គ្មាន​លុយ​ទិញ​បាយ ធ្វើដំណើរ​ដោយ​ថ្មើរជើង​រាប់សិប​គីឡូម៉ែត្រ​រហូត​ដួល សន្លប់​ស្តូក​

27-June-2016 | ដោយ មែន កំសត់


​ខេត្តរតនគិរី ៖ បុរស​ម្នាក់​បានធ្វើ​ដំណើ​រ​ដោយ​ថ្មើរជើង​រាប់សិប​គីឡូម៉ែត្រ​រហូត​ដួល សន្លប់​ស្តូកស្តឹង​នៅលើ​ថ្នល់​ម្នាក់ឯង ហើយ​ត្រូវបាន​អ្នកលក់​ខ្យង​តាម​ម៉ូតូ​ប្រទះឃើញ​ជួយសង្គ្រោះ​ភ្លាមៗ​ទើប រួច​ពី​សេចក្តីស្លាប់ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុង​ភូមិ​ប៉ា​អរ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ។​

​ប្រភពពី​បុរសរងគ្រោះ​ខាងលើ​បានឱ្យដឹងថា គាត់​ឈ្មោះ គឿន សីហា អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ស្រុក​អូរ​ជុំ​(​មិនមាន​ទូរស័ព្ទដៃ​ប្រើប្រាស់​ទេ​) ។ បុរសរងគ្រោះ​បន្តទៀតថា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ គាត់​បាន​ចេញពី​ស្រុក​អូរ​ជុំ ដើម្បី​ស្វែងរក​បងថ្លៃ ព្រោះ​ទូរស័ព្ទ​រក​គាត់​តាមរយៈ​លេខ​ទូរស័ព្ទ ០៩៦ ៨៥៤ ១៨៩៦ អត់​ចូល ដែល​បងថ្លៃ​របស់គាត់​រស់នៅ​ឃុំ​ប៉ក​ញ៉ៃ មុខរបរ​ធ្វើ​សិប្បកម្ម​ឈើ​នៅ​ស្រុក​អូ​រយ៉ា​ដាវ ។​

​បុរសរងគ្រោះ​បន្តទៀតថា ពេល​ចេញពី​ស្រុក​អូរ​ជុំ​សុំ​ដោយសារ​ឡាន​គេ​ជិះ លុះ​ទៅដល់​គោលដៅ​ស្រាប់តែ​សួររក​បង​មិនឃើញ​អស់សង្ឃឹម​ក៏​វិល​ត្រឡប់មក ក្រុង​បាន​លុង​វិញ​ដោយ​ថ្មើរជើង អត់លុយ​កាក់​មួយ​សេន​ក្នុង​ហោ​ប៉ាវ ហើយ​ធ្វើដំណើរ​ក្នុង​ចំងាយ​ផ្លូវ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ព្យុះភ្លៀង​ពេញ​មួយថ្ងៃ រួមផ្សំ​និង​ដាច់បាយ​ថែមទៀត​នោះ​ក៏​ងងឹតមុខ​ដួល​តែម្តង ៕

ចំនួនអ្នកទស្សនា

    20566597

  • ថ្ងៃនេះ8991
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8991
  • ខែនេះ124141
  • ឆ្នាំនេះ124141
  • សរុប20566597