ភ្នំពេញ៖ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌសែនសុខ នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ បង្ក្រាបក្រុមចោរប្លន់ម៉ូតូ និងរថយន្តរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម នៅរាជធានីភ្នំពេញ មួយគ្រួសារតែម្តង ដែលជាលទ្ធផលកម្លាំងនគរបាល បានចាប់ខ្លួនបុរសជាកូន និងស្ត្រីជាម្តាយ ខណ:ឪពុក និងជាប្តីនោះ ដែលជាមេក្លោងរៀបចំផែនការ បានរត់គេចខ្លួនបាត់។
អធិការនគរបាលខណ្ឌសែនសុខលោក ម៉ក់ ហុង ដែលដឹកនាំកម្លាំងចុះបង្ក្រាបក្រុមចោរប្លន់ទាំងនេះ បានប្រាប់ ថា ប្រតិបត្តិការ បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយធ្វើការឡោមព័ទ្ធផ្ទះសង់ថ្មី ស្ថិតនៅតាមផ្លូវលំ ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
លោកអធិការបានបញ្ជាក់ថា មុនឈានទៅដល់ការឡោមព័ទ្ធ និងចាប់ខ្លួនក្រុមប្លន់ទាំងនេះ គឺដោយសារតែពួកគេបានលួចម៉ូតូមួយគ្រឿង នៅតាមផ្លូវម៉ង់ឫទ្ធី ប៉ុន្តែស៊យម៉ូតូរបស់ជនរងគ្រោះ ចាប់ប្រព័ន្ធ GPS ទើបកម្លាំងនគរបាល តាមទៅបង្ក្រាបជាក់ស្តែងតែម្តង។
ក្រោយចូលឆែកឆេរនៅក្នុងផ្ទះ ក្រោមការសម្របសម្រួលពីតំណាងអយ្យការនោះ កម្លាំងនគរបាលបានរកឃើញ និងដកហូតរថយន្តមួយគ្រឿង និងម៉ូតូ៣គ្រឿងផងដែរ៕