ្មោះ​សុខភាព​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មកពី ខេត្ត​ត​ពោធិ៍សាត់​និយាយប្រាប់​សមត្ថកិច្ច​ថៃ​ថា​មុន​ឈានដល់​កើតហេតុ ពួកគាត់​បាន​ជិះ​រថយន្ត​ម៉ាក​មិ​ស៊ុយ​ប៊ី​ស៊ី​របស់​ជនជាតិ​ថៃ​ចេញពី​ផ្សារ រ៉ុង​ក្លឿ​ជាប់​ព្រំដែន​កម្ពុជា​សំដៅ​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។ លុះ​កំពុងតែ​ធ្វើដំណើរ​មាន​រថយន្ត​របស់​តម្រួត​ថៃ​ដេញតាម​ពីក្រោយ អ្នកបើកបរ​ឃើញ​សភាព​បែបនេះ​ក៍​បន្ថែម​ល្បឿន​លឿន​ទើប​ជ្រុល​ចង្កូត​ធ្លាក់ ប្រឡាយ​ហើយ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​ស្លាប់​និង​របួស​បែបនេះ តែម្ដង​។

​ប្រភព​នោះបាន​បន្តថា​នៅ​កន្លែងកើតហេតុ​គេ​ឃើញ​សមត្ថកិច្ច ថៃ​ពីរ​ស្រុក​មកជួយ​សង្គ្រោះ​ពលករ​ខ្មែរ​គឺ​ក្រុមទី​១​មកពី​ស្រុក​អារញ្ញ ចំណែក​ក្រុមទី​២​មកពី​ស្រុក​វ៉ា​ត់​ថា​ណាក់​ខន​ជាមួយ​អ្នកស្រុក​នៅ​ជិត​នោះ ដើម្បី​ជួយ​ជនរងគ្រោះ​។ ប្រភព​បញ្ជាក់ថា​បើទោះជា​មាន​កង​អន្តរាគមន៍​ជួយសង្គ្រោះ​យ៉ាងណា​ក៍ដោយ​ពលករ មួយចំនួន​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​គឺ​ដោយសារតែ​រថយន្ត​សង្កត់​លើ​។ ក្រុម​ពលករ​ដែល​រងរបួស​១២​នាក់​ស្រី​៥​នាក់​ត្រូវគេ​ដឹក​យកទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ក្នុងស្រុក​កើតហេតុ​។ ចំណែក​១២​នាក់​ទៀត​មាន​ស្រី​៦​នាក់ ត្រូវគេ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អារញ្ញ​។ ពលករ​ទាំងអស់នោះ​នៅ​មិនទាន់​ដឹង​អត្តសញ្ញាណ​នៅឡើយ​ទេ​ពេលនេះ​សមត្ថកិច្ច​ថៃ កំពុងតែ​ស្រាវជ្រាវ​។ ជុំវិញ​ករណី​ខាងលើនេះ​លោក​ប៊ុន​សុខ​វិបុល​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត ស្រះកែវ​មិនអាច​សុំ​ការបំភ្លឺ​បានឡើយ ព្រោះ​ទូរស័ព្ទ​លោក​មិនអាច​ទំនាក់់ទំនង​បាន​៕

ចំនួនអ្នកទស្សនា

    20561157

  • ថ្ងៃនេះ3551
  • ម្សិលមិញ14181
  • សប្តាហ៍នេះ3551
  • ខែនេះ118701
  • ឆ្នាំនេះ118701
  • សរុប20561157