រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនតាមពាក្យបណ្តឹង ក្រោយធ្វើសកម្មភាពយកកាំបិតគំរាមចាប់រំលោភនារីអ្នករត់តុម្នាក់ បានសម្រេចពីរដងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០៩ មិថុនា ២០១៦ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន បានឲ្យដឹងជំហានដំបូងទៀត ថា យុវជនដែលសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ០៩ មិថុនានៅក្នុងភូមិ-សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវនេះឈ្មោះ សារុន តារា អាយុ២៣ឆ្នាំ ជាក្មួយថៅកែហាងផឹកស៊ីគ្រឿងក្លែមមួយនៅមុខរោងចក្រក្នុងភូមិសាស្ត្រ ខាងលើ និងមានស្រុកកំណើតនៅក្នុងភូមិសំរោង ឃុំតាឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ។
បើតាមនារីរងគ្រោះអាយុ១៨ឆ្នាំបានឲ្យដឹងថា មុនពេលកើតហេតុ ពោលគឺនៅវេលាម៉ោង១១យប់ពេលចប់ការលក់ដូរ នាងបានចូលទៅដេកក្នុងបន្ទប់ ស្រាប់តែយុវជនសង្ស័យដែលស្ថិតក្នុងស្ថានភាពស្រវឹង បានចូលមកក្នុងបន្ទប់របស់នាងយកកាំបិតភ្ជង់គំរាមនិងចាប់នាង រំលោភសម្រេចពីរដង ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នាងបាននិយាយរឿងរ៉ាវប្រាប់បងប្អូនស្រីជីដូនមួយនាង រួចក៍បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទួលសង្កែ ។
សេចក្តីរាយការណ៍បានបន្តថា ក្រោយទទួលបានពាក្យបណ្តឹង ប៉ូលិសប៉ុស្តិ៍ក៍ទៅឃាត់ខ្លួនជនសង្ស័យតែម្តង និងកំពុងសាកសួរព័ត៌មានបន្ថែមដើម្បីចាត់ការតាមផ្លូវច្បាប់ ៕