កំពង់ឆ្នាំង ៖បច្ចុប្បន្ននេះគេសង្កេតឃើញល្បែងស៊ីសងគ្រប់ប្រភេទដូចជាបៀរ អាប៉ោង និងកន្ទុយលេខបាននឹងកំពុងកើតមានយ៉ាងពេញបន្ទុក ទាំងទីរួមខេត្តកំពង់ឆ្នាំងនិងនៅតាមបណ្តាស្រុកមួយចំនួន។ប្រភពបាន ឲ្យដឹងថាក្រុមអ្នកបើកបនល្បែងទាំងនោះគេបើកលេងម៉ាសេរីដោយមិនមាន ខ្លាចញញើតចំពោះមន្ត្រីសមត្ថកិច្ចនិងអាជ្ញាធរឡើយ ពីព្រោះពួកគេបានបង់ខែជូនគ្រប់កន្លែងអស់ហើយ។
ប្រភពបានឲ្យ ដឹងទៀតថា យូរៗគេឃើញមានសមត្ថកិច្ចចុះទៅបង្ក្រាបម្តងដោយសារតែម្ចាស់បនល្បែង នោះបើកលេងមិនបង់លុយ ឬក៍បង់លុយមិនទៀងទាត់និងទាន់ពេលវេលា។ហើយក្នុងពេលបង្ក្រាបនោះគេ កម្រនឹងឃើញសមត្ថកិច្ចបញ្ជូនអ្នកញៀនល្បែងទៅកាន់តុលាការ ដើម្បីអនុវត្តន៍ទៅតាមច្បាប់ណាស់គឺគេចាប់បានហើយដោះលែងទៅវិញទាំង មនុស្សទាំងមធ្យោបាយជាថ្នូរនឹងប្រាក់មួយចំនួន។ប៉ុន្តែការដោះលែង នោះក៍ត្រូវមានការឯកភាពនិងមានចំណែកមន្ត្រីអយ្យការដែរ សមត្ថកិច្ចមិនហ៊ានស៊ីដាច់ដូចមុនឡើយ ។
គេបានរំលឹកថា កាលពីរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៦កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនិង កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរចុះបង្ក្រាបវង់ល្បែងស៊ីសង មួយកន្លែងនៅក្នុងឃុំស្វាយជ្រុំស្រុករលាប្អៀរដោយដកហូតបានរថយន្ត មួយគ្រឿងម៉ាកតូយ៉ូតា តាកូម៉ា ពាក់ស្លាកលេខភ្នំពេញ២V៣៤៩៣ម្ចាស់ឈ្មោះអឿនម៉ូតូ១២គ្រឿងលុយចំនួន ២២ដូល្លារ និង៩០ម៉ីនរៀលបៀរចំនួន២ហ៊ូដងកឺសម្រាប់បុកប៊ីយ៉ាចំនួនចំនួន១២ គ្រាប់១៥ក្រដាស់កត់កន្ទុយលេខសន្លឹកនិងឃាត់ខ្លួនបានមនុស្សម្នាក់ ផងដែ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពី បង្ក្រាបបានមួយដង្ហើមចង្រិតត្រូវបានគេឃុបឃិតគ្នាដោះលែងទៅវិញ ស្ងាត់ៗជាថ្នូរនឹងប្រាក់មួយចំនួន។ក្នុងនោះរថយន្តមួយគ្រឿងគេយក ៥០០ដុល្លារនិងម៉ូតូចំនួន១២គ្រឿងក្នុងមួយគ្រឿងៗគេយក២០០ដុល្លារ។ ប្រជាពលរដ្ឋបាននិយាយដោយលើកឡើងថាល្បែងស៊ីសងនៅក្នុងខេត្តកំពង់ឆ្នាំង បង្ក្រាបមួយរយឆ្នាំទៀតក៍មិនអស់ដែរបើប៉ូលីសនៅតែយកលុយពីអ្នកញៀន ល្បែងនិងអ្នកបើកបនល្បែងដូចសព្វថ្ងៃនោះ៕