កំពង់ធំ៖អំពើហិង្សារកើតឡើងក្នុងមួយ ពព្រិចភ្នែកបណ្តាលឲ្យកូនប្រុសម្នាក់បានស្លាប់ពេលបញ្ជូនទៅ មន្ទីរពេទ្យ និងឪពុកជាឃាតករបានក្លាយជាអ្នកទោសដែលសមត្ថកិច្ចត្រូវចាត់ការ តាមច្បាប់។ ហេតុការណ៍នោះកើតឡើងស្ថិតក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយខេត្តកំពង់ធំរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនពេលកើតហេតុឪពុកឈ្មោះ ហេង គួន អាយុ៤០ឆ្នាំបានអប់រំកូនប្រុសតែកូនរូបនេះ មិនបានស្ដាប់តាមដំបូន្មានរបស់ខ្លួនឡើយ។ ទើបឪពុកទប់កំហឹងមិនបានក៏ស្ទុះទៅទាញពូថៅកាប់ប្រហារទៅលើកូន ឈ្មោះហេង គីអាយុ២០ឆ្នាំ ដែលកំពុងដេកក្នុងអង្រឹង បណ្ដាលឲ្យត្រូវចំមាត់ ភ្នែក និងសៀតថ្កា បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
សមត្ថកិច្ច បន្ដថាអ្នកជិតខាងមិនហ៊ានចូលជួយនោះទេព្រោះថាបុរសជាឪពុកមានកាន់ ពូថៅ និងកាំបិតស្នៀតថែមទៀតផង។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅជួយអន្ដរាគមន៍ និងចាប់បញ្ជូនជនបង្កទៅកាន់ប៉ុស្ដិ៍នគរបាលឃុំក្ដីដូង ដើម្បីចាត់ការតាមនីតិវិធី៕