ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយគួរឱ្យរន្ធត់ បន្ទាប់ពីរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ត្រូវតៃកុងបង្ខំចិត្តទាញចង្កូតមកស្តាំទៅបុកបង្គោលភ្លើងមួយដើម បណ្តាលឱ្យបាក់ និងខ្ទេចខ្ទីសម្ភារនៅក្បែរនោះ ខណៈពេលបើកចុះពីលើស្ពានគីហ្ស៊ុណា ហើយត្រូវចាប់ហ្វ្រាំងរថយន្តមិនស៊ី ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០១ និង២៥នាទីរសៀលថ្ងៃទី១១ មិថុនា ២០១៦ ស្ថិតនៅចំណុចក្បាលស្ពានគីហ្ស៊ុណាត្រើយខាងលិច ក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
អ្នកបើកបរត្រូវបានឃាត់ខ្លួនឈ្មោះលាង ពន្លក អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិអណ្តូងត្រាំង ឃុំស្រម៉ ស្រុកជើងព្រៃ ។ បើតាមការអះអាងពីប្រជាពលរដ្ឋថា នេះសំណាងហើយ ដែលរថយន្តធំនេះបានបង្គោលភ្លើងបាំងពីមុខ កុំអីមនុស្ស៦-៧នាក់ ប្រាកដជាគ្រោះថ្នាក់ដល់ជីវិតជាក់ជាមិនខាន ។