កំពង់ចាម៖រថយន្តបែនដឹកដីមួយគ្រឿងបាន ប្រើប្រាស់ល្បឿនលឿនពេលមានភ្លៀងធ្លាក់ក៍ជ្រុលទៅបុកពីខាងក្រោយ ម៉ូតូមួយគ្រឿងបណ្តាលឲ្យយុវជនម្នាក់ស្លាប់ហើយរថយន្តនោះបានបើកគេច បាត់។ ហេតុការណ៍បានកើតឡើង នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ កាលពីវេលាយប់ ថ្ងៃទី ២០ ខែមិថុនាឆ្នាំ២០១៦។
លោកអនុសេនីយ៍ ឡាញ់ លាង នាយប៉ុស្ត៍នគរបាលឃុំស្តើងជ័យបានឲ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី ២១ ខែមិថុនាថា ជនរងគ្រោះឈ្មោះ សូ ពេជ្រពន្លឺ អាយុ ១៧ ឆ្នាំមានទីលំនៅភូមិពង្រ ឃុំស្តើងជ័យដែរ។ ចំណែកម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅលេខកំពង់ចាម 1G-6863 របស់អ្នកស្លាប់បានបាក់ផ្នែកខាងក្រោយ។ រីឯរថយន្តបែនដឹកដីដែលបានបើកបុកម៉ូតូពីខាងក្រោយ ហើយបើកគេច ពុំបានស្គាល់ឈ្មោះ អ្នកបើកបរ តែសាក្សីថាមានពណ៌ខៀវ គ្មានស្លាកលេខ។
លោក ជាង សែ អធិការរងនគរបាលស្រុកជើងព្រៃបានឲ្យដឹងដែរថា ករណីរថយន្តបែនបើកបុកម៉ូតូពីបណ្តាលឲ្យស្លាប់មនុស្សម្នាក់ នោះ គឺផ្តើមពីខាងរថយន្តបែនបានប្រើប្រាស់ល្បឿនលឿនស្របពេលកំពុងមាន ភ្លៀងធ្លាក់។ ខណ:នេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរករថយន្តបែនដើម្បីចាត់ការតាមនីតិវិធី៕