ខេត្តកំពង់ចាម ៖ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិបឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ លុះព្រឹកឡើងស្ត្រីជាប្រពន្ធ ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ ក៏ត្រូវចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដោយជាប់ចោទពីបទមនុស្សឃាតដោយចេតនា ។
បុរសជាប្តីឈ្មោះ យី យិត អាយុ៥៦ឆ្នាំ បានផឹកស្រាស្រវឹងស្រឿងៗនោះ ក៏បានស្រែកប្រាប់ទៅដល់អ្នកជិតខាងថា មានបងប្អូនណាបាត់មាន់ទេឲ្យមកមើល នៅនឹងបន្ទប់ផ្ទះរបស់គាត់ ព្រោះតែប្រពន្ធជាអ្នកលួចមាន់ តែមិនមានអ្នកណាមកមើលនោះទេ ។ លោកអនុសេនីយ៍ឯក ទុយ សាវុធ ប្រាប់បន្តថាទាំងប្តី និងប្រពន្ធបានផឹកស្រវឹងដូចគ្នា លុះដល់ពេលយប់ឡើងប្តីកំពុងតែដេកនៅលើផ្ទះជាមួយនឹងកូនៗ៦នាក់ ដោយប្រពន្ធឈ្មោះ អ៊ុក វ៉ា អាយុ៥៣ឆ្នាំ បានខឹងសម្បារចំពោះប្តីកាលពីព្រឹកនោះ ក៏ដើរទៅទាញយកកាំបិតផ្គាក់ មកកាប់ប្រហារលើប្តីចំត្រង់គុម្ពត្រចៀកឆ្វេង១កាំបិតឈាមហូរស្រោច ពេញខ្លួនប្រាណ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ។
ស្រី្តជាប្រពន្ធមិនបានរត់គេចខ្លួនចេញទៅណានោះទេ នឹកស្មានតែសមត្ថកិច្ចមិនដឹងសោះ លុះពេលព្រឹកថ្ងៃទី២០ ខែមិថុនា មានការភ្ញាក់ផ្អើលមនុស្សម្នាមកមើលច្រើន ក៏ដឹងឮដល់សមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យឃើញមានស្នាមរបួស ក៏បានហៅប្រពន្ធមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរព្រមទាំបានឆ្លើយសារភាពថា ខ្លួនគាត់ពិតជាបានកាប់ប្រហារប្តី១កាំបិត បណ្ដាលឲ្យស្លាប់មែន មូលហេតុដោយសារតែខឹងប្តីស្រែកមកលើគាត់ថាលួចមាន់អ្នកស្រុកនោះ ។
លោកអនុសេនីយ៍ឯក ទុយ សាវុធ អធិការរងនគរបាលស្រុកស្រីសន្ធរ បញ្ជាក់ថា បុរសជាប្តីដែលស្លាប់ដោយសារផ្លែកាំបិតរបស់ប្រពន្ធនោះ មានមុខរបជាកសិករ ចំពោះករណីឃាតកម្មខាងលើនោះមិនមានការការពាក់ព័ន្ធនឹងរឿងអ្វីផ្សេង ពីនេះឡើយ ។ នារសៀលថ្ងៃទី២០មិថុនា ស្ត្រីជាប្រពន្ធត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕