ភ្នំពេញ៖បុរសម្នាក់បានបើករថយន្ត តាក់ស៊ីពីភ្នំពេញត្រឡប់ទៅផ្ទះឯភូមិអំពិលទឹកឃុំកំពង់ថ្មស្រុក លើកដែកខេត្តកណ្តាល។ពេលមកដល់មុខផ្ទះពិគ្រោះព្យាបាលជំងឺគង់ធីព្រែក ឯងជននោះក៍បានចុះពីរថយន្តហើយបានត្អូញថាចុកពោះដោយបានសុំម្ចាស់ ចូលបន្ទប់ទឹកស្រាប់តែស្លាប់ក្នុងបន្ទប់ទឹកតែម្តង។ហេតុការណ៍ ភ្ញាក់ផ្អើលនោះបានកើតឡើងនៅអគារពិគ្រោះព្យាបាលជំងឺគង់ធីព្រែកឯង តាមបណ្តោយផ្លូវជាតិលេខ១ផ្ទះលេខ២ភូមិទួលតាចាន់សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅកាលពីព្រលប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថាជនរងគ្រោះឈ្មោះប៉ុន រស្មី ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិខ្មែរមុខរបររត់តាក់ស៊ីស្នាក់នៅភូមិអំពិលទឹក ឃុំកំពង់ថ្មស្រុកលើកដែកខេត្តកណ្តាល។មុនពេលកើតហេតុជនរងគ្រោះបាន បើករថយន្តតាក់ស៊ីពីភ្នំពេញត្រឡប់ទៅផ្ទះ។ពេលមកដល់មុខផ្ទះកើតហេតុ ជនរងគ្រោះក៍បានចុះពីរថយន្តរួចទៅអង្គុយលើតុហើយស្រែកថាជួយផង ចុកពោះណាស់។
ពេលនោះគ្រូពេទ្យឈ្មោះគង់ធីក៍ឲ្យចូលអង្គុយ ក្នុងផ្ទះសិនពុំទាន់បានពិនិត្យផងជនរងគ្រោះក៍សុំចូលបន្ទប់ទឹក។ពេល ដើរគាត់ថាវិលមុខពេលនោះជនរងគ្រោះចូលបន្ទប់ទឹកយូរពេកគ្រូពេទ្យគង់ ធីក៍ដើរទៅពិនិត្យមើលឃើញជនរងគ្រោះដួលស្លាប់ក្នុងបន្ទប់ទឹកហើយក៍ មករាយការណ៍ប្រាប់សមត្ថកិច្ច។
តាមការសន្និដ្ឋានរបស់លោក គ្រូពេទ្យជំនាញបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារជំងឺលើសឈាមគាំងបេះដូង ។បច្ចុប្បន្នសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕