រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ត្រូវនារីរកស៊ីផ្លូវភេទ២នាក់ល្បូង ឡើងឋានសួគ៌នៅផ្ទះសំណាក់ ហើយដាក់ថ្នាំចូលទឹកក្រឡុកឲ្យផឹកសន្លប់ស្តូកស្តឹង រួចបម្រុងយកម៉ូតូជនរងគ្រោះ តែត្រូវម្ចាស់ផ្ទះសំណាក់ឃាត់ខ្លួនបានម្នាក់ក្នុងចំណោម២នាក់ ប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ «ពន្លឺពេជ្រ» តាមបណ្ដោយផ្លូវលេខ៨៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា នារីសង្ស័យឈ្មោះ សេង លីម៉េង អាយុ២៨ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ត្រូវបានឃាត់ខ្លួន និងនារីម្នាក់ទៀតដែលបានរត់គេចខ្លួនបាត់ឈ្មោះ ស្រី មុំ មុខរបររកស៊ីផ្លូវភេទ ។ រីឯជនរងគ្រោះឈ្មោះ ហែម សុភី អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិដំណាក់ធំ សង្កាត់មានជ័យ ខណ្ឌមានជ័យ ត្រូវនារីទាំង២នាក់ដាក់ថ្នាំសណ្ដំបម្រុងយកម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-3283 ។
សមត្ថកិច្ចឲ្យដឹងទៀតថា មុនពេលកើតហេតុ នារីសង្ស័យទាំង២នាក់បានល្បួងជនរងគ្រោះមកដេកផ្ទះសំណាក់យីហោ« ពន្លឺពេជ្រ»ជាមួយគ្នា តែពេលចូលដល់ក្នុងផ្ទះសំណាក់ត្រូវនារីសង្ស័យបានប្រើល្បិចដាក់ ថ្នាំ៦គ្រាប់ចូលក្នុងទឹកក្រឡុកឲ្យជនរងគ្រោះផឹកធ្វើឲ្យជនរង គ្រោះសន្លប់ស្តូកស្តឹង ហើយចុះមកក្រោមបម្រុងយកម៉ូតូជនរងគ្រោះតែត្រូវម្ចាស់ផ្ទះសំណាក់ សង្ស័យ ក៏ឡើងទៅមើលឃើញជនរងគ្រោះដេកសន្លប់ក៏បញ្ជូនជនរងគ្រោះទៅ មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ ។
ឆ្លៀតឱកាសនោះនារីសង្ស័យម្នាក់បានរត់គេចខ្លួនបាត់តែម្តង ។ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះសំណាក់បានប្រគល់នារីសង្ស័យឈ្មោះ សេង លីម៉េង ទៅឲ្យសមត្ថកិច្ចមូលដ្ឋានដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕