ខេត្តស្វាយរៀង ៖ បុរសពីរនាក់បងប្អូនធម៌បានបើកឆាកប្រយុទ្ធគ្នាយ៉ាងឃោរឃៅបណ្តាលឲ្យ បុរសជាប្អូនរងរបួសក្បាលចំនួនពីរកាំបិតផុងលលាដ៍ ១កាំបិតចំស្មា ១កាំបិតចំកួយដៃ និងមួយកាំបិតចំឆ្អឹងជំនីប្រកាច់សន្លប់នៅក្នុងទឹកព្រែកតាស្អាង មូលហេតុឈ្លោះដណ្តើមកន្លែងចងមុង។ ការបើកឆាកប្រយុទ្ធកាប់ប្រហារគ្នានេះកើតឡើងកាលពីវេលាម៉ោង៣និង០០ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចជិតកំពង់ទូកព្រែកតាស្អាងស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡងស្រុកស្វាយជ្រំ។
បើតាមលោកវរៈសេនីយ៍ទោ កឹម ឡៃ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការនគបាលខេត្តបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រំ សំអឿនភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែ និងនេសាទត្រី មានទៅលំនៅភូមិតាស្អាង ឃុំកំពង់ចំឡងស្រុកស្វាយជ្រំ រងរបួសក្បាលចំនួន២កន្លែងផុងលលាដ៍ ចំស្មា១កាំបិត ចំកួយដៃ១កាំបិត និងចំឆ្អឹងជំនី១កាំបិត។ ចំពោះជនបង្កឈ្មោះ ណែវ ម៉ាឡាត់ ហៅសុខ ភេទប្រុស អាយុ៥២ឆ្នាំមានទីលំនៅភូមិរោងបន្លែសង្កាត់ស្វាយរៀងក្រុងស្វាយ រៀង។
ប្រភពពីប្រជាពលរដ្ឋវិញបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ណែវ ម៉ាឡាត់ នេះជាបងធម៌ជនរងគ្រោះឈ្មោះ ព្រំ សំអឿន មុនពេលកើតហេតុជនបង្កបានយកមងទៅដាក់យកត្រីនៅខាងលិចកំពង់ទូក កាណូតទន្លេវ៉ៃកូចំណុចព្រែកតាស្អាង ខណៈឈ្មោះណែវម៉ាឡាត់ កំពុងរាយមង ជនរងគ្រោះឈ្មោះ ព្រំ សំអឿន បានមកឃាត់ និងឲ្យសារមងលើកចេញពីកន្លែងនោះដោយជនរងគ្រោះនិយាយថា ជាកន្លែងរបស់ខ្លួន ក៏ប៉ុន្តែជនសង្សយ័មិនព្រមសាមងចេញក៏ផ្ទុះជម្លោះជនរងគ្រោះ វាយរុញច្រានជនជាបងធម៌ធ្វើឲ្យក្តៅចិត្តរៀងខ្លួន ពីនាក់បងប្អូនធម៌ក៏បើកឆាកប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមបែកទឹកសំពោង ដោយបុរសជាបងធម៌មានកាំបិតនៅក្នុងដៃទ្រាំលែងបានក៏យកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះយ៉ាងរន្ថើន កាប់ពុះចំពីលើក្បាលចំនួន២កាំបិតផុងលលាដ៍ ១កាំបិតចំស្មា ១កាំបិតចំកួយដៃនិង១កាំបិតចំឆ្អឹងជំនីក្រោមឃ្លៀកដួលលិចក្នុង ទឹកព្រែកហូរឈាមក្រហមច្រាលពេញទឹក និងសន្លប់ឈឹង។
បន្ទាប់មកប្រជាពលរដ្ឋ និងអ្នកទៅដាក់មងក្បែរកន្លែងកើតហេតុបានឃើញក៏ស្រែកឆោឡោរត់ទៅជួយ និងស្រង់ជនរងគ្រោះលើកឡើងមកលើគោក រួចហៅរថយន្តសាមុយដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដោយមុខរបួសធ្ងន់ធ្ងរពេកក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅ មន្ទីរពេទ្យប្រទេសវៀតណាមភ្លាមៗ។ ហើយប្តឹងសមត្ថកិច្ចពទ្ធ័ចាប់ខ្លួនជនសង្សយ័ បានភ្លាមៗដែរ រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។ លោកចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៤និង០០រសៀល៕