កំពង់ចាម៖មនុស្សប្រុសស្រីចំនួន ប្រាំបីនាក់អាយុចន្លោះពី៣០ដល់៦៦ឆ្នាំបានស្លាប់ជាបន្តបន្ទាប់ ខណៈដែលជនរងគ្រោះម្នាក់ៗ មានអាការ:ស្ទើរដូចគ្នាគឺមានសភាពតឹងក្នុងទ្រូងហើយថប់ដង្ហើម ស្លាប់តែក្នុងរយៈពេលប្រមាណពីរថ្ងៃប៉ុណ្ណោះ។ ករណីស្លាប់ ងាយៗ និងដ៍គួរឲ្យរន្ធត់បណ្តាលឲ្យអ្នកជិតខាងមានការភ័យខ្លាចថាមាន មន្តអាគមនាំគ្នាត្រៀមចាកចេញពីផ្ទះមួយរយៈដើម្បីគេចពី ជំងឺរហ័សស្លាប់ និងជំងឺដែលគ្រូពេទ្យពុំទាន់ដឹងមូលហេតុនេះ។ ដើម្បីទប់ស្កាប់ និងរកមូលហេតុនៃការស្លាប់អ្នកជំងឺនេះ ក្រសួងសុខាភិបាល បានចាត់មន្ត្រីរបស់ខ្លួនឲ្យចុះស្រាវជ្រាវដល់ភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ដែលកំពុងផ្ទុះជំងឺស្លាប់មនុស្ស ច្រើនខាងលើ។ ក្នុងនោះវិធានការចំពោះមុខសមត្ថកិច្ចបានបិទអាជីវកម្មផលិតស្រាសជា បណ្តោះអាសន្ន ក្នុងភូមិនេះមួយកន្លែង ហើយនៅយប់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៦ មានស្ត្រីម្នាក់រស់នៅភូមិដដែលមានអាការ:ដូចខាងលើកំពុងទទួលបាន ការសង្គ្រោះ ពីគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកំពង់ចាម។
លោកយិនសំអានមេភូមិថ្មីបានប្រាប់រស្មីកម្ពុជានៅថ្ងៃទី២៥មិថុនា ថាជនរងគ្រោះដែលបានស្លាប់ចំនួន៨នាក់ដែលខាងមន្ត្រីសុខាភិបាលកំពុង ស៊ើបអង្កេតក្នុងខែឧសភា និង ខែមិថុនា ឆ្នាំ២០១៦នោះមាន,ឈ្មោះឃី ចេត ភេទប្រុស អាយុ ៥៥ ឆ្នាំ, ឈ្មោះភាន កក្កដា ភេទប្រុស អាយុ ៣០ ឆ្នាំ,ឈ្មោះនឹម សារឿន ភេទស្រី អាយុ ៤៤ ឆ្នាំ,ឈ្មោះ នួន យឿន ភេទស្រី អាយុ ៥៨ ឆ្នាំ,ឈ្មោះភាន ភក្តី ភេទប្រុស អាយុ ៣៧ ឆ្នាំ,ឈ្មោះធូ ញ៉ ភេទប្រុស អាយុ ៦៦ ឆ្នាំ,ឈ្មោះស៊ឹម សុក ភេទប្រុស អាយុ ៤៥ ឆ្នាំ និង,ឈ្មោះធឿន ថុន ភេទស្រី អាយុ ៤៨ ឆ្នាំ។ ចំណែកនៅថ្ងៃទី ២៤ មិថុនានេះមានអ្នកជំងឺជាស្ត្រីភរិយារបស់អនុប្រធានភូមិថ្មី ឈ្មោះ គុំ ភុំ អាយុ ៥៥ ឆ្នាំមានអាការ:ឈឺក្បាល តឹងទ្រូង បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាមចម្ងាយប្រមាណ៧ គីឡូម៉ែត្រ។
ប្រភពព័ត៌មាននោះបានឲ្យដឹងថាអ្នកស្លាប់ទាំងអស់ មានសភាពប្រហាក់ប្រហែលគ្នាគឺតឹងក្នុងទ្រូងនិងថប់ដង្ហើមតែក្នុងរយ :ពេលយ៉ាងយូរពីរថ្ងៃប៉ុណ្ណោះខ្លះស្លាប់នៅមន្ទីរពេទ្យនិងខ្លះ ស្លាប់នៅផ្ទះតែម្តងហើយលោកបានកត់សម្គាល់ថាការស្លាប់ភាគច្រើនជាអ្នក ទទួលទានស្រាស។នៅប៉ុន្មានថ្ងៃនេះខាងមន្ត្រីសុខាភិបាលបានចុះ ពិនិត្យស្រាវជ្រាវជុំវិញការស្លាប់អ្នកជំងឺដែលមានឈ្មោះខាងលើនេះនិង បានបិទអាជីវកម្មផលិតស្រាសមួយកន្លែងនៅក្នុងភូមិថ្មីកាលពីថ្ងៃទី ២៤ មិថុនា។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្មីម្នាក់ បាននិយាយថាអ្នកភូមិច្រើននាក់ដែលមានជំនឿលើមន្តអាគមបានទម្លាក់កំហុស ការស្លាប់មនុស្ស៨នាក់ខាងលើបន្ទាប់ពីមានការសង់កន្លែងចិញ្ចឹមសត្វ ជ្រូកជាច្រើនកន្លែងប៉ះចំលើមុខសំពៅបុរាណ និងការសង់កន្លែងនោះទៀតជាងសំណង់បានចាប់សត្វពស់ថ្លាន់ពីរក្បាល សម្លាប់ និងទទួលទានគឺពស់រស់ក្នុងដំបូងដែលឈូស បំផ្លាញនិងសម្លាប់ចោលនោះជាពស់បារមីដែលថែរក្សាទឹកដីនេះដែលធ្វើ ឲ្យខឹងសម្បាមកសម្លាប់អ្នកភូមិសងសឹកហើយប្រជាពលរដ្ឋខ្លះបានបបួលគ្នា ចាកចេញជាបណ្តោះអាសន្នគេចចេញពីការខឹងរបស់ម្ចាស់ទឹកម្ចាស់ដីមួយរយ :។ លោក ជឹង ម៉េងហុង ប្រធានមណ្ឌលសុខភាព ឃុំក្រឡាបានឲ្យដឹងដែរថា នៅប៉ុន្មានថ្ងៃនេះខាងអង្គការសុខភាពពិភពលោក(WTO) មន្ត្រីក្រសួងសុខាភិបាល និង មន្ត្រីសុខាភិបាលខេត្តកំពង់ចាមបានចុះមកពិនិត្យស្រាវជ្រា និងស៊ើបអង្កេតរកមូលហេតុស្លាប់ នៅតាមមន្ទីរពេទ្យ និង តាមផ្ទះអ្នកស្លាប់ទាំង ៨នាក់ គឺនៅមិនទាន់ដឹងលទ្ធផលនៅថ្ងៃនេះ( ២៥ខែមិថុនា)មួយទៀត។ ការស្លាប់កន្លងមកយើងពិបាកសន្និដ្ឋានថា ផ្តើមឡើងពីការទទួលទានស្រា ព្រោះការស្លាប់រហ័សពេក៕