ជិត​ដល់​ថ្ងៃ​ចេញពី​ពន្ធនាគារ​កើត​ជំងឺលើសឈាម​ស្លាប់​

10-June-2016 | ដោយ មែន កំសត់


 
​កំពង់ចាម​៖​បុរស​ជា​ទណ្ឌិត​វ័យ​៣២​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​គឺ​ប្រមាណ​ជាង​ពីរ​ម៉ោង​បន្ទាប់ពី​ជនរងគ្រោះ​ម្នាក់នេះ​មាន​អាការ​:​ឈឺក្បាល​វិលមុខ​ហើយ​ប្រកាច់ នៅក្នុង​ពន្ធនាគារ​ខេត្ត​នេះ​កាលពី​ម៉ោង ៣ ទៀបភ្លឺ​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៦​។​
    
​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សុះ​សារី​អាយុ​៣៧​ឆ្នាំ​ត្រូវជា​បង​បង្កើត​របស់​ជនរងគ្រោះ​ដែល​បាន​ទទួលយក​សាកសព​ពី​មន្ទីរពេទ្យ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្អូនប្រុស​របស់ខ្លួន​ដែល​ស្លាប់​ឈ្មោះ សុះ សា​វី អាយុ ៣២ ឆ្នាំមាន​ទីលំនៅ​ភូមិ​រកា​លើ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។ គេ​បាន​ស្លាប់​ដោយសារ​ជំងឺ​លើស​សម្ពាធ​ឈាម​ខណ​:​ដែល​នៅសល់​ប្រមាណ​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ​រួចផុត​ពី​ទោ​សេ​ពី​ក្នុង​ពន្ធនាគារ​។​

​លោក​យន់​ពៅ​ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ចាម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៩​ខែមិថុនា​នេះ​ថា​ទណ្ឌិត​ឈ្មោះ​សុះ​សា​វី​បាន​បញ្ជូន​ចេញ​តាម​រថយន្ត​ពី​បន្ទប់​ឃុំខ្លួន​នៃ​ពន្ធនាគារ​ខេត្តកំពង់ចាម​នៅ ម៉ោង ៣ ទៀបភ្លឺ​ថ្ងៃទី ០៩ មិថុនា​ទៅ​សង្គ្រោះ​ឯ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម បន្ទាប់ពី​អ្នកទោស​ជា​ជនរងគ្រោះ​ម្នាក់នេះ បាន​ប្រាប់​អ្នកទោស​ដូចគ្នា​ថា ឈឺក្បាល វិលមុខ ហើយ​ឃើញ​ប្រកាច់​។​

​ប្រភព​នោះបាន​ឲ្យ​ដឹងថា​សុះ​សា​វី​កំពុង​អនុវត្ត​ទោស​ពីបទ​ជួញដូរ​គ្រឿងញៀន​រយ​:​ពេល​ពីរ​ឆ្នាំ​គឺ​ជនរងគ្រោះ​ម្នាក់នេះ​អនុវត្ត​ទោស​ជិត​បានសម្រេច​ហើយ​គឺ​នៅសល់តែ​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​គឺ​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៦​ខាងមុខ​នឹង​រួចខ្លួន​។ តាម​លិខិតបញ្ជាក់​មរណភាព​រប​ស់​គ្រូពេទ្យ​ផ្នែក​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ដែល​គ្មាន​ចុះ​លេខ​លិខិត​ចេញ​នៅ​ថ្ងៃទី ៩ មិថុនា​នេះ​ថា បុរស​ឈ្មោះ សុះ សា​វី អាយុ ៣២ ឆ្នាំ​ពិតជា​បាន​ស្លាប់​ដោយសារ​សរសៃឈាម​ខួរក្បាល​ជំងឺ​លើស​សម្ពាធ​ឈាម​កាលពី​ម៉ោង​៥ និង ១០ នាទី​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ​២០១៦៕

ចំនួនអ្នកទស្សនា

    20562647

  • ថ្ងៃនេះ5041
  • ម្សិលមិញ14181
  • សប្តាហ៍នេះ5041
  • ខែនេះ120191
  • ឆ្នាំនេះ120191
  • សរុប20562647