ករណី​យោធា​ស័ក្តិ​៤ រំលោភ​យក​ដី​នៅ​ភូមិ​បា​យ៉ាប នៅតែ​ពុំមាន​ដំណោះស្រាយ​, ជនរងគ្រោះ​សុំ​កិច្ច​អន្តរាគមន៍​ពី​ឯកឧត្តម ជា សុផារ៉ា​

28-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ រហូតមកទល់​ពេលនេះ ករណី​ទំនាស់​ដីធ្លី​មួយកន្លែង ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​ត្រូវបាន​មន្ត្រី​យោធា​ស័ក្តិ​៤​ម្នាក់ នៅ​ខេត្តកោះកុង​ប្រើល្បិច ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធ​មូលដ្ឋាន តាំងពី​ជំនាន់​លោក លី សា​វេត ប្រើ​អំណាច​គាបសង្កត់​គំរាម​ប្លន់​យក​ទំហំ​ដី ដែលជា​កម្មសិទ្ធិ​របស់​លោកយាយ​ម្នាក់ មិនទាន់​ត្រូវបាន​ដោះស្រាយ​ចប់​នៅឡើយ​ទេ​។ គ្រួសារ​ជនរងគ្រោះ មានតែ​សុំ​កិច្ច​អន្តរាគមន៍​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ជួយ​រក​យុត្តិធម៌ និង​បញ្ចប់​បញ្ហា​ដុះ​ស្លែ​មួយ​នេះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ គ្រា​ចូល​ដោះស្រាយ​គ្នា នៅ​មន្ទី​សុរិយោដី​ភ្នំពេញ ត្រូវបាន​មន្ត្រី​យោធា​ឈ្មោះ លី សឹង្ហ បង្ក​ការអុកឡុក​បម្រុង​ប្រើ អំពើហិង្សា​នៅក្នុង​បន្ទប់​សវនាការ ធ្វើ​ឲ្យ​ដំណើរការ​កាត់សេចក្តី​ត្រូវ​រំសាយ ដោយ​គ្មាន​លទ្ធផល​អ្វី​ទាំងអស់​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​គ្រួសារ​ជនរងគ្រោះ លោកយាយ កែវ មុន្នី​ចិន្តា ថ្លែង នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

​លោកយាយ កែវ មុន្នី​ចិន្តា បាន​រៀបរាប់​ឲ្យ​ដឹង​ទៀតថា ករណី​ទំនាស់​ដីធ្លី​ដែល​ត្រូវបាន​មន្ត្រី​យោធា​ស័ក្តិ​៤ ឈ្មោះ លី សឹង្ហ ប្រើ​អំណាច និង​យកឈ្មោះ​អ្នកធំ​មក​គំរាម ឃុបឃិត​គ្នា​ជាមួយ​អាជ្ញា​រធ​មូលដ្ឋាន ភូមិ​បា​យ៉ា​ម​ក្លែងឯក​សា​រំលោភ​ប្លន់​យក​ដី​របស់​ពួកគាត់​នេះ គឺមាន​រយៈពេល​៣​ឆ្នាំ មកហើយ​តែរ​ហូល​មកទល់ពេលនេះ នៅ​ពុំទាន់​មាន​ដំណោះស្រាយ​រក​យុត្តិធម៌ ជួន​ពួកគាត់​ឡើយ​ខណៈ​ឯកសារ​ពួកគាត់ គឺមាន​គ្រប់គ្រាន់​ទាំងអស់​ពោល​រង់ចាំតែ​ទទួល​ប្លង់រឹង តែប៉ុណ្ណោះ​ព្រោះ​បង្កាន់ដៃ​ទទួល​ប្លង់​ក៏មាន​នៅ​ពួកគាត់​ផងដែរ​នោះ​។​
​ជាមួយគ្នានេះដែរ លោកយាយ កែវ មុន្នី​ចិ​ត្តា មាន​អាយុ​៦២​ឆ្នាំ បាន​អះអាង​ប្រាប់​ឲ្យ​ដឹងថា ដី​ទំនាស់​ដែលមាន​ទំហំ​១៣១៨៣​ម៉ែត្រការ៉េ​ខាងលើនេះ គឺ​ប្តី​របស់​ឈ្មោះ​លោកតា សំ ម៉េ​ន បាន​ទិញ​តាំងពី​ឆ្នាំ​១៩៩០​មកម្ល៉េះ ហើយ​បន្ទាប់ពី​គាត់ និង​ប្តី​គឺ​លោកតា​សំ ម៉េ​ន ទិញ​បាន​រយៈពេល​២​ឬ​៣​ឆ្នាំ ក៏​នាំគ្នា​ចាប់ផ្តើម​ចូលមក​រស់នៅ​លើដី​នេះ និង​បានចាប់ផ្តើម​សាងសង់​ធ្វើជា​កន្លែង​អាស្រម​ស​ដើម្បី​ទុកជា​ទីស្ការៈ​គោរពបូជា​ដែលមាន រូបសំណាក់​ព្រះ​ប​ដិ​ម៉ាករ និង​ព្រះ​នរាយ​ជាដើម​….​។​អំឡុងពេល​កំពុង​សាងសង់​ដោយ​មើលឃើញ​ពី​ភាពខ្វះខាត និង​ក្តី​អាណិត​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ឧបត្ថម្ភ​ស៊ីម៉ង់ត៍​ចំនួន​១០០​តោន ដើម្បី​បន្តការងារ​សាងសង់​នៅ​ទីកន្លែង​នោះ​។​

​លោកយាយ កែវ មុន្នី​ចិន្តា បាន​និយាយថា ដី​ទួល​ព្រះ​ជិនស្រី​នេះ​លោកតា សំ ម៉េ​ន ត្រូវជា​ប្តី​របស់គាត់​បាន​ទិញ​ពី​ម្ចាស់​ដើម​ចំនួន​៤​ទៅ​៥​ម្ចាស់ ដែលមាន​លិខិត​ទិញ​លក់​ផ្ទេ​សិទ្ធិ​ត្រឹមត្រូវ និង​មាន​ការដឹង​ឭ​ស៊ី​ញ៉េ ផ្តិតមេដៃ ពី​សំណាក់​លោក​មេភូមិ​ប៉ា​យ៉ាប សព្វថ្ងៃ​ឈ្មោះ មុយ ជា ព្រមទាំង​ម្ចាស់​ដើម និង​មាន​សាក្សី​ដឹង​ឭ​ទៀតផង​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៣​ក្រោយ​ពេលដែល​ប្តី​របស់គាត់​លោកតា សំ ម៉េ​ន ស្លាប់​ក៏ត្រូវ​បាន​ឈ្មោះ លី សឹង ជា​មន្ត្រី​យោធា​សក្តិ​៤ នៅ​ខេត្តកោះកុង ចាប់ផ្តើម​បង្កបញ្ហា​ប្រើ​អំណាច និង​យកឈ្មោះ​អ្នកធំ​មក​គំរាមកំហែង​សំឡុត ចង់បាន​ដី​របស់គាត់​ពាក់កណ្តាល ដោយមាន​ការឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធ​មូលដ្ឋាន ដើម្បី​បាន​កម្មសិទ្ធិ​កាន់កាប់​ដី ខាងលើនេះ​ពាក់កណ្តាល​។​

​លោកយាយ កែវ មុន្នី​ចិន្តា បាន​រៀបរាប់​ទៀតថា បន្ទាប់ពី​ការដោះស្រាយ​នៅត្រឹម​ថ្នាក់ភូមិ​សង្កាត់​មិនបាន​លទ្ធផល​ផ្លែផ្កា​នោះ​ឈ្មោះ លី សឹង ក៏បាន​ប្តឹង​បន្ត​ឡើងទៅ​មន្ទី​សុរិយោដី ដោយមាន​ការចូលរួម​គំនិត ពី​សំណាក់​មេភូមិ​ប៉ា​យ៉ាប​ឈ្មោះ មុយ ជា​ក្នុងការ​បំភ្លៃ​ឯកសា​ខ្លះៗ ដើម្បី​ឲ្យ​ឈ្មោះ លី សឹង​បាន​បន្តធ្វើ​កិច្ចការ​នេះ​។​
​ជា​លទ្ធផល​ក្រោយពី​មាន​បណ្តឹង​ខាង​មន្ទី​សុរិយោដី ក៏​បានចេញ​សេចក្តីសម្រេច​មួយ​ដោយ​កាត់សេចក្តី​ឲ្យ​ឈ្មោះ លី សឹង មាន​សិទ្ធិ​កាន់កាប់​ដី​នេះ​ពាក់កណ្តាល​។ លោកយាយ​បាន​បន្ថែមថា ដោយ​កើតក្តី​មិន​សុខចិត្ត ព្រោះតែ​អំពើ​អយុត្តិធម៌​ដែល​បាន​កាត់សេចក្តី​សម្រេច​ឲ្យ បែងចែក​ទំហំ​ដី​ពាក់កណ្តាល​ទៅ​ឲ្យ​មន្ត្រី​យោធា​ឈ្មោះ លី សឹង ទាំង​បុគ្គល​នេះ គ្មាន​ជាប់​ពាក់ព័ន្ធ​ជា​អ្វី​ជាមួយ​ដី​នេះ​អ្វី​បន្តិច​នោះ ពោល​សូម្បីតែ​ឯ​សា​កម្មសិទ្ធិ​កាន់កាប់ ឬ​ទិញ​ពី​ភាគី​ម្ចាស់​ដើម​ក៏​គ្មាន​ផង​។​
​ដូច្នេះហើយ​ទើប​ក្រុមគ្រួសារ​លោកយាយ បានដាក់​ពាក្យ​ប្តឹង​ជំទាស់​សេចក្តីសម្រេច​នេះហើយ​អំពាវនាវ សុំ​ការជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ពី​ថ្នាក់ដឹកនាំ មេត្តាជួយ​ពិនិត្យ​ជម្រុញ​ឲ្យ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​សើរ​រើ​រឿងនេះ ជាថ្មី​ឡើងវិញ​ព្រោះ​ដី​ខាងលើនេះ ជា​កម្មសិទ្ធិ​ទិញ​ស្រប​ច្បាស់ របស់​គ្រួសារ​គាត់​។ នៅ​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ មិនអាច​ស្វែងរក​ការបំភ្លឺ​តាម​ទូរស័ព្ទ​ពី​លោក លី សឹង្ហ បាន​នៅឡើយ​ទេ​ខណៈ​លេខ​ទូរស័ព្ទ​ត្រូវបាន​បិទ​។ ដោយឡែក​លោក​មេភូមិ​បា​យ៉ាប មុយ ជា ក៏​មិនទាន់​អាច​ស្វែងរក​ការសួរនាំ​បាន​នៅឡើយ​ដែរ​។​

​សូមបញ្ជាក់ថា ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងឱកាស​អញ្ជើញ​ជា​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​សមិទ្ធិផល នានា​នៅ​វត្ត​ឥន្ទកោសិយ ហៅ​វត្ត ចំការ​ម្លូ ស្ថិតនៅ​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​គូសបញ្ជាក់ថា ឱកាស​នៃ​ការរំលោភបំពាន​ដីធ្លី​ពី​សំណាក់​អ្នកមាន​លុយ មានអំណាច​ទៅលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ នឹង ត្រូវ​ចប់​ហើយ​បើទោះបី​មិនទាន់​បញ្ចប់​ទាំងស្រុង​តែ​ក៏​កំពុងតែ​ថមថយ​ជា​បណ្តើរៗ​ហើយ​។​

​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ក៏បាន​ថ្លែង​ព្រមាន​ថា​នឹង​កោះ​កកាយ ឲ្យ​អស់​រាល់​ការរំលោភបំពាន​ដីធ្លី ពី​សំណាក់​អ្នកមានអំណាច ដើម្បី​ស្វែងរក​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​ស្លូតត្រង់ បើទោះបី​អ្នករំលោភ​ដី​ប្រជាពលរដ្ឋ​នោះ មាន​ឋានៈ​បុណ្យ​ស័ក្តិធំ ឬ​ដុះ​ចង្កូម​នៅលើ​ក្បាល​ក៏ដោយ​នោះ​៕

ចំនួនអ្នកទស្សនា

    20568957

  • ថ្ងៃនេះ11351
  • ម្សិលមិញ14181
  • សប្តាហ៍នេះ11351
  • ខែនេះ126501
  • ឆ្នាំនេះ126501
  • សរុប20568957