តាកែវ ៖នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៦សមត្ថកិច្ចនគរបាលស្រុកត្រាំកក់បាន ឃាត់ខ្លួនបុរសម្នាក់ពីបទចាប់រំលោភស្ត្រីមានសតិមិនប្រក្រតីរហូត បានសម្រេចរួចរត់គេចខ្លួនបាត់រយ:ពេលជាង១០ថ្ងៃ។សកម្មភាពនោះបាន កើតឡើងកាលពីថ្ងៃទី៨ខែមិថុនាកន្លងទៅនៅភូមិចម្ការទាបឃុំអង្គតាសោម ស្រុកត្រាំកក់ខេត្តតាកែវ។
មន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៦ នៅភូមិចំការទាប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខណៈជននេះវិលចូលមកភូមិវិញ។មន្ត្រីដដែលបានបន្តថាជនសង្ស័យដែល ប៉ូលិសចាប់ខ្លួននេះមានឈ្មោះ ទាំង ទួន អាយុ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ។
ការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងទៅតាម ដីកាបញ្ជាឲ្យចាប់ខ្លួនលេខ ៨៥៣ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ដោយលោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។ ចំណែកនារីរងគ្រោះឈ្មោះ ខឹម ងោល អាយុ៣២ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី រស់នៅភូមិជាមួយគ្នា។
ប្រភពពី មន្ត្រីដដែលបានឲ្យដឹងទៀតថាកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៦កន្លងទៅជនសង្ស័យបានចាប់រំលោភនារី រងគ្រោះរហូតបានសម្រេចខណៈដែលនារីរងគ្រោះបានជិះកង់ពីឌុបក្មួយស្រី របស់ខ្លួនត្រឡប់ទៅផ្ទះវិញ។
ពេលនោះនារីរងគ្រោះជិះកង់ ត្រឡប់មកផ្ទះវិញតាមផ្លូវលំចូលភូមិជនសង្ស័យអង្គុយលើម៉ូតូចាំ ស្ទាក់តាមផ្លូវជាស្រេច។លុះពេលនាងជិះកង់មកដល់ជននោះក៍ស្ទុះចាប់ អូសដៃនាងចូលទៅក្នុងផ្ទះរួចចាប់បង្ខំរំលោភសេពសន្ធវ:រហូត បានសម្រេចតែម្តង។
ប្រភពបន្តថាពេលនោះឈ្មោះ ខឹម មាស ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាប្អូនប្រុសរបស់នារីរងគ្រោះជិះម៉ូតូកាត់ទីនោះក៍ឮសំឡេង ស្រែកយំ ក៍ឈប់ម៉ូតូដើរទៅរកមើលសំឡេង រួចស្រែកសួរអ្នកណាយំ? ជនសង្ស័យឆ្លើយតបវិញថា "អញ" រួចក៍រត់ឡើងជិះម៉ូតូរត់គេចខ្លួនបាត់។
លុះពេលឃើញបងស្រី របស់ខ្លួន នាងក៍ប្រាប់ថាជនសង្ស័យបានចាប់រំលោភរួចនាំបងស្រីមកផ្ទះវិញ។ ចំណែកជនសង្ស័យរត់គេចខ្លួនបាត់រហូត ដល់ពេលត្រឡប់មកផ្ទះវិញត្រូវនគរបាលចាប់ខ្លួនតែម្តង។នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ ទាំង ទួន បានសារភាពថា រូបគេពិតជាបានចាប់រំលោភនារីរងគ្រោះរហូតបានសម្រេចពិតមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលបញ្ជូនទៅសាលាដំបូងខេត្តថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធី៕