សមត្ថកិច្ចរកឃើញសពក្មេងស្រីដែលស្អុយនិងម៉តូ១គ្រឿងដែលបានលិចទុកនៅកំពង់ចម្លងកោះកែវ

11-June-2016 | ដោយ មែន កំសត់


​កណ្តាល​៖ អធិការនគរបាល​ស្រុក​ល្វាឯម ខេត្តកណ្តាល លោក ជា ថុល បាន​ប្រាប់ ថា គិត​ត្រឹម​ក្បាល​ព្រលប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​របស់លោក សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ព្រមទាំង​ប្រជាពលរដ្ឋ បាន​ចុះ​រាវរក​ឃើញ​សព​ក្មេងស្រី​អាយុ​២​ឆ្នាំ និង​ម៉ូតូ​មួយគ្រឿង​ហើយ ក្នុងករណី​លិច​ទូកដ នៅ​កំពង់ចម្លង​កោះ​កែវ​-​ជ្រោយ​ដង ក្នុងភូមិ​កោះ​កែវ​ក្រោម ឃុំ​កោះ​កែវ ស្រុក​ល្វាឯម នៃ​ទន្លេមេគង្គ​ក្រោម​។​

​លោក ជា ថុល បាន​បញ្ជាក់ថា "​តាំងពី​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ រហូតមកដល់​មកដល់​ម៉ោង​៥៖៣០​នាទី​ល្ងាច ខ្ញុំ​ជា​អធិការនគរបាល ស្រុក​ល្វាឯម បាន​ដឹកនាំ​កម្លាំង​នគរបាល​២៥​នាក់ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​២​នាក់ ព្រមទាំង​ប្រជាជន បាន​ជួយ​ស្ទូច​ទូកដ​លិច និង​ស្វែងរក​សាកសព​ក្មេងស្រី​អាយុ​២​ឆ្នាំ ហើយ​រក​ម៉ូតូ​ចំនួន​៤​គ្រឿង ដោយ​ប្រើប្រាស់ អេស​ស្កា​វឺ​ទ័​រ​មួយគ្រឿង ទូក​តូច​៤​គ្រឿង​មក​មុជ​ចង​ទាញ​ទូកដ ដែល​លិច​នោះ​"​។​

​លោក​បាន​បន្តទៀតថា "​កិច្ចប្រតិបត្តិការ​មកដល់​ម៉ោង​៥:៣៥​នាទី បាន​អូស​ទូក​បាន​ពាក់កណ្ដាល​មកលើ​មាត់ច្រាំង ហើយ​បាន​ចុះ​រាវ​រកឃើញ​សាកសព​ក្មេងស្រី​ឈ្មោះ​សី​ុ​ណា យូ​សៀក អាយុ​២​ឆ្នាំ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​រកឃើញ​ម៉ូតូ​មួយគ្រឿង នៅ​បាត់​៣​គ្រឿង​ទៀត យើង​កំពុង​ស្វែងរក​"​។​
​សូមបញ្ជាក់ថា សម្រាប់​គ្រោះថ្នាក់​សង្គម​មួយ​នេះ បាន​បណ្តាល​ជនរងគ្រោះ​២​នាក់ (​ជា​ជីតា និង​ចៅស្រី​) បាន​លង់ទឹក​ស្លាប់ លិច​ម៉ូតូ​៤​គ្រឿង និង​លុយកាក់ ទ្រព្យសម្បតិ្ត​មួយចំនួនទៀត ចូលទៅក្នុង​ទន្លេ ហើយ​នៅ​ល្ងាច​ថ្ងៃ​ម្សិលមិញ សព​ជីតា​ត្រូវបាន​រកឃើញ និង​ស្រង់​មកលើ​គោក​ខណៈ​ទូកដ ទើបតែ​រកឃើញ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​។​
​មន្ត្រីនគរបាល​ស្រុក​ល្វាឯម បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៖៣០​នាទី​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​កំពង់ចម្លង «​កោះ​កែវ​ជ្រោយ​ដង​» ក្នុងភូមិ​កោះ​កែវ​ក្រោម ឃុំ​កោះ​កែវ មាន​ហេតុការណ៍​ទូក​ចម្លង បាន​ដឹក​អ្នកដំណើរ​ពី​ចំណុច​កំពង់​កោះ​កែវ ឆ្លងទន្លេ ទៅ​ចំណុច​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ដែលមាន​អ្នកធ្វើដំណើរ​សរុប​៨​នាក់ ក្នុងនោះ​ស្រី​៦​នាក់​។​

​ពេល​រៀប​ចេញដំណើរ មេឃ ង​ងិ​ត រលឹម​តិចៗ ហើយ​ទូក​ថយ​ចេ​ញេ​ពី​ខាង​បាន​ប្រហែល​៣០​ម៉ែត្រ ស្រាប់តែ​ធ្លាក់​ភ្លៀងខ្យល់​ខ្លាំង​បក់ មកដល់​បង្ក​ឲ្យ​មាន រលក​ធំៗ បោក​មកលើ​ទូក បណ្តាល​ឲ្យ​ក្រឡាប់​លិច​តែម្តង​។ ភ្លាមៗ​នោះ អ្នកដំណើរ​បាន​ហែល​រួចខ្លួន​ចំនួន​៦​នាក់ ប្រុស​២​នាក់ ស្រី​៤ ហើយ​បាត់​ខ្លួន ២​នាក់ រក​ប៉ុន្តែ​ក្រោយមក​ឃើញ​សាកសព​ម្នាក់ នៅសល់​ម្នាក់​គឺ​ក្មេងស្រី អាយុ​២​ឆ្នាំ​។​

​មន្ត្រីនគរបាល​បាន​បញ្ជាក់ថា ជនរងគ្រោះ​ទី​១ ឈ្មោះ ឈឺ​ន កូ អាយុ​៦១​ឆ្នាំ មុខរបរ​កសិករ និង​ទី​២​ជា​ចៅស្រី ឈ្មោះ គី​ណា យូ​សៀក អាយុ​២​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​កោះ​កែវ​ក្រោម ឃុំ​កោះ​កែវ ស្រុក​ល្វាឯម​។ ដោយឡែក ម្ចាស់​ទូកដ​ឈ្មោះ ស៊ុន ថៃ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ពិសី ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម ហើយ​អ្នកបើកបរ​ទូក ឈ្មោះ ស៊ុន គីម​លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កោះ​កែវ​លើ ឃុំ​កោះ​កែវ គេចខ្លួនបាត់​។​
​ដោយឡែក​សម្ភារ​ដែល​ត្រូវ​បាត់បង់​រួមមាន​៖ ១. ម៉ូតូ​C១២៥ ស៊េរី​២០១៥ ចំនួន ១​គ្រឿង ២.​ម៉ូតូ​C១២៥​ស៊េរី ២០១២ ចំនួន​១​គ្រឿង ៣.​ម៉ូតូ គុប​ជ្រុង​C៩០​ចំនួន​១​គ្រឿង ម ៤.​ម៉ូតូ​C១២៥​ស៊េរី ២០១៣ ចំនួន​១​គ្រឿង ទី​៥-​ទូរស័ព្ទ​ចំនួន​៥​រឿង ទី​៦-​ប្រាក់​៧០០​ដុល្លារ និង​ប្រាក់​៥២០០០០​រៀល ព្រមទាំង​ឯកសារ​មួយចំនួនទៀត​៕

ចំនួនអ្នកទស្សនា

    20563097

  • ថ្ងៃនេះ5491
  • ម្សិលមិញ14181
  • សប្តាហ៍នេះ5491
  • ខែនេះ120641
  • ឆ្នាំនេះ120641
  • សរុប20563097