រាជធានីភ្នំពេញ ៖ ក្រុមជនសង្ស័យជួញដូរគ្រឿងញៀនជាស្ត្រីចំនួន៣នាក់ ក្នុងនោះមានក្មេងស្រីទើបតែអាយុ១១ឆ្នាំម្នាក់ផងដែរនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយនឹងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ធ្វើការឃាត់ខ្លួន ដោយដកហូតបានថ្នាំញៀនចំនួន៣៦កញ្ចប់តូចនៅក្នុងអគារប៊ូលឌីញ។ ប្រតិបត្តិការនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ មិថុនា ២០១៦ នៅអគារប៊ូលឌីញ ផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោក យឹម ហួង នាយផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន បានប្រាប់ឱ្យដឹងថា ស្ត្រីជនសង្ស័យដែលឃាត់ខ្លួនមាន ១-ឈ្មោះ សៀន សុខា អាយុ៧១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ ២-ឈ្មោះ សូ លីដា អាយុ៣៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និង ៣-ឈ្មោះ ឆាន់ ចរិយា អាយុ១១ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួននៅពេលដែលពួកគេកំពុងធ្វើសកម្មភាពជួញដូរ គ្រឿងញៀនជាក់ស្តែង។ មុនពេលកើតហេតុគេបានឃើញកុមារីម្នាក់ត្រូវបានម៉ូតូឌុបមួយគ្រឿងដឹក នាងយកមកទម្លាក់នៅក្បែរផ្ទះខាងលើ រួចហើយនាងក៏ដើរចូល ដោយមានការសង្ស័យនោះ កម្លាំងរបស់លោកក៏បានធ្វើការឆែកឆេរប្រទះឃើញថ្នាំញៀនចំនួន២៥ កញ្ចប់តូច ដែលត្រូវជនមិនស្គាល់មុខប្រើឱ្យយកមក។
តាមប្រភពដដែលក៏បានប្រាប់បន្តទៀតថា ដោយឆ្លងកាត់តាមការស្រាវជ្រាវរបស់កម្លាំងលោកអស់រយៈពេលជាយូរមក ហើយនោះ ក៏បានធ្វើការសាកសួរ និងឈានទៅដល់ការឃាត់ខ្លួនស្ត្រីវ័យចំណាស់ទាំងពីរនាក់ ដែលជាអ្នកទទួលថ្នាំញៀនយកទៅធ្វើការចែកចាយជាបន្តទៀត ដោយដកហូតបានថ្នាំញៀនចំនួន១១កញ្ចប់បន្ថែមទៀតផងដែរ។
ក្រោយពេល ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនជាក់ស្តែងខាងលើនេះរួច ហើយ ក្រុមស្ត្រីជនសង្ស័យទាំង៣នាក់ រួមទាំងថ្នាំញៀនចំនួន៣៦កញ្ចប់ខាងលើនេះ ក៏បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។