ត្បូងឃ្មុំ៖បុរសជាប្តីម្នាក់បានជិះ ម៉ូតូឆ្លងថ្នល់ដោយខ្វះការប្រុងប្រយ័ត្ន បង្កឲ្យរថយន្តធុនដឹកទំនិញមួយបុកពេញទំហឹងបណ្តាលឲ្យស្លាប់ស្ត្រី ជាប្រពន្ធ និង កូនប្រុសអាយុ ៦ ឆ្នាំរងរបួសស្រាល ហើយសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររថយន្តនោះ កាលម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៦។
ហេតុការណ៍ ម៉ូតូឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្នធ្វើឲ្យរថយន្តបុកស្លាប់ ម្តាយនេះបានកើតឡើងនៅខាងក្បែរបង្គោលគីឡូម៉ែត្រលេខ ១៣៦ លើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ។
លោកអនុសេនីយ៍ឯក គង់ សីហុង អធិការរងនគរបាលស្រុកត្បូងឃ្មុំបានថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ពៅ ណារ៉េត អាយុ ៣០ ឆ្នាំ និង កូនប្រុសអាយុ ៦ ឆ្នាំដែលរបួសស្រាលឈ្មោះ រ៉ា សារ៉ាត់ ហើយបុរសជាប្តីដែលជិះម៉ូតូឆ្លងថ្នល់ធ្វើឲ្យរថយន្តបុកឈ្មោះ រុំ សារ៉ា អាយុ ៤០ ឆ្នាំ ។
ពួកគេមានទីលំនៅភូមិអណ្តូងជា ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ។ ចំណែកឯបុរសជាអ្នកបើកបរថយន្តម៉ាកហ៊ីណូលេខភ្នំពេញ3A-5372ដែល សមត្ថកិច្ចចាប់ខ្លួនឈ្មោះ ឃួន ឃី អាយុ ៣២ ឆ្នាំមានទីលំនៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក។
លោកអធិការរងបានឲ្យដឹងថា ករណីនេះផ្តើមចេញខាងម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ពោលគឺមិនគោរពសិទ្ធិអត្ថិភាព និង ខាងរថយន្តបានប្រើប្រាស់ហួសកំណត់លើផ្លូវកោង និង ផ្លូវកែង។ ហេតុនេះសម្រេចឃាត់ដើម្បីចាត់ការតាមនីតិវិធី៕