ភ្នំពេញ៖កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនស្រី្តចំណាស់ម្នាក់ដែលទាក់ទង ក្មេងស្រីៗពីរនាក់ដើម្បីប៉ុនប៉ងលក់និងបានភូតភរក្មេងស្រីៗនោះថា ទៅធ្វើការនៅប្រទេសចិន។ប្រតិបត្តិការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅ ចំណុចផ្លូវ៦អាខាងកើតវង្វង់មូលជ្រោយចង្វារស្ថិតក្នុងសង្កាត់ ជ្រោយចង្វារខណ្ឌជ្រោយចង្វារកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថាតាមចម្លើយរបស់ស្ត្រីសង្ស័យឈ្មោះអ៊ុចសេងហុង អាយុ៤៥ឆ្នាំបានឲ្យដឹងថារូបគាត់ពិតជាមានគោលបំណងប៉ុនប៉ងយក ក្មេងស្រី២នាក់ទៅលក់នៅប្រទេសចិន។ក្នុងនោះបានធ្វើលិខិតឆ្លងដែន រួចរាល់អស់ហើយដោយធ្វើដំណើរតាមរថយន្តក្រុងពីភ្នំពេញទៅប្រទេសវៀតណាម និងបន្តដំណើរតាមយន្តហោះពីប្រទេសវៀតណាមទៅប្រទេសចិននៅវេលាម៉ោង១០ យប់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៦នេះ។នារីរងគ្រោះទី១ឈ្មោះ ខន ជឿនអាយុ២៦ឆ្នាំ និងនារីទី២ឈ្មោះ ផាត រាំភឿងអាយុ១៩ឆ្នាំ។
មន្ត្រីជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងផងដែរពាក់ព័ន្ធនិងករណីនេះកម្លាំងបានធ្វើការស្រាវជ្រាវ យូរមកហើយរហូតមករសៀលថ្ងៃកើតហេតុនេះទើបបានកម្លាំងនគរបាលនៃការិយាល័យ ចុះតាមនិងឃាត់ខ្លួនស្ត្រីចំណាស់ម្នាក់ដែលជាមេខ្យល់និងក្មេងៗ ស្រីរងគ្រោះ២នាក់យកមកសួរនាំនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនតែម្ដង។
ចំណែកនារីរងគ្រោះទាំង២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យបញ្ជូនខ្លួនទៅខាងសង្គមកិច្ចដើម្បី ធ្វើការអបរំ។បច្ចុប្បន្នស្ត្រីសង្ស័យត្រូវបានកម្លាំងនគរបាល ការិយាល័យឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕