លោក មាស សុភាព ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ត្រូវបាន​បែកធ្លាយ​រឿងអាស្រូវ​ថា បាន​លួច​ដី​រដ្ឋ​របស់​មន្ទីរ​លក់​

11-June-2016 | ដោយ មែន កំសត់


​ខេត្តកោះកុង ៖ លោក មាស សុភាព ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ត្រូវបាន​បែកធ្លាយ​រឿងអាស្រូវ​ថា បាន​លួច​ដី​រដ្ឋ​របស់​មន្ទីរ​លក់​បាន​ប្រាក់​ប្រមាណ​ជាង​៣​សែន​ដុល្លារ រួច​សម្ងំ​ស្ងាត់ឈឹង​ធ្វើ​ដូច​ចោរលួច​សេះ ។ រឿងអាស្រូវ​នេះ​ត្រូវបាន​បែកធ្លាយ​ដោយសារតែ​មន្ត្រីក្រោមឱវាទ​ច្រើន នាក់​បានដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួងកសិកម្ម ដែលជា​អាណាព្យាបាល​របស់ខ្លួន ហើយ​លោក​រដ្ឋមន្ត្រី​ដែល​ឡើង​ថ្មី វេ​ង សាខុន ក៏បាន​ចេញ​លិខិត​បេសកកម្ម​ចំនួន​២​ស្ទួន​គ្នា ទី​១​លិខិត​ចុះ​ថ្ងៃទី​៣១ ឧសភា ២០១៦ ចាត់តាំង​លោក គឹម សុន អគារ​ធិ​ការ​នៃ​អគារធិការដ្ឋាន និង​មន្ត្រីក្រោមឱវាទ​ចំនួន​៤​នាក់ ។ លិខិត​មួយទៀត ចុះ​ថ្ងៃទី​២ មិថុនា ២០១៦ ចាត់តាំង​លោក អ៊ុ​ល នទី ប្រធានការិយាល័យ​ទ្រព្យ​រដ្ឋ នៃ​នាយកដ្ឋាន​គណនេយ្យ ហិរញ្ញវត្ថុ និង​មន្ត្រីក្រោមឱវាទ​ម្នាក់ ដើម្បី​ចុះ​អង្កេត​ស្រាវជ្រាវ​ករណី​បណ្តឹង​លក់​ដី ដែលមាន​កត់ត្រា​ក្នុង​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​ម​ន្ទីរ កសិកម្ម​ខេត្តកោះកុង ។​

​នៅ​ថ្ងៃទី​៣ មិថុនា ២០១៦ ក្រុមការងារ​អធិការកិច្ច​នៃ​ក្រសួងកសិកម្ម​ក៏បាន​ចុះមក និង​ធ្វើការ​សាកសួរ​មន្ត្រី​ទាំងអស់ របស់​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​ម្នាក់​ម្តងៗ ។ មន្ត្រី​ទាំងនោះ មិន​ត្រឹមតែ​បកស្រាយ​ការពិត​ឱ្យ​ក្រុមអធិការកិច្ច បានដឹង​ប៉ុណ្ណោះ​ទេ គឺ​ក្រុមមន្ត្រី​ក៏បាន​បង្ហើប​ឱ្យ​​បានដឹង​ដែរ​ថា ដី​ដែល​លោក​ប្រធាន​លួច​លក់​ស្ងាត់ៗ​នេះ គឺមាន​ទំហំ​ស្មើនឹង​៣០​អា​៤១​ស​ង្ទី​អា ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ​៤៨ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។ ពួកគេ​ថា​លក់​ឱ្យទៅ​ឈ្មោះ ជា លាង​ហេង ជា​ម្ចាស់​ក្លិប​ជល់​មាន់ និង​យូគី ដ៏​ល្បីល្បាញ​នៅក្នុង​អាណាចក្រ​កោះកុង ។​​ប្រភព​ដដែល​បាន​បង្ហើប​ទៀតថា ដី​ខាងលើនេះ ត្រូវបាន​លោក​ប្រធាន​លួច​លក់​តាំងពី​ថ្ងៃទី​១៧ មិថុនា ២០១៥ បើ​គិត​មកដល់ពេលនេះ គឺមាន​រយៈពេល​មួយឆ្នាំ​ហើយ ។​

 ប្រភព​ដដែល​បាន បន្តថា មូល​ហេតុដែល​ថ្នាក់លើ​មិនបាន​ដឹង​ពី​ករណី​លួច​លក់​ដី​រដ្ឋ​នេះ គឺ​ដោយសារ​ឯកសារ​លក់​ទិញ លោក​ប្រធាន​មន្ទីរ​មិនបាន​រត់​ឯកសារ​ឆ្លងកាត់​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ទេ គឺ​លោក​ប្រធាន​ឃុបឃិត​គ្នា តែ​ជាមួយ​អាជ្ញាធរ ក្រុង​ខេមរភូមិន្ទ ប្រធានការិយាល័យ​ភូមិបាល​ក្រុង និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត តែប៉ុណ្ណោះ សង្ស័យ​លោក ហាក់ បូរ៉ា ប្រធានការិយាល័យ​ភូមិបាល​ក្រុង​ខេមរភូមិន្ទ កំពុង​ជាប់​ពាក់ព័ន្ធ​ដីធ្លី​ធ្ងន់ធ្ងរ​ដែរ ។​
​ប្រភព​ផ្ទៃក្នុង​បាន​ទម្លាយ​ឱ្យដឹងទៀតថា បន្ទាប់ពី​ក្រុមមន្ត្រី​អធិការកិច្ច និង​ប្រធានការិយាល័យ​ទ្រព្យ​រដ្ឋ​នៃ​ក្រសួង​ក្រសួងកសិកម្ម ចុះ​ស្រាវជ្រាវ​រកឃើញ​បទល្មើស​ទាំងនេះហើយ ទើប​នៅ​យប់​ថ្ងៃទី​៨ មិថុនា ២០១៦ លោក​ប្រធាន​មន្ទីរ​បាន​ជួល​កម្មករ​ឱ្យទៅ​វាយកម្ទេច​បង្គោលរបង​ខណ្ឌ​ចែក​ដី ដែល​បាន​លួច​លក់ និង​ដី​នៅសល់​ចោល ដើម្បី​បំភ័ន្ត​ភ្នែក​ក្រុមការងារ​ថ្នាក់​ខេត្ត ត្រូវ​ចុះទៅ​វាស់វែង​នៅ​ព្រឹក​ថ្ងៃទី​៩ មិថុនា ២០១៦ ឱ្យ​មើលទៅ​ឃើញ​ទ្រង់ទ្រាយ​ដីឡូត៍​តែមួយ​ដូចដើម​វិញ ដើម្បី​បំភ័ន្ត​ភ្នែក​អ្នកសារព័ត៌មាន និង​ក្រុមការងារ ។​

​ប្រភព​ខាងលើ​បាន​បន្តថា ទោះបី​លោក មាស សុភាព ប្រធាន​មន្ទីរ​បាន​សារភាព​ចំពោះមុខ​ក្រុមអធិការកិច្ច​ក្រសួង​ក៏ពិតមែន ហើយ​រឿងអាស្រូវ​ត្រូវបាន​បែកធ្លាយ​យ៉ាង​អសោចិ៍ តែ​នៅ​ចំពោះមុខ​មន្ត្រីក្រោមឱវាទ​លោក​ប្រធាន​រូបនេះ​នៅតែ​ធ្វើខ្លួន​ដូច អត់​ដឹង​រឿង​អី្វ​សោះ ហើយ​ប្រាប់​កូនចៅ​ថា ខ្ញុំ​អត់​ដឹងអី​ទេ ។ ទោះជា​យ៉ាងណាក៏ដោយ ដំរី​ងាប់ មិនអាច​យក​ចង្អេ​បាំង​ជិត​ឡើយ ចាំមើល​លោក​ប្រធាន​រត់ចេញ​ច្រក​ណា ?
​បាន​ព្យាយាម​ទំនាក់ទំនង​លោក ហាក់ បូរ៉ា ប្រធានការិយាល័យ​ភូមិបាល​ក្រុង​ខេមរភូមិន្ទ និង​លោក រស់ វី​រ៉ាវុធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដើម្បី​សុំ​ការបំភ្លឺ តែ​ទូរស័ព្ទ​ចូល អត់​មាន​អ្នកទទួល ។ ប៉ុន្តែ​លោក ធូ វិបុល អភិបាលក្រុង​ខេមរភូមិន្ទ និង​លោក ទេព វី​ស្កល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បដិសេធថា អត់​បានដឹង​រឿងនេះ​ទេ ។​

​លោក ផុន លី​វីរៈ អភិបាលរង​ខេត្ត និង​អតីត​ជា​ប្រធាន​មន្ទីរ​កសិកម្ម មុន​លោក មាស សុភាព ហើយ​ដែល​កូនចៅ​គោរព​ស្រឡាញ់​គ្រាប់​គ្នា​នោះ បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃទី​៩ មិថុនា ២០១៦ ថា ដី​មន្ទីរ​នេះ លោក​ធ្លាប់​ប្រគល់ឱ្យ​ការិយាល័យ​ជលផល ដើម្បី​សាងសង់​ការិយាល័យ​រប​ស់​ខ្លួន​ដោយឡែក តែ​ដោយ​កាលណោះ​គ្មាន​ទឹក គ្មាន​ភ្លើង​ទៅដល់ ក៏​ចេះតែ​នៅ​ទំនេរ​រហូត​ទៅ ហើយ​អ្នក​ដែល​ហ៊ាន​កាត់​ដី​នេះ​លក់ ទោះបី​អ្នកលក់​ប្រគល់​លុយ​ឱ្យ​អ្នកទិញ ហើយ​យក​ដី​ឱ្យ​រដ្ឋ​វិញ ក៏ត្រូវ​ទទួលទោស​ទណ្ឌ​ដែរ មិនអាច​រួចខ្លួន​ពី​ផ្លូវច្បាប់​ឡើយ ។​
​ក្រុមអ្នកវិភាគ​យល់ឃើញ​ថា សម័យ​នេះហើយ​មិនគួរ​មាន​មន្ត្រី​ថ្លើមធំ​ហ៊ាន​យក​ដី​ទំនេរ​របស់​ក្រសួង មន្ទីរ​លក់ដូ​ចលក់​ត្រី​បែបនេះ​សោះ ។ ចាំមើល​ទៀត តើ​ជាស​ម្ល​កំ​ពិស​ដែរ​ឬ​អត់ ?៕

ចំនួនអ្នកទស្សនា

    20563317

  • ថ្ងៃនេះ5711
  • ម្សិលមិញ14181
  • សប្តាហ៍នេះ5711
  • ខែនេះ120861
  • ឆ្នាំនេះ120861
  • សរុប20563317